ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីក្រសួងកសិកម្ម ព្រមានមន្ត្រីពេទ្យសត្វ ករណីថ្លោះថ្លោយ ជ្រូកខុសច្បាប់ ដែលមានជំងឺប៉េស្តជ្រូកអាហ្រ្វិក ចូលពីប្រទេសជិតខាង

166


ភ្នំពេញ៖ លោករដ្ឋមន្រ្តីក្រសួងកសិកម្ម បានបញ្ជាក់ថា យោងលើស្ថានភាពនៃជំងឺប៉េស្តជ្រូកអាហ្រ្វិក ដែលកំពុងរាលដាល នៅប្រទេសជិតខាង នាពេលបច្ចុប្បន្ន មន្ត្រីពេទ្យសត្វទាំងអស់ ជាពិសេសបណ្តាលខេត្ត ដែលជាប់ព្រំប្រទល់ នឹងប្រទេសជិតខាង ត្រូវបង្កើនការយកចិត្តទុកដាក់ ទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ពីប្រទេសជិតខាង ក្នុងករណីថ្លោះថ្លោយ ដោយប្រការណាមួយ ប្រធានមន្ទីរ ជាប្រធានការិយាល័យពេទ្យសត្វ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

នារសៀលថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានរៀបចំពិធីបិទកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៨-២០១៩ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៩-២០២០ ក្រោមអធិបតិភាពលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

ជាមួយនឹងសមិទ្ធផលដែលមន្ទីរសម្រេចបានជាវិជ្ជមាននេះលោករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា យើងព្រមទទួលយកថា ការអនុវត្តការងារកន្លងមក ពិតជានៅមានភាពខ្វះខាត ឆកល្វែង និងមានបញ្ហាមួយចំនួ ដែលទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធរួបរួមគ្នា ជាឯកច្ឆធ្វើការដោះស្រាយបញ្ហាទាំងនោះ ឲ្យបានទាន់ពេលវេលា ទូលំទូលាយ និងមានប្រសិទ្ធភាពស្របតាមឆន្ទ: របស់ប្រជាពលរដ្ឋ ក៏ដូចជាក្រសួង និងជាពិសេសរបស់រាជរដ្ឋាភិបាល។ ដើម្បីឲ្យផែនការអនុវត្តការងារឆ្នាំ២០១៩-២០២០ ទទួលបានលទ្ធផលល្អប្រសើរ និងឆ្លើយតបតម្រូវការស្បៀង ដែលចេះតែមានការកើនឡើង ជាលំដាប់ទាំងបរិមាណ គុណភាព អនាម័យ និងសុវត្ថិភាពសម្រាប់ទីផ្សារក្នុងខេត្ត ក៏ដូចជារាជធានីភ្នំពេញ និងឈានទៅធ្វើការកាត់បន្ថយការនាំចូល
លោករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ជាគន្លឹះ ឬជាត្រីវិស័យ សម្រាប់ថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីក្រោមឱវាទ យកទៅអនុវត្ត ឲ្យទទួលបានជោគជ័យ ក្នុងនោះមានដូចតទៅ៖ ទី១. ត្រូវបន្តលើកម្ពស់ផលិតភាពផលិតកម្មកសិកម្ម ពិពិធភាវូបនីយកម្ម និងការធ្វើពាណិជ្ជកម្មក្នុងវិស័យកសិកម្ម តាមរយៈការបង្វែរទិសដៅពីការអភិវឌ្ឍន៍តាមបែប វិបុលវប្បកម្មទៅកាន់ការអភិវឌ្ឍន៍តាមបែបប្រពលវប្បកម្ម ដើម្បីបង្កើនទិន្នផល ធានាគុណភាព សន្តិសុខស្បៀង បង្កើនប្រាក់ចំណូល និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ ទី២. បន្តផ្ទេរបច្ចេកទេសទំនើប សមស្របតាមដំណាំស្រូវ បន្លែ សត្វ វារីវប្បកម្ម ធាតុចូលកសិកម្មផ្សេងៗ ឲ្យសមស្របតាមគុណភាពដី ប្រភេទដំណាំ ប្រភពទឹក និងការប្រែប្រួលអាកាសធាតុ។ ទី៣. ត្រូវបន្តផ្សព្វផ្សាយ និងលើកទឹកចិត្តឲ្យអនុវត្ត ប្រព័ន្ធផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីលើកកម្ពស់គុណភាព កសិផលប្រកបដោយការប្រកួតប្រជែង ធានាសុខុមាលភាពសាធារណៈ អនុវត្តកសិកម្មល្អដោយភាពវៃឆ្លាត និងបង្កើនការផ្តល់សេវាព័ត៌មាន ទីផ្សារកសិកម្មឲ្យកាន់តែទូលាយ និងទាន់ពេលវេលា។ ទី៤. ត្រូវសហការជាមួយមន្ទីរពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីចាត់វិធានការទប់ស្កាត់ និងបង្រ្កាបឲ្យទាន់ពេលវេលា នូវការនាំចូលសត្វ និងសាច់សត្វ បទល្មើសព្រៃឈើ ជលផល និងសម្ភារកសិកម្មខុសច្បាប់។ ត្រង់ចំណុចនេះ លោកបានសង្កត់ធ្ងន់ថា យោងលើស្ថានភាពនៃជំងឺប៉េស្តជ្រូកអាហ្រ្វិក ដែលកំពុងរាលដាល នៅប្រទេសជិតខាងនាពេលបច្ចុប្បន្ន មន្ត្រីពេទ្យសត្វទាំងអស់ ជាពិសេសបណ្តាលខេត្ត ដែលជាប់ព្រំប្រទល់ និងប្រទេសជិតខាង ត្រូវបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់ ការនាំចូលជ្រូកខុសច្បាប់ ពីប្រទេសជិតខាង ក្នុងករណីថ្លោះថ្លោយ ដោយប្រការណាមួយ ប្រធានមន្ទីរ ជាប្រធានការិយាល័យពេទ្យសត្វ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ទី៥. ពង្រឹងសាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់អនុវត្តភារកិច្ចក្នុងស្មារតីទទួលខុសត្រូវ ធានាបានប្រសិទ្ធភាពខ្ពស់ ដោយអនុលោមតាមក្រមសីលធម៌ និងសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។ ត្រូវគ្រប់គ្រង មើលថែរក្សាទ្រព្យសម្បត្តិរដ្ឋឲ្យបានគង់វង្សល្អ និងត្រូវពង្រឹងប្រសិទ្ធភាពការផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ។ ទី៦. តាមដានសភាពការណ៍ប្រចាំថ្ងៃ ជាពិសេសយោបល់របស់ប្រជាជន និងបញ្ហាប្រឈមផ្សេងៗទៀត ដើម្បីតាមដានស្ថានការណ៍ ឬសភាពការណ៍ទាំងនយោបាយ សង្គម សេដ្ឋកិច្ច និងបច្ចេកទេស ហើយគួរមានបណ្តាញ ទទួលនូវព័ត៌មាន និងសំណូមពររបស់សហគមន៍ សង្គមស៊ីវិលនិងដៃគូទាំងអស់ ដើម្បីយកមកពិនិត្យ និងដោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ទី៧. បង្កើនការយកចិត្តទុកដាក់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលថាមន្រ្តីត្រូវបន្តចុះជួយ ប្រជាពលរដ្ឋដោយស្មោះត្រង់ មានភាពទទួលខុសត្រូវខ្ពស់ ឲ្យបានទូលំទូលាយ៕

អត្ថបទដែលជាប់ទាក់ទង