ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មឹកស្រស់ រួមជាមួយប្រហិតចម្រុះមានផ្ទុកសារធាតុគីមីហាមឃាត់ ចំនួន ៩៣ គីឡូក្រាម ត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង រកឃើញ និងដកហូត

80

(ខេត្តស្ទឹងត្រែង)៖ នៅល្ងាចថ្ងៃសៅរ៍ ៨រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង ដោយមានការសហការចូលរួមពី មន្ត្រីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី ក្រុងស្ទឹងត្រែង បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅតាមស្តង់ពិព័រណ៍ ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូម្ហូបអាហារមួយចំនួនមកធ្វើតេស្តបឋមមានដូចជា៖ មឹក បង្គា និងប្រហិតគ្រប់ប្រភេទ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញមឹកស្រស់ដែលមានផ្ទុកសារធាតុគីមីហាមឃាត់ formaline និងប្រហិតចម្រុះហួសកាលបរិច្ឆេទកំណត់ សរុបចំនួន ៩៣ គីឡូក្រោម។ បន្ទាប់ពីត្រួតពិនិត្យរួចរាល់មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូតដើម្បីយកទៅដុតកម្ទេចចោលភ្លាមៗ។

ក្នុងថ្ងៃដដែលនោះដែរ មន្រ្តីកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង