ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នងការ​ខេត្ត​កំពង់ចាម​ បញ្ឈរជេីង អធិការ​ស្រុក​កំពង់​សៀម​ ដោយសារ​ប្រេី​ហិង្សា​លេី​ពលរដ្ឋ​

63

កំពង់ចាម​៖លោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ សម្រេច​បញ្ឈរ​ជេីង​លោក​វរសេនីយ៍ឯក​ ឯក​ ប៉ាក់ដន​ អធិការ​នគរបាល​ស្រុក​កំពង់​សៀម​ ដោយសារ​ប្រេី​អំពើ​ហិង្សា​លើ​ពលរដ្ឋ​ “វាយសន្លប់រួចចាក់ទឹកដូចសត្វធាតុ”។

លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចេញលិខិតបង្គាប់ការ របស់ស្នងការនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នេះ បានសម្រេចឲ្យលោកវរសេនីយ៍ត្រីពេជ្រ គឹមស៊ា ឋានៈអធិការងទទួលដឹកនាំការងារនគរបាលយុត្តិធម៌ នៃអធិការរដ្ឋាននគរបាលស្រុកកំពង់សៀម ឱ្យទទួលភារកិច្ចជាអធិការស្តីទីនៃអធិការរដ្ឋាននគរបាលស្រុកកំពង់សៀម ជំនួសលោកវរសេនីយ៍ឯក ឯក ប៉ាក់ដន ដែលកំពុងជាប់ពិន័យនៅការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។

ការសម្រេចនេះ បន្ទាប់ពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ បានបង្គាប់មកលោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ឱ្យ “ចាត់ការសើបអង្កេតបទល្មើសដែលពាក់ព័ន្ធនឹងលោកវរសេនីយ៍ឯក ឯក ប៉ាក់ដន អធិការនគរបាលស្រុកកំពង់សៀម យោងតាមការផ្សព្វផ្សាយក្នុងបណ្ដាញសង្គមហ្វេសប៊ុក” ។

គណនីហ្វេសប៊ុកមួយឈ្មោះថា “Bun Thern” សរសេរថា “ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋរស់នៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម សូមលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ជួយរកយុត្តិធម៌ជូនបងប្រុសខ្ញុំផង អោយពួកខ្ញុំរស់នៅយ៉ាងណាបើគ្រាន់តែបងប្រុសរបស់ខ្ញំប្រកែកពាក្យសំដីជាមួយគ្នាបន្តិចគាត់មកផ្ទះវិញហើយមិនទាន់ដល់ផ្ទះផងស្រាប់តែអធិការស្រុកកំពង់សៀម លោក ឯក ប៉ាន់ដន មកចាប់បងខ្ញុំវៃហើយបញ្ជូនមកស្រុកវៃចាក់ទឹកសន្លប់២ដងហើមគ្រប់កន្លែងអាឡូវដេកពេទ្យហើយនៅ 7D ។ ហេតុអ្វីលោកអធិកាស្រុកកំពង់សៀមធ្វើបាបបងប្រុសខ្ញុំដល់ថ្នាក់នេះ” ។

