ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ជំរុញឲ្យកំណើនឧស្សាហកម្មក្នុងខេត្តនេះកើនទ្វេដង ក្នុងរយៈពេល១០ឆ្នាំ

223

លោកអគ្គនាយករងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានជម្រាបជូន គណ:កម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ថាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខេត្តជាប់ មាត់សមុទ្ររបស់ប្រទេសកម្ពុជា ដោយនៅក្នុងនោះ ក្នុងឆ្នាំ២០១៨ ផលិតផលក្នុងវិស័យឧស្សាហកម្មនៃខេត្តព្រះសីហនុសរុបមានចំនួន៣៤១,១៧ លានដុល្លារ កើនឡើងពីរដងបើប្រៀបធៀបនឹង១០ឆ្នាំមុន។ លោកអគ្គនាយករងបានពន្យល់ថា មូលហេតុមួយដែលនាំឲ្យមានកំណើននេះ គឺដោយសារតំបន់សេដ្ឋកិច្ចពិសេសទាក់ទាញសហគ្រាសផលិតកម្មជាច្រើន មកបោះទីតំាងនៅក្នុងខេត្តព្រះសីហនុ។

លោកអគ្គនាយករងបានមានប្រសាសន៍ឲ្យដឹងថា ឆ្លងតាមរយៈការអភិវឌ្ឍអស់រយៈពេល១១ឆ្នាំមកនេះ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុមាន អគាររោងចក្រ និងអគារផ្សេងៗសរុបចំនួន២០០ខ្នង។ សំណង់ទាំងនោះបានសាងសង់លើផ្ទៃដីទំហំ១៣០ហិកតា។ សរុបជារួមគឺមានក្រុមហ៊ុន ចំនួន១៥៣ និងដែលបានផ្តល់ឱកាសការងារ២៩០០០កន្លែង។

ការលើកឡើងរបស់អគ្គនាយករងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយប្រតិភូគណៈកម្មការ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ដឹកនាំដោយ លោកជា វ៉ាន់ដេត ប្រធានគណៈកម្មការ បានសម្តែងការកោតសរសើរដល់ក្រុមហ៊ុនទាំងអស់ ដែលបានមកបណ្តាក់ទុននៅកម្ពុជាពិសេសនៅក្នុងខេត្តព្រះសីហនុ។

លោកបានគូសបញ្ជាក់ថា ក្នុងនាមរដ្ឋសភា គណៈកម្មការជំនាញរដ្ឋសភាដែលទទួលបន្ទុកវិស័យផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ ជាដើមនេះ ត្រៀមខ្លួនរង់ចាំធ្វើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ និងវិស័យឯកជនទាំងអស់ ដើម្បីសម្រួល និងធ្វើឲ្យការវិនិយោគនានា ដំណើរការដោយរលូន។

ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលកំពុង កើតមាននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុនេះ។ បន្ទាប់មកប្រតិភូគណៈកម្មការជំនាញរដ្ឋសភា បានចុះពិនិត្យសិក្សាស្វែងយល់ស្ថានីយ៍ចម្រោះទឹកស្អាត និងទីលានចាក់សម្រាម តំបន់ក្បាលឆាយ និងប្រព័ន្ធប្រព្រឹត្តិកម្មចម្រោះទឹកស្អុយកោះរ៉ុង កោះរ៉ុងសន្លឹម ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង