ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាកបាទក្រហមកម្ពុជា​ ចូលរួមរំលែកទុក្ខគ្រួសារ​សព​និស្សិតស្រីរៀនអាហារូបករណ៍ឆ្នាំទី៤ រងគ្រោះដោយសាររថយន្ត​ Range Rover បុកស្លាប់​

80

(កណ្តាល) ៖ នៅព្រឹកថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៩ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាក​បាទ​ក្រហមកម្ពុជា​ បានចាត់ឱ្យឯកឧត្តម វេជ្ជ. អ៊ុយ សំអាត នាយក​នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា​ ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ​ជាមួយក្រុមគ្រួសារសពកញ្ញា ឌុំ រីដា អាយុ ២២ឆ្នាំ ជានិស្សិតអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យអន្ដរជាតិ ផារ៉ាហ្គន (អតីតហ្សាម៉ាន់) ផ្នែកវិទ្យាសាស្ដ្រនយោបាយ ឆ្នាំទី៤ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ដោយសាររថយន្ត​ Range Rover បុកបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ ស្ថិតនៅតាមផ្លូវលេខ ៣១៧ កែង ៥២៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលពេលនេះ​សពជនរងគ្រោះត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើតស្ថិតនៅភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។

ក្នុងឱកាសដ៏សោកសង្រេងនេះ កាកបាទក្រហមកម្ពុជា​ ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយ​ក្រុមគ្រួសារសព ដែលត្រូវបាត់បង់កូនស្រី​ និងជាសាច់ញាតិជាទីស្រឡាញ់​ទាំងវ័យក្មេង​ ព្រមទាំងជាការបាត់បង់ធនធានមនុស្សដ៏ឆ្នើមរៀនពូកែមួយរូប និងសូមឧទ្ទិសដល់វិញ្ញានក្ខន្ធសពកញ្ញា​ ឌុំ​ រីដា​ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ក្រុមគ្រួសារសពបានសំដែងក្តីរំភើប​ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរ ចូលរួមរំលែកទុក្ខ​ និងជួយឧបត្ថម្ភ​សម្រាលការលំបាកក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ។ ​

សូមបញ្ជាក់ថាសម្ភារដែលចូលបុណ្យរួមមាន​ ៖ អង្ករ ១០០គីឡូក្រាម ត្រីខ ៥០កំប៉ុង​ មី ៥កេស ទឹកក្រូច​ ៥កេស​ និងបច្ច័យមួយចំនួន៕

អត្ថបទដែលជាប់ទាក់ទង