ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បរិមាណទំនិញឆ្លងកាត់កំពង់ផែស្វយ័តខេត្តព្រះសីហនុ បានកើនឡើងខ្ពស់ក្នុងឆ្នាំ២០១៨ រហូតដល់ ២២,០៨%

131

ព្រះសីហនុ៖ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងពិធីសាកសួរសុខទុក្ខកម្មករ កម្មការិនី បុគ្គលិកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសលើកទី១៣៣ នៃទិវាពលកម្មអន្តរជាតិ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជម្រាបជូនអង្គពិធីទាំងមូលអំពីការអភិវឌ្ឍការសាងសង់កំពង់ផែស្វយ័តក្រុងព្រះសីហនុតាមជំហានៗ និងការកើនឡើងនៃការធ្វើពាណិជ្ជកម្មអន្តរជាតិផងដែរ។

លោកទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ វាជាមោទនភាពយ៉ាងខ្លាំងរបស់ប្រទេសកម្ពុជា ដោយបរិមាណទំនិញឆ្លងកាត់ បានកើនឡើងខ្ពស់ក្នុងឆ្នាំ២០១៨ ពោលគឺមានកំណើន ២២,០៨% ធៀបនឹងឆ្នាំ២០១៧។ រីឯចំណូលអាជីវកម្មសរុបសម្រេចបានប្រមាណ៧២ លានដុល្លារអាមេរិក។ ផ្អែកលើកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងកំណើនបរិមាណទំនិញឆ្លងកាត់កំពង់ផែ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងរំពឹងថាបរិមាណកុងតឺន័រដែលឆ្លងកាត់កំពង់ផែនឹងកើនលើស ៧០០.០០០ TEUs នៅឆ្នាំ ២០២០ និងលើស ១.០០០.០០០ TEUs នៅឆ្នាំ ២០២៣ ដែលនាំឱ្យតម្រូវការអភិវឌ្ឍ និងសាងសង់កំពង់ផែ ត្រូវសម្រេចឱ្យបានទាន់ពេលវេលា និងប្រើប្រាស់យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយបញ្ចុះតម្លៃលើកដាក់ទំនិញ បញ្ចុះតម្លៃសេវាឡូជិស្ទិក ពង្រឹងនូវប្រសិទ្ធភាពគ្រប់គ្រង និងប្រតិបត្តិការកំពង់ផែ និងកតា្តផ្សេងៗទៀត ដើម្បីពង្រឹងការប្រកួតប្រជែងក្នុងតំបន់ និងសកលលោក។

លើសពីនេះទៅទៀត លោកទេសរដ្ឋមន្ត្រី បានបន្តថា៖ ថ្មីៗនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏បានចូលរួមគាំទ្រដល់កិច្ចសម្រួលពាណិជ្ជកម្ម និងធុរកិច្ចនៅកម្ពុជាសំដៅជំរុញភាពប្រកួតប្រជែង និងបង្កើនល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ ដើម្បីធានាឱ្យបាននូវចីរភាពកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេលខាងមុខ តាមរយៈវិធានការបញ្ចុះថ្លៃលើកដាក់ Lo-Lo ចំនួន ១០% បញ្ចុះថ្លៃ Bonus ពី ៧,៥០ ដុល្លារ មក ៥ ដុល្លារអាមេរិក ក្នុងមួយ Box និងកែសម្រួលមិនគិតថ្លៃឈ្នួលបម្លាស់ទីនាវា (Shifting)។

លោកទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះអតិថិជនក៏ដូចជា អ្នកប្រើប្រាស់សេវាកំពង់ផែទាំងអស់ ដែលបាននិងកំពុងបន្តគាំទ្រប្រើប្រាស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាច្រកពាណិជ្ជកម្មអន្តរជាតិឈានមុខគេរបស់ព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង