ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិចិនម្នាក់ ធ្វើសកម្មភាពបន្លំចូលក្នុងតូបប្តូរប្រាក់និងលក់ទំនិញ ហើយបានយកកូនកាំបិត ភ្ជុងបំពង់ក និងបានយកកាបូបប្រាក់ពីជនរងគ្រោះ​

79

បន្ទាយមានជ័យ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងបញ្ជូនជនជាតិចិនម្នាក់ បានធ្វើសកម្មភាពបន្លំចូលក្នុងតូបប្តូរប្រាក់និងលក់ទំនិញ ហើយបានយកកូនកាំបិត ភ្ជុងបំពង់ក និងបានយកកាបូបប្រាក់ពីជនរងគ្រោះ​ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ។
បញ្ជាការមូលដ្ឋានកងរាជអាហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា កាលពីវេលាម៉ោង១៥​និង១០នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩​ មានករណីលួច (ស្ថានទម្ងន់ទោស) បានកើតឡើងនៅចំណុចផ្សារដើមពុទ្ទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ដែលបង្កឡើងដោយជនសង្ស័យឈ្នោះ លី ស៊ួយ (Li SHUAI) ភេទប្រុស អាយុ៣២ឆ្នាំ ជាជនជាតិចិន បានធ្វើសកម្មភាពបន្លំចូលក្នុងតូបប្តូរប្រាក់ និងលក់ទំនិញ ហើយជនសង្ស័យបានយកកូនកាំបិត ភ្ជុងបំពង់ក និងបានយកកាបូបប្រាក់ពីជនរងគ្រោះ​ ឈ្មោះ រ៉ុម សុខឿន ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្រោយពីកើតហេតុរួច ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅបញ្ជាការមូលដ្ឋានកងរាជអាហត្ថក្រុងប៉ោយប៉ែតតែម្ដង
ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ទើបកម្លាំងអាវុធហត្ថមូលដ្ឋានក្រុងប៉ោយប៉ែតដឹកនាំដោយលោក វរសេនីយ៍ទោ អ៊ុំ សាខន នាយរងសេនាធិការដ្ឋាន ប្រចាំទិសក្រុងប៉ោយប៉ែត និងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងចុះប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើបាន នៅវេលាម៉ោង០៧និង៣១នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ព្រមទាំងដកហូតវត្ថុតាង រួមមាន៖ ប្រាក់ថៃចំនួន ៥៣៧៤០ (ប្រាំម៉ឺនបីពាន់ពីប្រាំពីររយសែសិប បាត) ប្រាក់ចិនចំនួន ៧៥៣៩ (ប្រាំពីរពាន់ប្រាំរយសាបសិបប្រាំបួន យ័ន) កាបូបពណ៌សុកូឡាចំនួន០១ កាបូបស្ពាយពណ៌ចំនួន០១ កូនកាំបិទដងជ័រពណ៌ខ្មៅ ​ប្រវែង ០,២២ ស.ម ចំនួន០១ ដើម ។
បន្ទាប់មកបានបញ្ជូនជនសង្ស័យមកបញ្ជាការមូលដ្ឋានក្រុងដើម្បីធ្វើការសាកសួរ ហើយបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍​ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តធម៌ បានប្រាប់ឲ្យដឹងថា ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជការកងរាជអាវុធហត្ថខេត្ត
និងដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ទើបកម្លាំងធ្វើប្រតិបត្តិការរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យរូបនេះតែម្តង។
លោកវរសេនីយ៍​ឯក ម៉ែន ភិរម្យ បានបញ្ជាក់បន្ថែមទៀតថា ក្រោយពីសមត្ថកិច្ចជំនាញធ្វើការសាកសួរចម្លើយ (តាមរយៈអ្នកបកប្រែ) ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានធ្វើសកម្មភាព
យកកូនកាំបិតភ្ជុងបំពងកទៅលើជនរងគ្រោះ ដើម្បីប្លន់យកប្រាក់ពិតប្រាកដមែន ។ ក្រោយពីបញ្ចប់ការស៊ើបអង្កេត និងយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះនិងដោយបានចម្លើយសារភាពរបស់ជនសង្ស័យផងនោះ
គឺមានភាពស៊ីសង្វាក់យ៉ាងជាក់នៃករណីខាងលើ ។ បច្ចុប្បន្ន កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ។
ចំពោះប្រាក់ថៃ ប្រាក់ចិន និងការបូបដែលជនសង្ស័យបានប្លន់នោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះវិញហើយផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង