ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចពិជ័យសេនា ប្រកាសបិទសមយុទ្ធនាគមាស ឆ្នាំ២០១៩

105


ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសមយុទ្ធនាគមាស ឆ្នាំ២០១៩ នៅទីលានហ្វឹកហ្វឹនបាញ់គ្រាប់ពិត កងពលតូចថ្មើរជើងលេខ៧០ ( ជុំគីរី ) នៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត។

នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា​ “លំហាត់នាគមាស ឆ្នាំ២០១៩” រវាងកងទ័ពកម្ពុជា-ចិន នឹងបញ្ចប់ដោយជោគជ័យ តាមផែនការ។ លំហាត់នាគមាស ឆ្នាំ២០១៩ ដែលជាការហ្វឹកហ្វឺនរួមគ្នារវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន កំពុងតែប្រព្រឹត្តទៅយ៉ាងរលូន នៅលើទឹកដីស្រុកជុំគិរី ខេត្តកំពត។ តាមការសន្និដ្ឋាន លំហាត់នាគមាសលើកទី៣ រវាងកងទ័ពប្រទេសទាំងពីរ បញ្ចប់ដោយជោគជ័យ តាមផែនការ នៅ៤ថ្ងៃខាងមុខនេះ។

វិញ្ញាសាជាច្រើន ត្រូវបានអនុវត្តទៅតាមការគ្រោងទុក ដែលក្នុងនោះមានការបាញ់គ្រាប់ពិតជាក់ស្តែង ការវាយលុកចូលតាមខ្សែរីផ្លីង តាមជណ្តើរ ការចល័តវាយប្រហារក្នុងបន្ទប់ ការបាញ់សាកល្បងអាវុធធុនធំ ការហ្វឹកហ្វឺនបោសម្អាតមីន ការបញ្ជារថពាសដែក ការលាងសម្អាតជាតិគីមី ការប្រឆាំងភេរវកម្ម ការរំដោះចំណាប់ខ្មាំងចេញពីជំរុំភេរវករតាមរយៈការសម្រូតខ្លួនពីឧត្ថម្ភគចក្រ ការបាញ់កាំភ្លើងត្បាល់ និងរត់ចូលលេណដ្ឋាន (ទីតាំងប្រយុទ្ធ) ការបាញ់ប្រភេទកាំភ្លើងត្បាល់៦០មីលីម៉ែត្រ ៨២មីលីម៉ែត្រ និង១០០មីលីម៉ែត្រជាដើម។ ជាមួយគ្នានេះកងកម្លាំងនៃភាគីទាំងពីរ ក៏បានហ្វឹកហាត់ជំនាញប្រឆាំងភេរវករ ដោយសកម្មភាពហ្វឹកហាត់នោះលើជំនាញកម្លាំងប្រយុទ្ធ កម្លាំងបម្រើប្រយុទ្ធ ហ្វឹកហាត់បច្ចេកទេសសម្រូតខ្លួនតាមខ្សែពួធំចុះពីឧត្ថម្ភាគច្រក ដើម្បីជួយរំដោះចំណាប់ខ្មាំងពីជុំរុំភេរវករចេញពី អាគារខ្ពស់ៗ និងច្រើនផងដែរ។

នៅមានរបៀបវរៈជាច្រើនទៀតដែលភាគីនៃប្រទេសទាំងពីរ បានយកមកហ្វឹកហាត់រួមគ្នា ក្នុងឆ្នាំនេះ ក្នុងនោះមានដូចជាការ៖ ស៊ើបការណ៍រកភូមិសាស្រ្តដោយយន្តហោះគ្មានមនុស្សបើក(Drone), ការដោះមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, ការដោះគ្រាប់បែកគីមីនិងបន្សាបជាតិគីមី, ប្រតិបត្តិការរំដោះចំណាប់ខ្មាំងដោយឧត្ថម្ភគចក្រ, ឧទ្ធម្ភាគចក្រកំទេចជុំរុំភេរករ និងកិច្ចការមនុស្សធម៌ជាដើម។

លំហាត់ហ្វឹកហ្វឺន មិនមានការគំរាមគំហែងអ្នកណាទាំងអស់ ផ្ទុយទៅវិញ សមយុទ្ធនេះគឺជាការបង្ហាញនូវការចូលរួមថែរក្សា សន្តិសុខក្នុងតំបន់ តាមរយៈការផ្លាស់ប្តូរបទពិសោធគ្នាតែប៉ុណ្ណោះ ជាពិសេសបទពិសោធ ប្រយុទ្ធ ប្រឆាំង អំពើភេវរកម្ម ជួយសង្គ្រោះប្រជាពលរដ្ន ពេលមានគ្រោះមហន្ហរាយធម្មជាតិ ជាដើម។

លំហាត់ហ្វឹកហ្វឺននាគមាសផ្តោតសំខាន់លើប្រធានបទកិច្ចការ មនុស្សធម៌ និងការប្រឆាំងភេវរកម្ម ដែលជាឱកាស សម្រាប់កងទ័ពប្រទេសទាំង២ ត្រូវសិក្សារៀនសូត្រទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពវិជ្ជាជីវៈ សម្រាប់បំពេញភារកិច្ចការពារប្រទេសជាតិ កាន់តែមានប្រសិទ្ធភាព និងខ្លាំងក្លាថែមទៀត។ មិនតែប៉ុណ្ណោះ លំហាត់នាគមាស ឆ្នាំ២០១៩ គឺជាការចូលរួមចំណែកជំរុញទំនាក់ទំនងមិត្តភាព កម្ពុជា-ចិន ឱ្យកាន់តែរឹងមាំខ្លាំងក្លា ជាពិសេសកិច្ចសហប្រតិបត្តិការរវាងកងយោធពលខេមរភូមិន្ទ និង កងទ័ពរំដោះប្រជាជនចិនតែម្តង៕

អត្ថបទដែលជាប់ទាក់ទង