ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉េអឹមស័ក្តិ៤ កូនប្រុសមេអាវុធខេត្តក្រចេះ ត្រូវតុលាការចេញដីកាឃុំខ្លួន

99

(កំពង់ចាម)៖ មន្ដ្រីអាវុធហត្ថឈ្មោះ សាន្ដ សុខុម ដែលជាកូនប្រុសមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ត្រូវបានចៅក្រមតុលាការចេញដីកាសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ ក្រោមការចោទប្រកាន់ពីបទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយគំរាមកំហែងនឹងអាវុធ។

បើយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់លោកនៅយ៉ារ័ត្នចៅក្រម ស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ជននេះត្រូវដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយគំរាមកំហែងនឹងអាវុធនិងប្រើប្រាស់អាវុធ ដោយគ្មានការអនុញ្ញាត កាលពីថ្ងៃទី 18 ខែមិនាឆ្នាំ 2019 តាមមាត្រា 218 នៃក្រមព្រហ្មទណ្ឌ និងមាត្រា 20 នៃច្បាប់ ស្ដីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះនិងគ្រាប់រំសេវ។ បើតាមលោកចៅក្រមយកឃើញថា ការឃុំខ្លួនបណ្ដោះអាសន្នមានសារៈសំខាន់ដើម្បីបង្ការរាល់ការដាក់សម្ពាធលើសាក្សី និងមានភាពចាំបាច់ ដើម្បីធានារក្សា វត្តមាន ជនត្រូវចោទសម្រាប់ ដំណើរការស្វែងរកយុត្តិធម៌ និងដើម្បី រក្សាសណ្ដាប់ធ្នាប់សាធារណៈ និងដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួនរបស់ជននេះ ។ លោកចៅក្រមក៏បានសម្រេច បង្គាប់ឲ្យឃុំខ្លួន ឈ្មោះសាំងសុខុមជាបណ្ដោះអាសន្ននៅពន្ធនាគារខេត្តកំពង់ចាមតាមនីតិវិធីច្បាប់បង្គាប់ឲ្យប្រធានពន្ធនាគារខេត្តកំពង់ចាមអនុវត្តដីកានេះឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

សូមបញ្ជាក់ថា កាលពីរសៀលម្សិលមិញ មន្រ្តីអាវុធហត្ថ សាន្ត សុខុម បានចេញមកបង្ហាញមុខ នៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីទទួលទោសរបស់ខ្លួន ដែលបានប្រព្រឹត្តទៅលើយុវជន ទាំង២នាក់នោះ ហើយត្រូវបានបញ្ជូនខ្លួនបន្ដទៅតុលាការ ដើម្បីបន្ដការសួរនាំ។ តំណាងអយ្យការ នៃសាលាដំបូងខេត្តកំពង់ចាម បានសម្រេចចោទប្រកាន់ កូនប្រុសមេបញ្ជាការអាវុធ ខេត្តក្រចេះចំនួន២ បទល្មើស ក្នុងនោះមានបទ «ហិង្សាដោយចេតនាមានស្ថានភាពទម្ងន់ទោស ដោយគំរាមកំហែង និងអាវុធ និងប្រើប្រាស់អាវុធខុសច្បាប់»។
បើតាមមន្រ្តីអាវុធហត្ថ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ជាអ្នកនាំកូនប្រុសរបស់ខ្លួន យកមកប្រគល់ជូនអាវុធហត្ថ ខេត្តកំពង់ចាម ដើម្បីទទួលទោសកំហុសទាំងនេះ ហើយលោកបានព្យាយាមទាក់ទងកូន រហូតបាននាំខ្លួនមកប្រគល់ជូនសមត្ថកិច្ចអាវុធហត្ថខេត្តកំពង់ចាមនៅពេលនេះតែម្តង។
កាលពីព្រឹកម្សិលមិញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ព្រមានថា មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន នឹងប្រឈមមុខបាត់បង់តំណែង តួនាទីរបស់ខ្លួន ប្រសិនបើមិននាំកូនប្រុសឈ្មោះ សាន្ត សុខុម ជាមន្ត្រីអាវុធហត្ថដែរនោះ ចូលខ្លួនដោះស្រាយបញ្ហាជុំវិញការប្រើហិង្សាលើយុវជនពីរនាក់នៅក្នុងខេត្តកំពង់ចាមទេនោះ។
កូនប្រុសលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន គឺលោក សាន្ត សុខុម ដែលជាមន្ត្រីអាវុធហត្ថខេត្តក្រចេះពាក់ស័ក្តិ៤ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ បានប្រើហិង្សាដោយដាល់ និងឡើងជង្គង់ទៅលើយុវជនពីរនាក់នៅកន្លែងលេងអ៉ីនធើណេតមួយកន្លែងក្នុងខេត្តកំពង់ចាម។ ក្រៅពីដាល់ និងឡើងជង្គង់ហើយមន្ត្រីអាវុធហត្ថរូបនេះ ថែមទាំងបានដកកាំភ្លើងភ្ជង់ លើយុវជនពីររូបនោះថែមទៀតផង។
ក្រោយទទួលបណ្តឹងពីយុវជនរងគ្រោះឈ្មោះ វ៉ាន់ ចាន់អទិច្ចបញ្ញា និងឈ្មោះ យ៉េ ចិន្តា ហើយនោះ លោក ហាក់ ហ៊ន់ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ម្សិលមិញ បានចេញដីកាឲ្យកូនប្រុសមេបញ្ជាការអាវុធហត្ថខេត្តក្រចេះឈ្មោះ សាន្ត សុខុម ចូលខ្លួននៅមុខអយ្យការឲ្យបានមុនថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ដើម្បីដោះស្រាយបញ្ហាប្រើអំពើហិង្សានេះ។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកឲ្យមន្ត្រីអាវុធហត្ថរូបនេះចូលខ្លួនដោះស្រាយបញ្ហា បើមិនដូច្នោះឪពុករបស់គេដែលជាមេបញ្ជាការអាវុធហត្ថ ខេត្តក្រចេះក៏ប្រឈមការអស់តួនាទី និងតំណែងផងដែរ។

នៅថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៩ ក្នុងពេលដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញ ចែកសញ្ញាប័ត្រដល់និស្សិតនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅវិទ្យាស្ថានជាតិអប់រំ ព្រឹកមិញនេះ សម្តេចតេជោ បានមានប្រសាសន៍អំពីករណីកូនមន្រ្តីប៉េអ៊ឹមខេត្តក្រចេះដកកាំភ្លើងភ្ជង់គេ និងកូនមន្រ្តីប៉ូលីសចូលរួមក្នុងអំពើបាញ់ប្រហារសម្លាប់មនុស្ស។

សម្តេចតេជោបានបង្ហើបអោយដឹងថា ថ្មីនេះមានកូនប៉េអ៊ឹមខេត្តក្រចេះម្នាក់បានដកកាំភ្លើងភ្ជង់គេនៅខេត្តកំពង់ចាម ហើយបានគេចខ្លួនមិនមកតាមការកោះហៅរបស់ព្រះរាជអាជ្ញា។ សម្តេចតេជោសួរថា “តើកូនបានកាំភ្លើងមកពីណា? តើវាមានសិទ្ឋិកាន់កាំភ្លើងទេ? បើស្រឡាញ់កូនពេក មិនអោយកូនមកតាមច្បាប់ អ្នកនឹងអស់ស័ក្តិ ហើយបណ្តេញចោល”។

មានករណីបាញ់សម្លាប់មនុស្សមួយទៀតដោយមនុស្ស២នាក់ ដែលម្នាក់ត្រូវបានចាប់ខ្លួនហើយ គឺនៅសល់ម្នាក់ទៀតកំពុងគេចខ្លួន។ ប្រតិបត្តិការប្រដាប់អាវុធ (ការពារខ្លួន) កាត់ក្តីដោយយកអាវុធបាញ់សម្លាប់មនុស្ស គឺមិនមែនជាអំពើល្អទេ។ នៅពេលដែលចាប់ខ្លួនជនសង្ស័យបានហើយ គ្នាបានលើកដៃសំពះអង្វរហើយ ហើយក៏គ្មានអាវុធនឹងខ្លួនទៀត គឺត្រូវបានជន២នាក់បាញ់សម្លាប់ជាច្រើនគ្រាប់ ដែលក្នុងនោះក៏មានកូនមេប៉ូលីសចូលរួមដែរ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ច្បាស់ៗថា “គឺត្រូវតែតាមរកកូនអោយឃើញ បើមិនអញ្ចឹងទេ គឺទៅទាំងមេប៉ូលីស”។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍រំឮកច្បាស់ៗថា “មិនថាអ្នកឯងមានអំណាចប៉ុណ្ណា ធាតុជាមនុស្សត្រូវមានគុណធម៍ និងសីលធម៍ក្នុងខ្លួន៕

អត្ថបទដែលជាប់ទាក់ទង