ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាកបាទក្រហមកម្ពុជា ទទួលថវិកាចំនួន ២លាន ៦សែន ៦ម៉ឺនដុល្លារអាមេរិក ពីសប្បុរសជនដើម្បីអបអរទិវា ៨ ឧសភា ឆ្នាំ២០១៩

83

នៅទីស្នាក់ការកណ្តាល នាព្រឹកថ្ងៃពុធ ១២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានជួបសវនាការជាមួយសប្បុរសជន និងទទួលអំណោយជាថវិកាសរុបចំនួន ២,៦៦០,០០០ដុល្លារ (ពីរលានហុកសិបប្រាំមួយម៉ឺនដុល្លារអាមេរិក) ក្នុងឱកាសអបអរខួបទី ១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់ កាកបាទក្រហមកម្ពុជា» ។ ថវិកាដែលបានទទួលរួមមាន៖
១/ ថវិកាចំនួន ២,៤១០,០០០ដុល្លារ (ពីរលានសែសិបមួយម៉ឺនដុល្លារអាមេរិក) ពីសប្បុរសជន/ក្រុមហ៊ុននានា ដែលដឹកនាំដោយ អ្នកឧកញ៉ា ហ៊ុន តូ អគ្គនាយកក្រុមហ៊ុន អិល អិល អាស៊ាន អ៊ិនវេសមេន។
២/ ថវិកាចំនួន ១០០.០០០ដុល្លារ (ដប់ម៉ឺនដុល្លារអាមេរិក) ពីក្រុមហ៊ុន ដុងអេ អេសធី (ភេសជ្ជៈបាកាស់) DONG-A ST (BACCHUS) ដែលដឹកនាំដោយ លោក លី ដុងហ៊ូន Lee Dong Hoon អគ្គនាយករងក្រុមហ៊ុន ដុងអេ អេសធី។
៣/ ថវិកាចំនួន ១៥០,០០០ដុល្លារ (ដប់ប្រាំម៉ឺនដុល្លារអាមេរិក) ពីក្រុមហ៊ុន អកស៍ឡី វើលដ៍ប្រ៊ីជ ខេមបូឌា OXLEY WORLDBRIDGE (CAMBODIA) CO,.LTD ដែលដឹកនាំដោយ ឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល។

ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះទឹកចិត្តមនុស្សធម៌ប្រកបដោយសទ្ធាជ្រះថ្លារបស់សប្បុរសជនទាំងអស់ ដែលតែងតែជឿជាក់ និងជួយឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា ដើម្បីសមាគមជាតិមួយនេះមានធនធានហិរញ្ញវត្ថុសម្រាប់ធ្វើប្រតិបត្តិការមនុស្សធម៌ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានថ្លែងអំពាវនាវដល់សប្បុរសជនជាតិ-អន្តរជាតិដទៃទៀត អញ្ជើញចូលរួមឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវា ៨ ឧសភា ខាងមុខនេះ ដែលនឹងប្រារព្ធធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកាកបាទក្រហមកម្ពុជាអាចសម្រេច ជោគជ័យបេសកកម្មមនុស្សធម៌ក្នុងការបន្តជួយដល់ចាស់ជរាគ្មានទីពឹង កុមារកំព្រា ជនពិការ ស្ត្រីមេម៉ាយ អ្នកជំងឺរ៉ាំរ៉ៃ និងគ្រួសាររងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។

ទន្ទឹមនឹងនេះ សប្បុរជនទាំងអស់ បានសម្តែងនូវការអរគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូចូលជួបសម្តែងការគួរសម និងនាំយកអំណោយមកចូលរួមចំណែកសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋដែលត្រូវការឱ្យជួយជាចាំបាច់បំផុត៕

អត្ថបទដែលជាប់ទាក់ទង