ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទេស ជីវ៉ាអាចសម្លឹងរកជ័យជំនះបានឬទេ ?

116

​ភ្នំពេញ:ព្រឹត្តិការណ៍ខ្សែក្រវាត់Wurkz លើសង្វៀនអាស៊ីអាគ្នេយ៍ រសៀលថ្ងៃទី៨កក្កដានេះអ្នកប្រដាល់ទេស ជីវ៉ា ក្លិបកងពលតូចលេខ៧០ ត្រូវប្រឈមមុខតស៊ូជាមួយអ្នកប្រដាល់ថៃ ផាយ៉ា ឡេក(Phayak Lek) ។

​អ្នកប្រដាល់ទាំង២រូបនេះ ឆ្លងកាត់បានមួយប្រកួតដោយ ជួបបរាជ័យដូចគ្នា ។ជីវ៉ាចាញ់អ្នកប្រដាល់ថៃលូម លេង(Loom Leng) ឯ ផាយ៉ា ឡេកចាញ់អ្នកប្រដាល់កម្ពុជាវេង សុភ័ក្រ្តក្លិបទ័ពឆ័ត្រយោង៩១១ ។ សម្រាប់ការប្រកួតមួយនេះ ទាំងសងខាងសុទ្ធតែត្រូវការឈ្នះដូចគ្នា ព្រោះប្រសិនបើចាញ់មួយប្រកួតនេះទៀត គឺបាត់បង់ឱកាសដើម្បីឡើងទៅប្រកួតផ្ដាច់ព្រ័ត្រហើយ ។

​ជីវ៉ាមួយរយៈនេះគេក៏មានការរីកចម្រើនគ្រាន់បើដែរ តែអ្នកប្រដាល់រូបនេះវ៉ៃបង្ខំពេក ដែលនេះជារបៀបវ៉ៃខ្លាចចាញ់គូប្រកួត ទើបទីបំផុតគេចាញ់បែបនេះ ។ ជីវ៉ាមានប្រវត្តិប្រកួតចំនួន៦៩ដង ឈ្នះ៥២ដង ចាញ់១៥ដង ស្មើពិន្ទុចំនួន ២ ដង និងវាយគូប្រកួតឲ្យសន្លប់បាន១៣ដង ។

​ផាយ៉ា ឡេកវិញគេធ្លាប់មកប្រកួត នៅស្រុកខ្មែរញឹកញាប់ណាស់។ គេមានសមត្ថភាពប្រហាក់ប្រហែលជាមួយនឹងជីវ៉ាដែរទេ ។គេទាត់ចេញធ្ងន់ និង កណ្ដាប់ដៃវ៉ៃចេញលឿនហើយ ក៏ធ្ងន់មិនស្រួលទប់ទល់ដែរ ។អ្នកប្រដាល់ថៃរូបនេះមាន ប្រវត្តិប្រកួតចំនួន៨២ដង ឈ្នះ៦៨ដង ចាញ់១៣ដង និងស្មើពិន្ទុ ១ ដង ។នរណាអាចរកបាន៣ពិន្ទុពីការប្រកួតនេះ ហើយនរណាបន្ថែមស្ថិតិចាញ់ នៅក្នុងកំណត់ត្រាប្រកួតរបស់ខ្លួន ?

​វេង សុភ័ក្រ្តក្លិបទ័ពឆ័ត្រយោង៩១១ ប្រកួតជាមួយអ្នកប្រដាល់ថៃ លូម លេង(Loom Leng) ។ អ្នកប្រដាល់ទាំង២រូបនេះ ធ្លាប់ប្រកួតគ្នាដែរតែសុភ័ក្រ្តពុំធ្លាប់ឈ្នះលូម លេងឡើយ ។

​សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់នេះ មួយប្រកួតដំបូងរបស់ពួកគេសុទ្ធតែ បានជ័យជំនះដូចគ្នា ។សម្រាប់ការប្រកួតលើកទី២នេះ គេកាន់តែត្រូវការជ័យជំនះ បន្ថែមទៀតតែមិនដឹងថានរណា ត្រូវជួបបរាជ័យនៅក្នុងការប្រកួតនេះ ហើយនរណាបន្តឈ្នះក្នុងការប្រកួតនេះ ?

​សុភ័ក្រ្តមានប្រវត្តិប្រកួតចំនួន៨២ដង ឈ្នះ៦៩ដងចាញ់១២ដង និងស្មើពិន្ទុ ១ ដង ចំពោះលូម លេងវិញគេមានប្រវត្តិប្រកួត ចំនួន៨០ដង ឈ្នះ៦៧ដង ចាញ់១២ដងស្មើពិន្ទុ ១ ដង និង វាយគូប្រកួតឲ្យសន្លប់ បានចំនួន៨ដង ។ នរណាជួបសំណាងល្អក្នុងការប្រកួតនេះ ?៕

អត្ថបទដែលជាប់ទាក់ទង