ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដាក់វិធានការការពារសន្តិសុខសណ្តាប់ធ្នាប់ ការតុបតែងលំអរសំរាប់ពិធីបុណ្យចូលឆ្នាំថ្មី

102

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបានដាក់ចេញជាវិធានការជាក់ស្ដែង ដើម្បីការរក្សាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ការលើកកំពស់សោភណ្ឌភាព និងបរិស្ថាន ក៏ដូចជាការបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញក្នុង ឧិកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ។

  ការដាក់ចេញជាវិធានការនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៤ មេសា ២០១៩ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពីកម្លាំងសមត្ថកិច្ចក្រោមឱវាទ និងអាជ្ញាធរខណ្ឌទាំង១២ ។

  លោកឃួង ស្រេង ក្នុងឱកាសនោះ បានក្រើនរំលឹកដល់អាជ្ញាធរខណ្ឌ សង្កាត់ទាំងអស់ក្នុងរាជធានីភ្នំពេញក៏ដូចអង្គភាពស្ថាប័ននានាត្រូវត្រៀមលក្ខណៈឲ្យបានល្អប្រសើរ ទាំងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យបរិស្ថាន ការបំផុសឲ្យប្រជាពលរដ្ឋសំអាតផ្ទះសំបែង,ការតុបតែងលំអរភ្លើងចំរុះពណ៏,ការដោតទង់ជាតិតាមស្ថាប័ន ឬតាមផ្ទះ,ការដាក់តាំងព្រះឆាយាលក្ខ័ណ៍ព្រះករុណាព្រះមហាក្សត្រនិងត្រូវបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋបានរីករាយកំសាន្តតាមទីសាធារណៈ វត្តអារាមនិងរមណីដ្ឋាននានាឲ្យលក្ខណៈអធឹកអធមក្នុងរាជធានីភ្នំពេញ។

   លោកអភិបាលក៏បានណែនាំឲ្យមានការយកចិត្តទុកដាក់ពីគ្រោះអគ្គីភ័យដែលអាចកើតមានឡើងជាយថាហេតុ ហើយមន្ត្រីខណ្ឌ,អង្គភាព ទាំងអស់ត្រូវដាក់វេនប្រចាំការ២៤ម៉ោងលើ២៤ម៉ោងក្នុងឧិកាសបុណ្យចូលឆ្នាំថ្មី៣ថ្ងៃខាងមុខនេះ។

   ជាមួយគ្នានេះបញ្ហាសំរាមក៏ជាការកង្វល់មួយសំរាប់អាជ្ញាធរក្រុងភ្នំពេញដែលត្រូវបានយកចិត្តទុកដាក់រៀបចំយន្តការឲ្យបានច្បាស់លាស់ថែមទៀតដើម្បីប្រមូលនិងដឹកសំរាមចេញក្រៅក្រុងឲ្យបានទាន់ពេលវេលាពិសេសក្នុងឧិកាសបុណ្យចូលឆ្នាំថ្មីរយះពេល៣ថ្ងៃនេះ។

   លោកឃួង ស្រេង ក៏បានជូនដំណឹងពីការរៀបចំឲ្យមានវត្តភ្នំសង្ក្រាន្តនៅរមណីដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះដែរដើម្បីផ្តល់ឧិកាសសប្បាយរីករាយដល់ប្រជាពលរដ្ឋមកលេងកំសាន្តសប្បាយផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង