ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍ សៅ សុខា៖ ការចាត់តាំងឱ្យកងទ័ពរៀនសូត្រអប់រំចិត្តសាស្ត្រ និងហ្វឹកហ្វឺន គឺជាកញ្ចក់ឆ្លុះបញ្ចាំងនូវសមត្ថភាពដឹកនាំបញ្ជា របស់នាយទាហានគ្រប់ជាន់ថ្នាក់

82

បាត់ដំបង៖ ព្រឹកថ្ងៃចន្ទ ទី០១ ខែមេសា ឆ្នាំ២០១៩ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយនាយទាហាន នាយទាហានរងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង។ ពិធីនេះមានការចូលរួមពីលោក ឧត្តមសេនីយ៍ មេបញ្ជាការរង ស្នងការ ស្នងការរង ដែលអញ្ជើញមកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការ មេបញ្ជាការរង តាមបណ្តរាជធានី ខេត្ត ព្រមទាំងគ្រួសារអាវុធហត្ថ ពលី មណៈ និងកងរាជអាវុធហត្ថដែលចូលនិវត្តជាច្រើនរូបទៀត។

លោក នាយឧត្តមសេនីយ៍ បានលើកឡើងអំពី នយោបាយអទិភាពរបស់រាជរដ្ឋាភិបាល បានចាត់ទុកបញ្ហាសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ គឺជាកិច្ចការងារចម្បង ហើយកងរាជអាវុធហត្ថ គឺមានតួនាទីក្នុងការអនុវត្តនូវកម្មវិធីនយោបាយ នូវយុទ្ធសាស្ត្រ និងជាពិសេសគឺថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ស្ថិរភាពនយោបាយ និងសន្តិភាព ធ្វើឱ្យប្រទេសមានរបៀបរៀបរយ ក្លាយជាប្រទេសនីតិរដ្ឋ ។ នាយឧត្តមសេនីយ៍ បានធ្វើការកត់សម្គាល់ថា តួនាទីភារកិច្ចសំខាន់ៗរបស់កងរាជអាវុធហត្ថ រួមមានថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់, ពង្រឹងការអនុវត្តច្បាប់ បទបញ្ជាជាធរមានរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរ, ស្រាវជ្រាវនិងបង្ក្រាបបទល្មើស, ជួយប្រជាជនពេលជួបនិងការលំបាកផ្សេងៗ ។
លោកនាយឧត្តមសេនីយ៍ ក៏បានធ្វើការផ្តាំផ្ញើដល់កម្លាំងអាវុធហត្ថត្រូវមានសាមគ្គីឯកភាពផ្ទៃក្នុង លើកកម្ពស់ស្មារតីសហការដើម្បីសេចក្តីសុខ សណ្តាប់ធ្នាប់ល្អ ប្រជាជនរស់នៅគ្មានការភ័យខ្លាច គ្មានបទល្មើស ទាំងអស់នេះគឺជាគោលដៅដែលយើងចង់បាន។ អាវុធហត្ថត្រូវគោរពច្បាប់លក្ខន្តិកៈ បទវិន័យទូទៅនៃកងយោធពលខេមរភូមិន្ទ ការអនុវត្តតួនាទីភារកិច្ច ក្នុងនោះផងដែរអាវុធហត្ថត្រូវលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ននូវឧបាយកលលាបពណ៌ និងយុទ្ធសាស្ត្រតាក់តែងបំបែកបំបាក់ របស់មជ្ឈដ្ឋានប្រឆាំងអគតិ និងត្រូវតាមដាននូវសកម្មភាព បើសកម្មភាពណាដែលបំពានច្បាប់ត្រូវតែបង្ក្រាបភ្លាម ត្រូវបន្តការងារអប់រំជាប្រចាំ ដើម្បីកសាងនូវមនសិការស្នេហាជាតិ ស្រឡាញ់ជាតិ គោរពច្បាប់រដ្ឋធម្មនុញ្ញ ការពារប្រជាជន ការពារទឹកដី ការពារអំណាចរដ្ឋដែលកើតចេញពីការបោះឆ្នោត ដែលប្រជាជនបោះជូនរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ។ ត្រូវធ្វើការហ្វឹកហ្វឺនជាប្រចាំ ព្រោះការហ្វឹកហ្វឺនពិតជាមានសារសំខាន់ និងបានរំលឹកឡើងវិញនូវមេរៀនដើម្បីកុំឱភ្លេច ធ្វើឱ្យសុខភាពរឹងមាំ ការប្រមូលផ្តុំកម្លាំងពេលត្រូវការគឺកម្លាំងមានស្រាប់ និងកាត់បន្ថយបាននូវបទល្មើសវិន័យផងដែរ ។ លោក នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់បន្ថែមថា ការចាត់តាំងឱ្យកងទ័ពរៀនសូត្រអប់រំចិត្តសាស្ត្រ និងហ្វឹកហ្វឺនកងទ័ពគឺជាកញ្ចក់ឆ្លុះបញ្ចាំងនូវសមត្ថភាពដឹកនាំបញ្ជារបស់នាយទាហានគ្រប់ថ្នាក់៕

អត្ថបទដែលជាប់ទាក់ទង