ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានទូតអាមេរិក ៖ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសកម្ពុជា តែទំនាក់ទំនងនេះចំណេញខ្លាំងទៅខាងប្រទេសចិន

140

ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា តាមរយៈផេកហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី១៩មេសានេះ បានលើកឡើងថា
ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសកម្ពុជា តែទំនាក់ទំនងនេះចំណេញខ្លាំងទៅខាងប្រទេសចិន។

ស្ថានទូតអាមេរិក បានបន្ថែមថា ប្រហែល ៨៧% នៃទំនិញដោះដូរគ្នាគឺជាទំនិញនាំចូលមកពីប្រទេសចិន ដែលមិនជួយដល់ការធ្វើអោយមានការងារ ឬជួយដល់ឧស្សាហកម្មដូចទំនាក់ទំនងរបស់ប្រទេសកម្ពុជាជាមួយសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបនោះទេ។ នេះគ្រាន់តែជាផ្លូវមួយទៀតដែលប្រទេសកម្ពុជា បានងាកចេញពីយុទ្ធសាស្រ្តសេដ្ឋកិច្ចដែលមានតុល្យភាព និងលក្ខណៈចម្រុះច្រើន ទៅរកយុទ្ធសាស្រ្តសេដ្ឋកិច្ចដែលមានការពឹងផ្អែកច្រើនទៅលើប្រទេសចិន។

ពាក់ព័ន្ធនឹងសារស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជានោះ លោកវីល្លាម ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅថ្ងៃទី១៩មេសានេះ បានសរសេរលើផេកហ្វេសប៊ុកថា ខ្ញុំសូមកោតសរសេីរចំពោះការយកចិត្តទុកដាក់អំពីបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ពីសំណាក់ ស្ថានកុងស៊ុលអាមេរិកប្រចាំកម្ពុជា ដែលជាតំណាងសហរដ្ឋអាមេរិកទាំងមូល ។ យ៉ាងណាមិញខ្ញុំសុំសំណូមពរបន្ថែមទៀត អោយស្ថានកុងស៊ុលអាមេរិកសិក្សាបន្ថែមអំពី «គោលការណ៍ទីផ្សាសេរី» នៅប្រទេសកម្ពុជា ។

លោកបានលើកឡើងទៀតថា ក្នុងន័យដដែលខ្ញុំគាំទ្រ និងរីករាយចំពោះការលំហូរចូលចរន្តវិនិយោគរបស់បណ្ដារប្រទេសអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលជាពាណិជ្ជកម្មមានលក្ខណៈសេដ្ឋកិច្ច មិនមែនលក្ខណៈដោះដូរនយោបាយ ខ្ញុំសង្ឃឹមថា បណ្ដារប្រទេសអឺរ៉ុប និងសហរដ្ឋអាមេរិកនិងណែនាំវិនិយោគិនមកវិនិយោគ អោយបានច្រេីនបំផុតនៅកម្ពុជាដេីម្បីជាសញ្ញាប្រកួតប្រជែងជាមួយ ចរន្តពាណិជ្ជកម្មចិន នៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង