ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខេត្តកំពង់ធំ វែកមុខសញ្ញាដែលជាមេខ្លោងជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់

74

កំពង់ធំ៖ ថ្ងៃ ពុធ ១២រោច ខែ ចេត្រ ឆ្នាំ កុរ ឯកស័ក ព.ស
២៥៦២ ត្រូវនិង ថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១៥ និង ១២នាទី  លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានវែកមុខសញ្ញាដែលជាមេខ្លោងជួញដូរ ចែកចាយប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានប្រសាសន៍ ដោយមានការចូលរួមសហការ ពីបងប្អូនប្រជាពលរដ្ឋ សមត្ថកិច្ច ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រើប្រាស់វិធានការជំនាញបង្ក្រាប មេក្លោងជួញដូរចែកចាយយ៉ាងសកម្មចំនួន ០២ នាក់និងមុខសញ្ញាប្រើប្រាស់សារធាតុញៀនខុសច្បាប់ចំនួន ០៨ នាក់ ក្នុងភូមិសាស្ត្រ ក្នុងស្រុក កំពង់សា្វយ ខេត្តកំពង់ធំ ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត បន្តថ្លៃងនៅថ្ងៃទី២៩ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោង ១៦ និង៤០នាទី ដោយមានការសម្របសម្រួលនីតិវិធី ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
បានចុះបង្ក្រាបករណីជួញដូរសាធតុញៀនដោយខុសច្បាប់ ០១ករណី នៅចំណុចភូមិត្រពាំងព្រលឹត ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
ឃាត់ខ្លួនមុខសញ្ញាជួញដូរបាន ០១នាក់៖ ឈ្មោះ ឃ្លាំង ជូ ភេទ ប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំ កំពង់ក្តី ស្រុក ជីក្រែង ខេត្តសៀមរាប ដកហូតបានសារធាតុញៀនខុសច្បាប់ចំនួន ១០ កញ្ចប់មានទម្ងន់៩, ២ ក្រាមនិងទូរស័ព្ទដៃចំនួន០១គ្រឿង ដែលបានមកចែកចាយសារធាតុញៀនខុសច្បាប់ នៅក្នុងភូមិសាស្ត្រស្រុក កំពង់ស្វាយ ។ បន្ទាប់មកនៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ២០១៩ វេលាម៉ោង ០៩ និង ២០នាទី សមត្ថកិច្ចជំនាញប្រើប្រាស់វិធានជំនាញរបស់បន្ត ឈានទៅបង្ក្រាបមុខសញ្ញាចំនួន ០១ នាក់ នៅចំណុចវត្តត្រពាំងព្រលឹត ស្ថិតនៅភូមិ ត្រពាំងព្រលឹត ឃុំ ត្រពាំងឬស្សី ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ ឈ្មោះ ណូ សំណាង ភេទប្រុស អាយុ ១៨ ឆ្នាំ នៅភូមិកំពង់ចិន ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ និង ដកហូតបានថ្នាំញៀនបាន ០១កញ្ចប់ទម្ងន់ ០,៥ ក្រាម ។
ដែលជាអ្នកទទួលសារធាតុញៀនពីមេក្លោងឈ្មោះ ឃ្លាំង ជូ ដើម្បីយកទៅប្រើប្រាស់ និងជួញដូរចែកចាយបន្ត នៅតាមទីសប្បាយភាពនានា ក្នុងស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ឈ្មោះ ណូ សំណាង ជាមុខសញ្ញាធ្លាប់ប្រើប្រាស់សារធាតុញៀនខុសច្បាប់ ហើយកន្លងមកអាណាព្យាបាលបានដឹងថាកូនគាត់ប្រើប្រាស់សារធាតុញៀន បានយក ណូ សំណាង ទៅផ្ញើវត្ត ដើម្បីផ្ដាច់សារធាតុញៀន ដោយអាណាព្យាបាល មិនបានមកទំនាក់ទំនងសហការជាមួយសមត្ថកិច្ចជំនាញឡើយ ដើម្បីយក ណូ សំណាង ទៅបន្សាបសារធាតុញៀន។ តែផ្ទុយទៅវិញឈ្មោះ ណូ សំណាង បានប្រែប្រួលពីអ្នកប្រើប្រាស់ទៅជាអ្នកចែកចាយបន្តនូវសារធាតុញៀនខុសច្បាប់យ៉ាងសកម្មទៅវិញ ត្រូវបានសមត្ថកិច្ចបង្ក្រាប។
ក្រោយមកកម្លាំងជំនាញបានឈានបន្តទៅឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់ថ្នាំញៀនបាន ០៨ នាក់ ជាបន្តបន្ទាប់ទៀត នាំមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត បានសំណូមពរ ដល់បងប្រជាពលរដ្ឋ គ្រប់លំដាប់ថ្នាក់ និងគ្រប់មូលដ្ឋានទូទាំងខេត្តកំពង់ធំ សូមយកចិត្តទុកដាក់ បញ្ហាគ្រឿងញៀន ជាបញ្ហាសម្រាប់យើងទាំងអស់គ្នា ព្រោះគ្រឿងញៀនអាចបំផ្លាញអ្វីៗទាំងអស់ ដូចជាសង្គមជាតិ សុខភាព អនាគត លែងស្គាល់បងប្អូនញាតិមិត្តមនុស្សជាទីស្រលាញ់ដែលនៅជុំវិញខ្លួនឡើយ ដូច្នេះស្នើឲ្យមានការចូលរួមសហការជាមួយសមត្ថកិច្ច បើប្រទះឃើញសកម្មភាពជួញដូរចែកចាយប្រើប្រាស់សារធាតុញៀន សូមផ្ដល់ដឹងដល់សមត្ថកិច្ច ដើម្បីមានមូលដ្ឋានក្នុងការបង្ក្រាបទប់ស្កាត់ទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង