ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចោរឆក់វ័យក្មេង ០២ក្រុម ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ!

69

នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់ វ័យក្មេង ចំនួន០៣នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។

ចោរឆក់វ័យក្មេងទាំង០៣នាក់នេះ ស្ថិតក្នុង០២ក្រុម ផ្សេងគ្នា ដោយ០២នាក់ ឈ្មោះ ឈាង ម៉េងឡុង ហៅដំឡូង ភេទប្រុស អាយុ ១៨ឆ្នាំ និង ឈ្មោះ ឈឹម សុវណ្ណវិចិត្រា ភេទប្រុស អាយុ ១៧ឆ្នាំ ត្រូវបានកម្លាំងល្បាតសម្ងាត់របស់អាវុធហត្ថ រាជធានីភ្នំពេញ ប្រដេញធ្លាក់ទឹកនិងចាប់បាននៅវេលាម៉ោង២០:០៥នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នៅចំណុច មុខវិទ្យាល័យបុរី១០០ខ្នង ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីពួកគេ ០៤នាក់ ម៉ូតូ ០២គ្រឿង បានធ្វើសកម្មភាពឆក់ ទូរស័ព្ទដៃរបស់បុរស ០១នាក់ ដែលកំពុងជិះម៉ូតូនិយាយទូរស័ព្ទលើដងផ្លូវ តែបក្សពួក ០២នាក់បានបត់ត្រឡប់ក្រោយគេចខ្លួនរួច សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត។ ម្នាក់ទៀតមានឈ្មោះ ឈ្មោះ សុខ វឌ្ឈនៈ ហៅមករា ភេទប្រុស អាយុ ១៦ឆ្នាំ ត្រូវបានកម្លាំងល្បាតឯកសណ្ឋានរបស់អាវុធហត្ថមូលដ្ឋានខណ្ឌដូនពេញ ឃាត់ខ្លួនបានភ្លាមៗ នៅ វេលាម៉ោង២១:០០នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុច ផ្លូវសុធារស កែងផ្លូវ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ខណៈដែលរូបគេនិងបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាពឆក់កាបូបស្ពាយ របស់ស្ត្រីម្នាក់ លើម៉ូតូកង់បី តែបក្ខពួកម្នាក់ទៀតបានគេចខ្លួនរួច សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនបន្ត។

ក្រោមវិធានការជំនាញ របស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ចោរឆក់វ័យក្មេងទាំង០២ក្រុមខាងលើ ក៏បានសារភាពឲ្យដឹង ផងដែរថា កន្លងមកពួកគេសុទ្ធតែធ្លាប់បានធ្វើសកម្មភាពឆក់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានសម្រេចជាច្រើនលើករួចមកហើយ៕

អត្ថបទដែលជាប់ទាក់ទង