ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋាភិបាលកម្ពុជា បញ្ចេញថវិកា១៥លានដុល្លារ ដើម្បីទិញរថពាសដែក បំពាក់ជូនកងទ័ពរបស់ខ្លួន កំពុងបំពេញការងាររក្សាសន្តិភាព នៅម៉ាលី

80


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីពង្រឹងសមត្ថភាពរបស់នាយទាហានកម្ពុជា ដែលកំពុងបំពេញបេសកកម្ម ក្រោមឆ័តអង្គការសហប្រជាជាតិ (UN) រាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាបញ្ចេញថវិកា១៥លានដុល្លារ ដើម្បីទិញរថពាសដែក បំពាក់ជូនកងទ័ពរបស់ខ្លួន ដែលកំពុងបម្រើការងារការពារសន្តិភាព នៅប្រទេសម៉ាលី ។

ក្នុងឱកាសញ្ជើញចែកសញ្ញាបត្រដល់និស្សិត PPIU នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅវិទ្យាស្ថានជាតិអប់រំ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា តាមពិតកាតព្វកិច្ចនៃការបំពាក់អាវុធ សម្រាប់កងទ័ពកម្ពុជា នៅប្រទេសម៉ាលី រាជរដ្ឋាភិបាលស្នើឲ្យ UN ជាអ្នកទទួលខុសត្រូវ ប៉ុន្តែដោយសារតែ UN កំពុងជួបវិបត្តិថវិកានោះទើប រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចេញលុយ១៥លានដុល្លារ ដើម្បីបំពាក់រថពាសដែក ដល់កងទ័ពកម្ពុជាដែលកំពុងមានតម្រូវការ។

សម្តេចតេជោបានថ្លែងទៀតថា កងទ័ពមួកខៀវរបស់កម្ពុជា ដែលចូលរួមថែរក្សាសន្តិភាព ក្រោមឆ័ត្រ UN នៅពេលបច្ចុប្បន្ននេះ មិនត្រឹមតែជាប្រតិបត្តិការប៉ុណ្ណោះទេ គឺមានឋានៈជាសេនាធិការ ឬជាថ្នាក់ដឹកនាំ ក្នុងបញ្ជាការដ្ឋាននានា របស់អង្គការសហប្រជាជាតិផងដែរ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា “ឥឡូវយើងកំពុងបញ្ច្រាបមន្ត្រីយោធារបស់យើង ទៅក្នុងក្របខណ្ឌនៃអង្គការសហប្រជាជាតិ មិនមែនគ្រាន់តែជាអ្នកប្រតិបត្តិការទេ ប៉ុន្តែយើងទៅនៅក្នុងទីបញ្ជាការ ក្នុងឋានៈជាសេនាធិការ ឬក្នុងឋានៈជាថ្នាក់ដឹកនាំនៅទីកន្លែងនោះ បន្ទាប់ពីសោកនាដកម្ម ដែលបានកើតឡើងលើទាហានរបស់យើង នៅឯអាហ្វ្រិកកណ្តាល។ ខ្ញុំបានស្នើសុំថា សុំឲ្យពង្រឹងសមត្ថភាពទៅលើបញ្ហាទាន់ទិនទៅនឹងសមត្ថភាព របស់នាយសេនាធិការ និងមេបញ្ជាការរបស់អង្គការសហប្រជាជាតិ នៅតាមកន្លែងនានា ព្រោះការរៀបចំកម្លាំងខ្លះ យើងឃើញថាវាចាញ់ប្រៀបគេ តែម្តង ។ នេះមិនមែនមកពីសមត្ថភាពរបស់ទាហានរបស់យើងទេ នេះគឺមកពីសមត្ថភាពរបស់សេនាធិការ អង្គការសហប្រជាជាតិតែម្តង ហើយឥឡូវនេះ បានជាយើង មាននាទាហារបស់យើងនៅតាមទីកន្លែងខ្លះ ។ សម្តេចតេជោ បានបញ្ជាក់ថា អាទិត្យមុននេះ យើងបានចុះហត្ថលេខាបញ្ចេញប្រាក់១៥លានដុល្លារ ព្រោះអង្គការសហប្រជាជាតិតម្រូវការឲ្យបំពាក់ មធ្យោបាយដូចជាជារថពាសដែក ទៅកាន់ប្រទេសម៉ាលី។ ពីមុនកម្ពុជាសុំស្នើឲ្យអង្គការសហប្រជាជាតិ ជាអ្នកដោះស្រាយ ប៉ុន្តែឥឡូវនេះ អង្គការសហប្រជាជាតិកំពុងជួបវិបត្តិថវិកាទៀត អ៊ីចឹងបន្ទុកនេះ យើងមិនដកកងទ័ពរបស់យើងចេញ ដោយខ្វះការទទួលខុសត្រូវទេ ហើយយើងក៏មិនទុកឲ្យកងទ័ពរបស់យើងដៃទទេដែរ ត្រូវមានរថពាសដែកការពារខ្លួន អ៊ីចឹងបានចុះហត្ថលេខាដើម្បីបញ្ចេញថវិកា សម្រាប់ការទិញនូវរថពាសដែកបញ្ជូនទៅប្រទេសម៉ាលី មិនមែនត្រឹមតែការដោះស្រាយក្នុងស្រុងទេ អាវុធយុទ្ធភ័ណ្ឌការពារប្រទេស នៅក្នុងប្រទេសមានហើយ ប៉ុន្តែឥឡូវនេះតម្រូវការរបស់អង្គការសហប្រជាជាតិ ហើយយើងត្រូវចូលរួម នូវប្រតិបត្តិការបែបនេះ ។ នៅពេលខាងមុខនេះ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងចេញទៅប្រជុំ នៅឯទីស្នាក់របស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ជាមួយនឹងអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាមួយបណ្តាប្រទេសផ្សេងៗ ដែលបានបរិច្ចាគកម្លាំង ទៅក្នុងប្រតិបត្តិការរក្សាសន្តិភាព”។

សម្តេចបន្ថែមថា “គ្រាន់តែចំណុចមួយនេះ អាចសន្និដ្ឋានបានថាកម្ពុជា កម្ពុជាបានចូលរួមក្នុងការរក្សាសន្តិភាពពិភពលោក ហើយសមត្ថភាពរបស់កម្ពុជា មិនថយ​ មិនអន់នោះទេ ។ ចំណុចនេះ បានបង្ហាញថា កម្ពុជាមិនមែនគ្រាន់តែ ដោះស្រាយបញ្ហាផ្ទាល់ខ្លួននោះទេ គឺត្រូវមានការរួមចំណែក ហើយនឹងត្រូវការធ្វើការប្រកួតប្រជែងទៅលើបញ្ហាសមត្ថភាព”។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦មកដល់ ខែមករា ឆ្នាំ២០១៩ កម្ពុជាបានបញ្ជូនកម្លាំង ចំនួនសរុបប្រមាណ ជាង៥៧៨៣នាក់ហើយ ក្នុងនោះមានស្ត្រីចំនួន២៧៧នាក់ ទៅចូលរួមបេសកកម្ម របស់អង្គការសហប្រជាជាតិ ខណៈបច្ចុប្បន្នកម្ពុជា មានកម្លាំងចំនួនប្រមាណ១០០០នាក់ ដែលកំពុងបំពេញបេសកកម្ម នៅប្រទេសចំនួន៤ រួមមាន៖ សាធារណរដ្ឋ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់ និងម៉ាលី។ កម្លាំងមួកខៀវទាំងអស់នេះ ដែលធ្វើឱ្យប្រទេសកម្ពុជា ក្លាយទៅជាប្រទេសបរិច្ចាគកម្លាំងរក្សាសន្តិភាពច្រើនជាងគេ ក្នុងតំបន់អាស៊ាន៕

អត្ថបទដែលជាប់ទាក់ទង