ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីហឹង្សា កើតឡើងនៅផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងខេត្តព្រះសីហនុ សមត្ថកិច្ចចាប់ខ្លួនក្រុមជនអនាធិបតេយ្យ6 នាក់

106

ព្រះសីហនុ៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បាន ប្រាប់បណ្ដាញព័ត៌មាន ក្នុងស្រុកឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ថា នៅពេលនេះកម្លាំងនគរបាលរបស់លោក បានចាប់ខ្លូនមនុស្ស៦នាក់ ដែលបានដឹកនាំនិងចូលរួមប្រើហិង្សាទៅលើមន្ដ្រីនគរបាល និងប្រជាការពារ នៅពេលដែលកងកម្លាំងបានចុះទៅអន្ដរាគមន៍ ឲ្យពួកគេបើកផ្លូវជាតិលេខ៤ឡើងវិញ ដោយពួកគាត់យកដុំថ្ម និងមែកឈើទៅដាក់បិទផ្លូវជាតិបង្កឲ្យកកស្ទះចរាចរណ៍ប្រហែល១ម៉ោង នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ។

ការចាប់ខ្លួនមនុស្សទាំង៦នាក់នេះធ្វើឡើងនៅព្រឹកថ្ងៃសុក្រនេះ ខណៈឃាត់ខ្លួន២នាក់កាលពីម្សិលមិញ សរុបរហូតដល់ពេលនេះឃាត់ខ្លួនចំនួន៨នាក់ហើយ លោកឧត្តមសេនីយ៍ស្នងការបានចាត់ទុកថា គឺជាបទល្មើសព្រហ្មទណ្ឌដែលមិនអាចលើកលែងឲ្យបាន នឹងចាត់វិធានការតាមផ្លូវច្បាប់តែម្ដង។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់យ៉ាងដូច្នេះថា ពេលដែលកម្លាំងរបស់យើង និងប្រជាការពារចុះទៅសម្របសម្រួល និងរើសដុំថ្មចេញពីផ្លូវជាតិស្រាប់តែ ប្រជាពលរដ្ឋទាំងនោះ បានគប់ដុំថ្មទៅលើពួកគេបណ្ដាលឲ្យមន្ដ្រីនគរបាលរបស់យើង៤នាក់ និងប្រជាការពារ២នាក់ រងរបួសបែកក្បាល ហើយរថយន្ដ៣គ្រឿង បានរងការខូចខាតផងដែរ។

សូមបញ្ជាក់ថានេះជាថ្ងៃទី២ហើយ ដែលប្រជាពលរដ្ឋទាំងនោះបាននាំគ្នាបិទផ្លូវជាតិលេខ៤ ដោយសារខឹងអាជ្ញាធរចុះទៅរុះរើខ្ទម និងសំណង់អនាធិបតេយ្យខុសច្បាប់របស់ពួកគាត់ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ខេត្តព្រះសីហនុដែលសង់លើដីមានម្ចាស់កម្មសិទ្ធិពិតប្រាកដ កាលពីម្សិលមិញជាង៦០០ខ្នង៕

អត្ថបទដែលជាប់ទាក់ទង