ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហាមមិនឱ្យយក យានជំនិះស្លាកលេខខ.ម ឬសម្ភារៈយោធា ទៅចូលរួមយុទ្ធនាការ ឃោសនាបោះឆ្នោត

125


ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានណែនាំ មិនត្រូវឱ្យមានការយករថយន្ត សម្លៀកបំពាក់ ឬសម្ភារៈយោធាផ្សេងទៀត ទៅចូលរួមប្រើប្រាស់ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នាពេលខាងមុខនេះ។

តាមរយៈផេកហ្វេសប៊ុកផ្លូវការ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី៣ខែកក្កដា បានឱ្យដឹងថា “សម្តេចពិជ័យសេនា ណែនាំមិនឱ្យប្រើប្រាស់ រថយន្ត សម្លៀកបំពាក់ និងសម្ភារៈយោធា ចូលរួមបម្រើដល់ យុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សនយោបាយឡើយ”។

នៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០១៨ របស់ក្រសួងការពារជាតិ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានមានប្រសាសន៍ណែនាំមិនឱ្យអង្គភាពណាមួយ ប្រើប្រាស់រថយន្តស្លាកលេខខ.ម និងសម្លៀកបំពាក់ សម្ភារៈយោធា ដើម្បីចូលរួមបម្រើឱ្យយុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សនយោបាយឡើយ។

វិធានការ គឺអនុវត្តទៅតាមច្បាប់ ស្តីពីការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត របស់ព្រះរាជាណាចក្រកម្ពុជា។

សម្តេចពិជ័យសេនា បានថ្លែងបញ្ជាក់ថា “យើងគាំទ្រ និងចូលរួមសហការជានិច្ចជាមួយ អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស៊ើបអង្កេត ចាត់វិធានការចំពោះ ក្រុមទុច្ចរិត ដែលធ្វើសកម្មភាពល្មើសច្បាប់ ក្នុងគោលដៅបំផ្លាញដល់ ដំណើរការបោះឆ្នោតនៅកម្ពុជា ខាងមុខនេះ។
ការរៀបចំផែនការ បំផុសព័ត៌មានអវិជ្ជមានញុះញង់ថា ទឹកខ្មៅពលរដ្ឋជ្រលក់ដៃ នៅថ្ងៃបោះឆ្នោត ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ នឹងធ្វើឱ្យអ្នកបោះឆ្នោតបាត់បង់ជីវិត នៅ២៤ម៉ោង ក្រោយពេលជ្រលក់ដៃនោះ គឺជាការញុះញង់បំពានច្បាប់​ និង​ គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ ដែលមិនអាចអត់ឱនបានឡើយ។អាជ្ញាធរ​ សមត្ថកិច្ចពាក់ព័ន្ធកម្ពុជា ​ពេលនេះកំពុង​តែធ្វើ​ការតាមដានអំពីករណីខាងលើ ហើយយើងជឿជាក់ថា លទ្ធផលនឹងបង្ហាញចេញ ក្នុងពេលឆាប់ៗខាងមុខ”។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោត នឹងចាប់ផ្តើមនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដែលមានរយៈពេល២១ថ្ងៃ និងបញ្ចប់នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨៕

អត្ថបទដែលជាប់ទាក់ទង