ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទុះហ្គាស់ រថយន្តឡិចស៊ីស 470 បណ្ដាលឲ្យឆេះ ម្ចាស់រថយន្តរបួសធ្ងន់

139


កណ្តាល៖ នៅរសៀលថ្ងៃទី 12 ខែមេសានេះ នៅចំណុចមុខផ្សារតាខ្មៅតាមផ្លូវ១១៣ មាត់ទន្លេក្រុងតាខ្មៅ ខេត្តកណ្ដាល មានករណីផ្ទុះហ្គាស់រថយន្តឡិចសុីស 470 GX ស្លាកលេខភ្នំពេញ 2m 8062 ពណ៌ស បណ្ដាលឲ្យ ឆេះរថយន្តហើយធ្វើឲ្យម្ចាស់រថយន្តនោះរងរបួសធ្ងន់ ដោយឆេះខ្លោចពេញខ្លួននិងបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។

បើតាមការប្រាប់ពីនគរបាលមូលដ្ឋានដែលចុះក្នុងប្រតិបត្តិការនេះបានលើកឡើងថា ជនរងគ្រោះក្នុងហេតុការណ៍នេះ គឺលោក វរសេនីយ៍ទោ ងន គន្ធា ដែលបម្រើការនៅកងយោធពលខេមរៈភូមិន្ទ ។ មន្ត្រីយោធារូបនេះ នៅមុនពេលកើតហេតុបានបើករថយន្តទៅផ្សារតាខ្មៅចាស់ ហើយបានចតរថយន្តនៅពីមុខផ្សាររួចក៏ចុះពីរថយន្តមកបើកគូទរថយន្ដ ស្រាប់តែធ្វើឲ្យផ្ទុះធុងហ្គាស់ ដែលបំពាក់នៅខាងក្រោយ រថយន្ត ធ្វើឲ្យម្ចាស់រថយន្តនេះ ឆេះខ្លោចពេញខ្លួន នឹងខ្ទាតចេញពីរថយន្តរាប់សិបម៉ែត។ ជាមួយនេះតែក៏ត្រូវបានសមត្ថកិច្ចនគរបាលពន្លត់អគ្គីភ័យបានប្រើប្រាស់រថយន្តបាញ់ទឹកនិងបំពង់ពន្លត់អគ្គីភ័យជួយសង្គ្រោះរួមជាមួយនឹងបងប្អូនប្រជាពលរដ្ឋនៅក្បែរនោះផងបានធ្វើឱ្យរថយន្តនោះរលត់ ចំណែកឯម្ចាស់រថយន្ត ត្រូវ ឆេះខ្លោចរោលពេញខ្លួនត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ ប៉ុន្តែបើតាមសាក្សីនៅកន្លែងកើតហេតុបាននិយាយថាតាមការមើលជាក់ស្តែងជនរង់គ្រោះមានសង្ឃឹមតិចតួចប៉ុណ្ណោះក្នុងការរស់ព្រោះឆេះរោលខ្លោចអស់ទៅហើយ ប៉ុន្តែទោះយ៉ាងណាសង្ឃឹមថាគាត់នឹងរស់រានមានជីវិតបន្តទៅទៀត។

ចំណែកឯរថយន្ត lexus 470 នេះត្រូវបានសមត្ថកិច្ចនគរបាលយកឡានស្ទូចមកស្ទូចរថយន្តដែលឆេះនេះទៅទុកនៅការិយាល័យចរាចរណ៍ខេត្តកណ្ដាលជាបណ្ដោះអាសន្នដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ផងដែរ ព្រោះថាទីនោះគឺជាទីផ្សារដែលមានមនុស្សច្រើនចេញចូលកកកុញ ហើយម្យ៉ាងទៀតក៏ជិតដល់ថ្ងៃចូលឆ្នាំដែលមនុស្សចេញចូលទិញឥវ៉ាន់ច្រើនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង