ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានទូតកម្ពុជា អរគុណវិទ្យុអាស៊ីសេរី ផ្សាយពីការផ្តល់សេវាដល់ពលករខ្មែរ នៅប្រទេសថៃ តែប្រាសចាកពីការពិត

328


ភ្នំពេញ ៖ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសថា យោងតាមការចាក់ផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA) កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងការផ្តល់សេវាផ្សេងៗ ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការប្រទេសថៃ គឺភាគច្រើនប្រាសចាកពីការពិត។

សេចក្តីប្រកាសរបស់ស្ថានទូតកម្ពជា ប្រចាំព្រះរាជាណាចក្រថៃ បានបញ្ជាក់ថា យោងតាមការចាក់ផ្សាយរបស់វិទ្យុអាស៊ីសេរី ពាក់ព័ន្ធនឹងការផ្តល់សេវាផ្សេងៗដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ មានកិត្តិយសសូមជម្រាបជូន ដល់សាធារណជន ជាពិសេសបងប្អូនពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ មេត្តាជ្រាបថា ស្ថានទូតសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ដល់វិទ្យុអាស៊ីសេរី ដែលបានទទួលស្គាល់ថា ស្ថានទូតផ្តល់សេវាជូន ដល់ពលករ រហូតដល់ម៉ោង១០យប់ ក៏ប៉ុន្តែព័ត៌មានភាគច្រើន គឺប្រាកចាកពីការពិត។

ជាមួយគ្នាផងដែរ ស្ថានទូតក៏បានថា កន្លងមកស្ថានទូត បានយកចិត្តទុកដាក់ដល់ពលករកម្ពុជា ដោយបានជួយសម្រួល និងដោះស្រាយបញ្ហានានា របស់បងប្អូនពលករដូចជា៖ ១៖ រៀបចំទីតាំងដែលមានម៉ាស៊ីនត្រជាក់ មានទឹកសម្រាប់ហូប និងមានកៅអីអង្អុយរង់ចាំសមរម្យ ដល់បងប្អូនពលករដែលមកទទួលសេវា។ ២៖ បន្ថែមរយៈពេលអនុវត្តការងារ ផ្តល់សេវាសាធារណជូនដល់បងប្អូនពលករ ដោយមិនមានឈប់សម្រាក ពេលថ្ងៃត្រង់ និងបន្ថែមថ្ងៃធ្វើការ នៅថ្ងៃសៅរ៍-អាទិត្យ ចាប់ពីថ្ងៃទី២៧ ខែមីនាឆ្នាំ២០១៩ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ ដើម្បីសម្រួលការងារបញ្ជាក់លិខិតស្នាមនានា ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ៣៖ ផ្តល់សេវាក្នុងថ្ងៃតែមួយដល់ពលករ មានន័យថាពលករ មកស្នើសុំឯកសារផ្សេង ដូចជាលិខិតបញ្ជាក់ ឲ្យកូនក្រោមអាយុ១៥ឆ្នាំ គ្មានលិខិតឆ្លងដែន រស់នៅជាមួយឳពុកម្តាយ នៅប្រទេសថៃបណ្តោះអាសន្ន គឺអាចទទួលបានលិខិតបញ្ជាក់នោះ នៅក្នុងថ្ងៃតែមួយតែម្តង ដើម្បីជួយកាត់បន្ថយការចំណាយ ក្នុងការធ្វើដំណើរ របស់បងប្អូនពលករទៅវិញទៅមក ក៏ដូចជារយៈពេលដែលបងប្អូនពលករ ត្រូវសុំច្បាប់ឈប់សម្រាកពីការងារក្រុមហ៊ុន។ ចំពោះការផ្តល់លិខិតបញ្ជាក់ ឲ្យកូនក្រោមអាយុ១៥ឆ្នាំ គ្មានលិខិតឆ្លងដែនរស់ជាមួយឳពុកម្តាយ នៅប្រទេសថៃបណ្តោះអាសន្ន ស្ថានទូតត្រូវធ្វើការត្រួតពិនិត្យឲ្យបានល្អិតល្អន់ ចៀសវាងការចេញលិខិតបញ្ជាក់ជូនហើយ ប៉ុន្តែមិនអាចយកទៅប្រើប្រាស់បាន ឬចេញលិខិតជូនជនខិលខូច ដែលនាំឲ្យមានការពាក់ព័ន្ធ នឹងការជួញដូរកុមារ បើគ្មានការពិនិត្យច្បាស់លាស់នោះទេ កុមារនឹងក្លាយជាជនរងគ្រោះជាក់ជាពុំខានឡើយ។ ៤៖ ពន្យល់ណែនាំដល់បងប្អូនពលករ ឲ្យបានយល់អំពីនីតិវិធីផ្សេងៗ ពាក់ព័ន្ធការស្នាក់នៅ និងធ្វើការដោយស្របច្បាប់ នៅក្នុងប្រទេសថៃ ក៏ដូចជាសិទ្ធិ និងអត្ថប្រយោជន៍ផ្សេងៗ ដែលបងប្អូនពលករយើង អាចទទួលបាន។ ៥៖ ជួយដោះស្រាយនូវបញ្ហាផ្សេងៗ ជូនដល់បងប្អូនពលករ ដូចជា ករណីនិយោជកមិនគោរពកិច្ចសន្យាការងារ ករណីអាជ្ញាធរថៃចាប់ខ្លួន ករណីចាញ់បោកមេខ្យល់ ករណីគ្រោះថ្នាក់ការងារ។ល៕

អត្ថបទដែលជាប់ទាក់ទង