សូមបញ្ជាក់ថា លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការ​នគរ​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​ថា​កាលពី​ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២៣​និង​៣០​នាទី​ កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម​ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ និង​កម្លាំង​ប្រជា​ការពារ​ភូមិ​ខែល​ជ័យ​ ឃុំ​ខែល​ជ័យ​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ ឯក​ ប៉ាន់​ដ​ន​ អធិការ​នគរបាល​ស្រុក​កំពង់សៀម​ បាន​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ហាក់​ សៀង​ហាន​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ​សំណង់​ មាន​ទីលំនៅ​ភូមិ​ខែល​ជ័យ​ ឃុំ​អូរ​ស្វាយ​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ ពី​បទៈ​ គំរាមកំហែង​ និង​បង្ក​ការ​អុកឡុក​ នៅ​កន្លែង​រាំ​ធុងបាស់​ ទៅ​លើ​ឈ្មោះ​ សេង​ ណាត​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ពួន​ប្រ​ម៉ាត់​ ឃុំ​ត្រពាំង​ព្រះ​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​(​ជា​អ្នក​ចាក់​ធុងបាស់​)​។​
​លោកស្នងការ​បន្ត​ថា​ការ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​ដោយ​អនុវត្ត​តាម​បញ្ជា​របស់​លោក​ ហួត​ វុ​ទ្ធី​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម​ ដោយ​ឈ្មោះ​ ហាក់​ សៀង​ហាន​ ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ ហើយ​បាន​វាយ​ប្រតាយប្រតប់​ជាមួយ​កម្លាំង​សមត្ថកិច្ច​ និង​ប្រជា​ការពារ​ ដែល​មាន​ភារកិច្ច​ការពារ​នៅ​ទីនោះ​ ក្នុង​ពេល​កិច្ច​ប្រតិបត្តិការ​ចាប់ខ្លួន​ បន្ទាប់​មក​យើង​ក៏​បាន​នាំ​ជនសង្ស័យ​ខាងលើ​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម​ និង​បាន​ត្រួតពិនិត្យ​ជាតិ​អាកុល​លើ​ជនសង្ស័យ​ជា​លទ្ធផល​ក្នុង​ការ​ពិនិត្យ​ជាតិ​អាកុល​ឃើញ​ថា​ ជនសង្ស័យ​មាន​ជាតិ​អាកុល​រហូត​ដល់​ ១.៣៣​ក្នុង​១​លី​ត្រ​ខ្យល់​។​
​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ​ សេង​ ណាត​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២០​និង​០០​នាទី​ ពេល​ខ្លួន​កំពុង​តែ​ចាក់​ធុងបាស់​ឲ្យ​ឈ្មោះ​វ័​ន្ត​ ឈុ​ន​លី​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយ​ នៅ​ចំណុច​ក្នុង​បរិវេណ​វត្ត​ខែល​ជ័យ​ ស្ថិត​នៅ​ភូមិ​ខែល​ជ័យ​ ឃុំ​អូរ​ស្វាយ​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ រហូត​ដល់​វេលា​ម៉ោង​២៣​និង​០០​នាទី​ ស្រាប់តែ​មានឈ្មោះ​ ហាក់​ សៀន​ហាន​ បាន​មក​ប្រាប់​ខ្លួន​ឲ្យ​ចាក់​បទ​រាំក្បាច់​ លឺ​ដូច្នេះ​ ខ្លួន​ក៏​ចាក់​បទ​រាំក្បាច់​តាម​ ពេល​កំពង់​តែ​ចាក់​បទ​រាំក្បាច់​ គឺ​បងប្អូន​ប្រជាពលរដ្ឋ​ក៏​នាំ​គ្នា​ឈប់​រាំ​ហើយ​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​ លុះ​ឃើញ​បងប្អូន​ប្រជាពលរដ្ឋ​ឈប់​រាំ​ ហើយ​នាំ​គ្នា​ដើរទៅ​ផ្ទះ​ដូច្នេះ​ ខ្លួន​ក៏​បិទ​ធុងបាស់​ ភ្លាម​នោះ​ឈ្មោះ​ ហាក់​ សៀង​ហាន​ បាន​មក​រករឿង​ខ្លួន​ ហើយ​ស្រែ​កថា​ហេតុ​អ្វី​បាន​បិត​ធុងបាស់​ ជួល​មក​អស់ទាំង​លុយ​ លឺឈ្មោះ​ ហាក់​ សៀង​ហាន​ និយាយ​ដូច្នេះ​ ខ្លួន​ក៏​និយាយ​តម​វិញ​ថា​ ឲ្យ​តែ​អស់​មនុស្ស​រាំ​គឺ​ត្រូវ​បិទ​បាស់​អ​ញ្ចឹ​ង​ហើយ​។​ ឈ្មោះ​ ហាក់​ សៀង​ហាន​ ក៏​ឈប់​មាត់​ ចំណែក​ខ្លួន​ក៏​រៀបចំ​ធុងបាស់​ដឹក​មក​ផ្ទះ​ឈ្មោះ​ វ័​ន្ត​ ឈុ​ន​លី​ វិញ​ ស្រាប់តែ​ឈ្មោះ​ ហាក់​ សៀង​ហាន​ ស្ទុះ​មក​វាយ​ខ្លួន​ពីក្រោយ​ដោយ​មិនដឹង​ខ្លួន​ តែ​ត្រូវ​កម្លាំង​ប្រជា​ការពារ​ ដែល​មាន​ភារកិច្ច​ ការពារ​នៅ​ទីនោះ​ចាប់​ឃាត់ខ្លួន​ឈ្មោះ​ ហាក់​ សៀង​ហាន​ បន្ទាប់​មក​ខ្លួន​ក៏​បាន​ប្តឹង​រាយការណ៍​ជូន​សមត្ថកិច្ច​តែ​ម្តង​។​
​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ​ វ័​ន្ត​ ឈុ​ន​លី​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​១៤​ ខែមេសា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២០​និង​០០​នាទី​ ខ្លួន​និង​ប្អូនជីដូនមួយ​ឈ្មោះ​ សេង​ ណាត​ បាន​មក​ចាក់​ធុងបាស់​នៅ​ចំណុច​ក្នុង​បរិវេណ​វត្ត​ខែល​ជ័យ​ ស្ថិត​នៅ​ភូមិ​ខែ​ជ័យ​ ឃុំ​អូរ​ស្វាយ​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ លុះដល់​ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២៣​និង​០០​នាទី​ ស្រាប់តែ​មានឈ្មោះ​ ហាក់​ សៀង​ហាន​ បាន​មក​ប្រាប់​ប្អូនប្រុស​ខ្លួន​ឲ្យ​ចាក់​បទ​រាំក្បាច់​ ភ្លាម​នោះ​ប្អូន​របស់​ខ្លួន​ក៏​ចាក់​បទ​រាំក្បាច់​តាម​សំណូមពរ​របស់​ឈ្មោះ​ ហាក់​ សៀង​ហាន​ ពេល​កំពង់​តែ​ចាក់​រាំក្បាច់​នោះ​ ស្រាប់តែ​បងប្អូន​ប្រជាពលរដ្ឋ​ក៏​នាំ​គ្នា​ឈប់​រាំ​ ដោយ​អ្នក​រាំ​ទាំងអស់​ស្រែក​ឲ្យ​ដូរ​ចាក់​បទ​ញាក់​វិញ​ លុះ​ប្អូន​របស់​ខ្លួន​ចាក់​បទ​រាំ​ច្បា​ច់​នោះ​ចប់​ ក៏​ប្តូរ​ចាក់​បត​ញាក់​វិញ​តាម​សំណូមពរ​បងប្អូន​ប្រជាពលរដ្ឋ​វិញ​ ពេល​នោះ​ឈ្មោះ​ ហាក់​ សៀង​ហាន​ ក៏​ស្តីបន្ទោស​ឲ្យ​ប្អូន​របស់​ខ្លួន​ថា​ ឯង​ឈ្លើយ​ម្លេះ​!​ តែ​ប្អូន​របស់​ខ្លួន​មិន​បាន​និយាយ​តប​វិញ​ទេ​ លុះ​ពេល​ចាក់​បទ​ញាក់​បាន​មួយសន្ទុះ​ បងប្អូន​ប្រជាពលរដ្ឋ​ឈប់​រាំ​ហើយ​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់​ ចំណែក​ឈ្មោះ​ ហាក់​ សៀង​ហាន​ ក៏​បាន​ស្រក​បបួល​ប្អូនប្រុស​ជីដូនមួយ​របស់​ខ្លួន​វាយ​គ្នា​ តែ​ប្អូន​របស់​ខ្លួន​មិន​បាន​តប​ទេ​ បន្ទាប់​មក​ឈ្មោះ​ ហាក់​ សៀង​ហាន​ នៅ​តែ​និយាយ​ពាក្យ​ដដែលៗ​ ស្រែក​គំរាមកំហែង​ ហើយ​បម្រុង​វាយ​មក​លើ​ប្អូន​របស់​ខ្លួន​ តែ​ត្រូវ​កម្លាំង​ប្រជា​ការពារ​ចាប់​ឃាត់​ទាន់​៕

អត្ថបទដែលជាប់ទាក់ទង