ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតយោធាម្នាក់ត្រូវបាន ត្រូវតុលាការឃុំខ្លួន ពីបទកាន់កាប់អាវុធខុសច្បាប់ និងប្រមាថប្រមុខរដ្ឋាភិបាល

92

សៀមរាប: អតីតយោធាម្នាក់ត្រូវបាន លោកថាន់ ឃុង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប សម្រេចចេញដីកាឃុំខ្លួនបណ្ដោះអាសន្ន ពីបទញុះញ៉ង់កុំឲ្យយោធិនស្ដាប់បង្គប់ កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងញុះញ៉ង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា នៃច្បាប់ក្រមព្រហ្មទណ្ឌ។ ការសម្រេចឃុំខ្លួនជនសង្ស័យនេះ បានធ្វើឡើងនារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ។

លោកចៅក្រម បានសម្រេចបញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ចនាំខ្លួនជនត្រូវចោទឈ្មោះលីដាវិត ហៅលី ដាវីត ទៅពន្ធនាគារខេត្តសៀមរាបដោយអនុវត្តតាមនីតិវិធីច្បាប់។

សមត្ថកិច្ចកងរាជអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យដែលប៉េអឹមខេត្តសៀមរាបចាប់ខ្លួន ឈ្មោះ លី ដាវីត ភេទប្រុស អាយុ ៤៥ឆ្នាំ អតីតជាយោធាក្នុងអង្គភាពយោធភូមិភាគទី៣ ឋានន្តរស័ក្ក ឧត្តមសេនីយ៍ត្រី មានតួនាទីជានាយសេនាធិការរង ត្រូវបាន ចាប់ខ្លួននេះ ធ្វើឡើងកាលពីល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅចំណុចមាត់ស្ទឹងសៀមរាប ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

បើតាមការឲ្យដឹងពីសមត្ថកិច្ច ជនសង្ស័យម្នាក់ឈ្មោះ លី ដាវីត បានយកទៅសួរនាំនិងរួចបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ រហូតចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបណ្ដោះអាសន្ន តាមការចោទប្រកាន់ពីលោក ថេង សំណាង តំណាងអយ្យការ អមសាលាដំបូងខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា៖ ការឃាត់ខ្លួនជនសង្ស័យរូបនេះ គឺនៅពេលដែលគេកំពុងប្រើប្រាស់ទូរស័ព្ទម៉ាក Huawei មួយគ្រឿង ក្នុងការមើល និងសរសរលើប្រព័ន្ធបណ្ដាញសង្គម Facebook ដែលមានគណនីឈ្មោះ Lee David ដើម្បីវាយប្រហារទៅលើថ្នាក់ដឹកនាំកំពូល នៃរាជរដ្ឋាភិបាលកម្ពុជា។ ហើយបន្ទាប់ពីធ្វើការឃាត់ខ្លួនសមត្ថកិច្ច បានធ្វើការឆែកឆេរ និងដកហូតបាន ដូចជា អាវុធម៉ាក AK ស្វ័យបត់ចំនួន១ដើម (លេខ 16111466) មានគ្រាប់ចំនួន ៣១គ្រាប់, បំពង់ទប់សម្លេង (ស៊ីឡង់ហ្សឺ) ចំនួន ១ដើម, កំបិតស្នៀត ចំនួន១, ដំបងឆត់ ចំនួន១, លិខិតឆ្លងដែន ចំនួន ១ក្បាល, អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ចំនួន ១សន្លឹក, អត្តសញ្ញាណប័ណ្ណយោធា ចំនួន ១, ម៉ូតូហុងដា (ម៉ាកស្កូបពី) ចំនួន១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1HE-8253 ចំនួន១គ្រឿង និងលិខិតបញ្ជាបេសកម្មហួសសុពលភាពចំនួន៥សន្លឹក។ ជនសង្ស័យឈ្មោះ លី ដាវីត បានកាន់កាប់អាវុធ ដោយគ្មានលិខិតអនុញ្ញាត បន្ទាប់ពីអង្គភាពបានបណ្ដេញចេញពីក្របខណ្ឌអង្គភាពយោធា ដោយមិនព្រមយកទៅប្រគល់ឲ្យអង្គភាពវិញ។
ជនសង្ស័យបានសរសេរនៅលើបណ្ដាញសង្គម Facebook បានប្រើពាក្យសំដី ជេរប្រមាថ ទំលាក់កំហុសជាច្រើនទៀត ទៅលើប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅញុះញ៉ុងឲ្យប្រជាជនកម្ពុជា និងសាធារណជនទាំងអស់មានការស្អប់ មានការភ័ន្ធច្រលំ ដើម្បីឈានទៅរកការបង្ករភាពអសន្ដិសុខដល់សង្គមជាតិ ។ ព្រមទាំងប្រើពាក្យសំដីមិនឲ្យយោធិនស្ដាប់បង្គាប់ ដើម្បីធ្វើឲ្យខូចខាតដល់វិស័យការពារជាតិ។ ទង្វើរបែបនេះ គឺជាបទល្មើស ញុះញ៉ង់កុំឲ្យយោធិនស្ដាប់បង្គប់, កាន់កាប់ ឬ ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត, និងញុះញ៉ង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្តនៅចំណុចមាត់ស្ទឹងសៀមរាប ស្ថិតនៅភូមិ/សង្កាត់ និងពេលវេលាដូចខាងលើ ជាបទល្មើសព្រហ្មទណ្ឌដែលមានចែង និងត្រូវផ្ដន្ទាទោសតាមបញ្ញត្តិ មាត្រា ៤៧១, មាត្រា ៤៩០, មាត្រា ៤៩៤, និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ របស់ព្រះរាជាណាចក្រកម្ពុជា៕


អត្ថបទដែលជាប់ទាក់ទង