ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកលូ៥មកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេចបាន៩១%ហើយ នឹងអាចបូមទឹករំដោះការលិចលង់បាននៅចុងខែឧសភានេះ

89

ភ្នំពេញ៖ ស្ថានីយបូមទឹកលូ៥ គឺជាស្ថានីយបូមទឹកថ្មីមួយទៀតក្នុងចំណោយស្ថានីយជាច្រើនទៀត ដែលរដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងស្ថាបនាឡើង ដើម្បីបូមទឹករំដោះការលិចលង់ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ហើយមកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេចបាន ៩១%ហើយ នឹងអាចបូមទឹករំដោះការលិចលង់បាននៅចុងខែឧសភា២០១៩ខាងមុខនេះ។

    លោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា គិតត្រឹមថ្ងៃ២៦ មេសា ២០១៩នេះ ការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកលូ៥ សម្រេចបាន៩១%ហើយ ក្នុងនោះ នៅក្នុងអំឡុងពាក់កណ្ដាលខែ ឧសភាឆ្នាំ ២០១៩ យើងនឹងអាចដំឡើង ម៉ូទ័របូមទឹករួចរាល់ ហើយនៅចុងខែ ឧសភាដដែរនេះ យើងក៏នឹងអាចដំណើរការបូមទឹកសាកល្បងបានហើយ។

    គួរបញ្ជាក់ថា ការដ្ឋានស្ថាបនាស្ថានីយបូមទឹកលូ៥ ត្រូវបានបើកការដ្ឋានស្ថាបនាកាលថ្ងៃទី១៦ មីនាឆ្នាំ២០១៨ក្រោមវត្តមានលោក ឃួង ស្រេង  អភិបារាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅចំណុចមុំបី ចំណុចប្រសព្វ៣ខណ្ឌ គឺខណ្ឌមានជ័យ ពោធិសែនជ័យនិងខណ្ឌដង្កោ។

    ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកជំនន់ទឹកភ្លៀងចេញពីតំបន់ជាច្រើននៅក្នុងខណ្ឌទាំង៣នេះតែម្តង។

   ស្ថានីយបូមទឹកលូ៥នេះ គឺជាទីតាំងយុទ្ធសាស្ត្រមួយ ក្នុងការបូមទឹកចេញពីតំបន់ខាងកើតព្រលានយន្តហោះ តំបន់ចោមចៅ តំបន់ត្រពាំងថ្លឹង ភូមិគោកបញ្ជាន់ តំបន់ផ្សារស៊ិនជូរីផ្លាហ្សា តំបន់ថ្មគោល ផ្លូវ២០០៤ និងមួយផ្នែកទៀតពីសង្កាត់ទឹកថ្លា ខាងត្បូងមហាវិថីសហព័ន្ធរុស្សុី ដែលមានទំហំផ្ទៃរងទឹកភ្លៀងរហូតដល់១០២៨ហិកតា។

   គួរបញ្ជាក់ទៀតថា ស្ថានីយបូមទឹកលូ៥ សាងសង់ឡើងជាអគារថ្មី មានបណ្តោយ១៨,៩ម៉ែត្រ ទទឹង ១០,៩ម៉ែត្រ បំពាក់បំពង់បូមទឹក៤គ្រឿង ក្នុងនោះ បំពង់មុខកាត់៨តឹក២គ្រឿងនិងបំពង់មុខកាត់១ម៉ែត្រចំនួន២គ្រឿង ដែលអាចមានសមត្ថិភាពបូមទឹកបាន៥ម៉ែត្រគុប ក្នុងមួយវិនាទីនិងស្មើនិង២៨៨០០ម៉ែត្រគុប ក្នុង១ម៉ោង៕

អត្ថបទដែលជាប់ទាក់ទង