ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មាននិស្ស័យជាមួយនឹងគុក បានចូលជាលើកទី 3 សម្រេចហើយ

72


ខេត្តកណ្តាល៖ សេនាធិការ នគរបាលស្រុកស្អាង បានឲ្យដឹងថា ករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)នគរបាលបានឃាត់ជនសង្ស័យម្នាក់ ដែលជនសង្ស័យរូបនោះធ្លាប់ជាប់ពន្ធនាគារចំនួន២លើករួចមកហើយ ហើយម្តងនេះជាលើកទី៣។ កើតហេតុ នៅថ្ងៃ ពុធ ០៧រោច ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែ មីនា ឆ្នាំ២០១៩ វេលាម៉ោង ១៧និង០០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ ប៉ាន់ ប៊ុនហៀង ហៅជ្រូក ស្ថិតក្នុងភូមិ ព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យ ឈ្មោះ ប៉ាន់ ប៊ុនហៀង ហៅ ជ្រូក ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ ព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
ជនសង្ស័យនេះ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន ២លើក ៖ – លើកទី១ បទល្មើស ប្រើប្រាស់គ្រឿងញៀន កាលពីឆ្នាំ២០០២ ជាប់រយៈពេល១ខែ៣ថ្ងៃ ។ លើកទី:២ បទល្មើស ប៉ុនប៉ងមនុស្សឃាតដោយចេតនា កាលពីឆ្នាំ ២០០៨ ជាប់រយៈពេល ១១ឆ្នាំ) ដោះលែង(២៦.១១.២០១៨)។ វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យថា ជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០១កញ្ចប់តូច និងសម្ភារសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ។

នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ។ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល បានចុះដល់ចំណុចកើតហេតុ ។
ដោយមានការចូលរួមពីលោកក្រុមប្រឹក្សាឃុំ , លោកមេភូមិព្រែកតាជ័រ សមត្ថកិច្ចនគរបាល បានបន្តធ្វើការត្រួតពិនិត្យឆែកឆេរលំនៅដ្ឋានឈ្មោះ ប៉ាន់ ប៊ុនហៀង ហៅ ជ្រូក រកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ១កញ្ចប់តូចនិងសម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន រួចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះប៉ាន់ ប៊ុនហៀង ហៅជ្រូកបានសារភាពថា គ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់តូចពិតជារបស់ខ្លួនទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះនៅម្ដុំបឹងត្របែក រាជធានីភ្នំពេញ តម្លៃ២ម៉ឺនរៀលនៅថ្ងៃទី២៦មីនា២០១៩ ដើម្បីយកមកប្រើប្រាស់(ជក់)និង ឧបករណ៍វេចខ្ចប់នេះ ជារបស់ខ្លួនពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង តាមបញ្ជាលោកលាវ ស្រេង ព្រះរាជអាជ្ញាសាលាដំបូងខេត្ដកណ្ដាល នៅវេលាម៉ោង១៧និង១៣នាទីថ្ងៃទី២៧ខែមីនាឆ្នាំ២០១៩ ដើម្បីយកបន្ដអនុវត្ដតាមនីតិវីធី ៕

អត្ថបទដែលជាប់ទាក់ទង