ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកក្រុមហ៊ុន ENARITA បរិច្ឆាគថវិកា សប្បុរសធម៌  ១ម៉ឺនដុល្លារ ចូលចំណែកជាមួយកាកបាទក្រហម

163

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ ព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់អបអរសាទរខួបលើកទី ១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា នៅព្រឹកថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០១៩នេះ ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញ។ ពិធីនេះ មានការចូលរួមពីវត្តមានឥស្សរជន ថ្នាក់ដឹកនាំជាតិ អន្តរជាតិ សប្បុរសជន និងសិស្ស និស្សិតសរុបប្រមាណជាង៤ពាន់នាក់។

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «ប្រធានបទ ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា មិនមែនគ្រាន់តែស្ថិតលើក្រដាសនោះទេ ប៉ុន្តែត្រូវធ្វើឱ្យចេញជាសកម្មភាពជាក់ស្ដែង ហើយក្លាយទៅជាចលនាជាតិ តាំងពីថ្នាក់កំពូលរហូតដល់ប្រជាជនធម្មតា រាប់ទាំងប្រជាជនដែលត្រូវការជំនួយសង្គ្រោះ និងប្រជាជនដែលបានចូលរួមក្នុងសកម្មភាពមនុស្សធម៌»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញការជឿជាក់ថា ប្រជាជនកម្ពុជាប្រាកដជាអាចអនុវត្តបានស្របទៅនឹងទ្រឹស្ដី «ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា» ហើយទ្រឹស្ដីមួយនេះវាអាចបង្កើតនូវភាពសុខដុមរមនានឹងគ្នារវាងអ្នកដែលមានលទ្ធភាព និងអ្នកដែលគ្មានលទ្ធភាព ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមទៀតថា សប្បុរសជនទាំងអស់នឹងរួមគ្នាបរិច្ចាគធនធានជួយទ្រទ្រង់ដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងជនងាយរងគ្រោះទាំងឡាយ។

នៅក្នុងឱកាសនោះដែរ មានវត្តមាន លោក ឌីម សួនណាត និង លោកស្រី ម៉ក់ សុភក្ត្រ័ ដែលជាអគ្គនាយកក្រុមហ៊ុន ENARITA Development Co., Ltd. បានចូលរួមអបអរសាទរ និង បរិច្ឆាកថវិកា សប្បុរសធម៌ ផ្ទាល់ខ្លួន ចំនួន ១ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ថែមទៀតផង ដែលនេះជាការចូលចំណែកជាមួយកាកបាទក្រហម អឌ្ឍចន្ទក្រហម ដើម្បីជួយរំលែកទុក្ខលំបាកផ្សេងរបស់ជនទីទាល់ក្រលំបាកដែលត្រូវការជំនួយពីកាកបាទក្រហមជាចាំបាច់។

លោកបានបញ្ជាក់បន្ថែមថា កាលពីពេលថ្មីកន្លងនេះ លោក និងលោកស្រី ក៏បានចូលរួមចំណែកបរិច្ឆាកដល់ សាខាកាកបាទក្រហម ខេត្តកំពង់ធំ ចំនួន ២៥០០ដុល្លារ ផងដែរ ហើយក្នុងនាមក្រុមហ៊ុនENARITAផ្ទាល់ ក៏បានបង្កើតអោយមានជាសមាគមន៍សប្បុរសធម៌ដានីយ៉ែល ដែលលោកផ្ទាល់ជាប្រធាន តែងតែពាំនាំ អំណោយសប្បុរសធម៌ផ្ទាល់ខ្លួន និងទទួលបានពីការបរិច្ឆាគរបស់អតិថិជនក្រុមហ៊ុនENARITA ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ មួយចំនួន នៅតាមបណ្តាខេត្តផ្សេងៗផងដែរ។

ពិធីអបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភាឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ “ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា I Love Cambodian Red Cross”។ ទន្ទឹមនឹងការប្រារព្ធពិធីអបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភាហើយនោះ ក៏មានការអបអរខួប១០០ឆ្នាំ នៃការបង្កើតសហព័ន្ធ អន្តរជាតិ នៃសមាគមកាកបាទក្រហម អឌ្ឍចន្ទក្រហម ( ១៩១៩-២០១៩ ) ផងដែរ។

ទិវានេះត្រូវបានប្រារព្ធឡើងដើម្បីផ្សព្វផ្សាយអំពីសមិទ្ធផលសម្រេចបាន និងកៀងគររកមូលនិធិដើម្បីបន្ដប្រតិបត្ដិការសកម្មភាព មនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅទូទាំងប្រទេស ដោយថវិកា​សរុប​បឋម​ដែល​ទទួល​បាន​ពី​សប្បុរសជន​បាន​ចូលរួម​វិភាគទាន​ក្នុង​វិស័យ​មនុស្សធម៌​នៃ​កាកបាទក្រហមកម្ពុជា​សម្រាប់​ឆ្នាំ​២០១៩​ មាន​ចំនួន​ ២០.៧៥៧.៥១០ ដុល្លារ (​ម្ភៃ​លាន​ ប្រាំពីរ​រយ​ហាសិប​ប្រាំពី​ពាន់​ប្រាំ​រយ​ដប់ដដុល្លារគត់អាមេរិក​)​៕

អត្ថបទដែលជាប់ទាក់ទង