ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដើម្បីបង្កើតភាពងាយស្រួល ដល់កម្មករ អាចជិះរថយន្តក្រុង ដោយមិនគិតថ្លៃ

168


កណ្តាល៖សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីបង្កើតភាពងាយស្រួលដល់កម្មករ ដែលបានធ្វើការនៅទីនេះ អាចជិះរថយន្តក្រុង ដោយមិនគិតថ្លៃ ហើយក្នុងពេលឆាប់ៗខាងមុខនេះ សេវាកម្មរថយន្តក្រុង នឹងពង្រីកផងដែរ នៅតាមបណ្តា ជាយក្រុងជាបន្តបន្ទាប់ទៀត ដូចជាទៅតំបន់ក្រុងតាខ្មៅជាដើម។

នៅព្រឹកថ្ងៃពុធ ទី៤ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករកម្មការិនីសរុបប្រមាណ២៧៤២៧នាក់ មកពីរោងចក្រចំនួន១៨ នៅក្នុងខេត្តកណ្តាល។

រោងចក្រ សហគ្រាសទាំង១៨ ដែលបានចូលរួមនៅថ្ងៃនេះគឺវិនិយោគដោយជនជាតិចិនចំនួន ១៣រោងចក្រ, វិនិយោគដោយជនជាតិកូរ៉េ២រោងចក្រ, វិនិយោគដោយជនជាតិសឹង្ហបុរី ១រោងចក្រ, វិនិយោគដោយថៃ ១រោងចក្រ និងវិនិយោគដោយជនជាតិខ្មែរ ១រោងចក្រ។ រោងចក្រទាំង១៨នេះ មានរោងចក្រកាត់សម្លៀកបំពាក់ចំនួន១២ ផលិតស្បែកជើងចំនួន២, ផលិតកាបូបចំនួន២, ផលិតចំណីសត្វចំនួន១និងផលិតកេសកាតុងចំនួន១ហើយផលិតផលដែលផលិតដោយរោងចក្រទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសផងដែរ។

សម្តេចតេជោ ក៏បានអរគុណម្ចាស់រោងចក្រទាំងអស់ ដែលបានអនុញ្ញាតឲ្យកូនក្មួយ កម្មករបានឈប់សំរាកនៅល្ងាចថ្ងៃនេះ ដោយមានប្រាក់ឈ្នួលពេញដែលនេះ ដែលបង្ហាញពីក្តីស្រឡាញ់ និងយកចិត្តទុកដាក់ ព្រមទាំងសាមគ្គីភាពរវាងកម្មករ និងម្ចាស់រោងចក្រ។

ក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ថ្មីៗនេះសាលារាជធានីភ្នំពេញបានបន្ថែម រថយន្តក្រុងថែមទៀត ដើម្បីប្រើប្រាស់សម្រាប់ដឹក បងប្អូនប្រជាពលរដ្ឋនិងកូនក្មួយកម្មករ ជាពិសេសសាលារាជធានីភ្នំពេញ បានពង្រីងការដឹកជញ្ជូន មកដល់តំបន់នៃស្រុកអង្គស្នួលនេះផងដែរ ដើម្បីបង្កើតភាពងាយស្រួល ដល់កូនក្មួយកម្មករ ដែលបានធ្វើការនៅទីនេះ អាចជិះរថយន្តក្រុងដោយមិនគិតថ្លៃ(Free) ហើយក្នុងពេលឆាប់ៗខាងមុខនេះ សេវាកម្មរថយន្តក្រុង នឹងពង្រីកផងដែរ នៅតាមបណ្តា ជាយក្រុងជាបន្តបន្ទាប់ទៀត ដូចជា ទៅតំបន់ក្រុងតាខ្មៅជាដើម។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបន្តសួរសុខទុក្ខ និងផ្តល់ថវិកាមួយចំនួនដោយផ្ទាល់ដៃឧបត្ថម្ភ ដល់កូនក្មួយស្ត្រីកម្មការិនីមានផ្ទៃពោះចំនួន ១៣៤៧នាក់ ក្នុងនោះក៏មានកម្មការិនី មានផ្ទៃពោះម្នាក់ដែលមានកូនភ្លោះ៣នាក់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន នឹងបន្តខិតខំដោះស្រាយបញ្ហា ជាច្រើនទៀតជូនកូនក្មួយកម្មករ។ ការតម្លើងប្រាក់ខែ គឺនឹងតម្លើងនៅរៀងរាល់ឆ្នាំ។ សម្តេចតេជោនឹងបន្តអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល ជាមួយបងប្អូនកម្មករ នៅទូទាំងប្រទេស ក្រោយពីបោះឆ្នោតហើយ ប្រសិនបើគណបក្សប្រជាជនឈ្នះឆ្នោតនៅថ្ងៃទី ២៩ កក្កដា ២០១៨ នេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ បញ្ជាក់ពីការវិឌ្ឍន៍រីកចម្រើន របស់ប្រទេសកម្ពុជា ដែលបានខិតខំអភិវឌ្ឍន៍ តាំងពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍន៍ រីកចម្រើនលូតលាស់ មកដល់សព្វថ្ងៃនេះ។ តាមរយៈចក្ខុវិស័យ និងនយោបាយច្បាស់លាស់ របស់រាជរដ្ឋាភិបាល គឺបានប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យម កម្រិតទាប ចាប់តាំអពីឆ្នាំ២០១៥ មកម៉្លេះ។ ហើយនៅពេលខាងមុខនេះ គឺទិសដៅរាជរដ្ឋាភិបាល នឹងជំរុញការអភិវឌ្ឍប្រទេស ជាមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងមានមហិច្ឆតា ក្លាយជាប្រទេស ដែលមានប្រាក់ចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តថា នៅពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញគោលនយោបាយ ឧស្សាហកម្ម ២០១៥-២០២៥ ដែលគោលនយោបាយមួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលអភិឌ្ឍនវិស័យកសិកម្ម កសិឧស្សាហកម្ម សេវាកម្ម និងទេចរណ៍ផងដែរ ដោយវិស័យទាំងអស់នេះ ក៏បានចូលរួមចំណែក យ៉ាងសំខាន់ក្នុងការជំរុញ កំណើនសេដ្ឋកិច្ចជាតិ និងផ្តល់ការងារឲ្យប្រជាពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ មានរោងចក្រចំនួន ១១៥១ រោងចក្រ គឺគិតត្រឹមតែរោងចក្រកាត់ដេរ សម្លៀកបំពាក់ និងកាត់ស្បែកជើង តែប៉ុណ្ណោះ ដោយមិនបានរាប់ បញ្ចូលនូវរោងចក្រ សហគ្រា និងសេវាកម្មនានា រាប់ម៉ឺនផ្សេងទៀតនោះឡើយ។ ទន្ទឹមនឹងនេះ បច្ចុប្បន្ន ក៏មានកម្មករធ្វើការប្រមាណ៨៣ម៉ឺននាក់ផងដែរ ជាមួយនឹងប្រាក់ឈ្នួល មានការកើនឡើងជាបន្តបន្ទាប់ផងដែរ គឺចាប់ពីដើមឆ្នាំ២០១៨ កន្លងមក បា្រក់់ខែគោល របស់កម្មករគឺ១៧០ ដុល្លារអាមេរិក បូករួមនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត គឺច្រើនជាង ២០០ ដុល្លារ។

ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី ចង់ឲ្យរោងចក្រទាំងអស់ ដែលបានវិនិយោគនៅក្នុង ប្រទេសកម្ពុជា គឺក្លាយទៅជាសហគមន៍ ដ៏សុខសាន្តមួយ។ ជាមួយគ្នានេះ ម្ចាស់រោងចក្រត្រូវមានការ គោរពស្រឡាញ់គិតគូ និងយកចិត្តទុក្ខដាក់ឲ្យបាន ដិតដល់ចំពោះកម្មករ ហើយកម្មករវិញត្រូវ ខិតខំបំពេញតួនាទី ការងារឲ្យបានល្អត្រឡប់ទៅវិញ ដើម្បីបង្កើតបានជាសាមគ្គីភាពរវាងម្ចាស់រោងចក្រ និងកម្មករ។ ទន្ទឹមនឹងនេះម្ចាស់រោងចក្រ ត្រូវខិតខំកសាងបន្ថែមទៀត នូវអ្វីដែលខ្វះខាត នៅតាមរោងចក្រខ្លួនដូចជា គិលានដ្ឋាន កន្លែងទទួលទានអាហារ ដើម្បីបង្កភាពងាយស្រួលដល់កម្មករពេល ទទួលទានអាហារ និងនៅពេលសង្រ្គោះបន្ទាន់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បន្តដាក់ចេញនូវសារសំខាន់ៗ ៩ចំណុច ដើម្បីឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព ត្រូវអនុវត្តប្រាក់ខែអប្បបរិមា ១៧០ ដុល្លារ ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០១៨ តទៅ។ ត្រូវអនុវត្តការចុះពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋ ចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករកម្មការិនីរោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តដូចគ្នាជា ពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើអោយបានម៉ត់ចត់ ជាដើម៕

អត្ថបទដែលជាប់ទាក់ទង