ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិញ្ញាបនបត្រចុះបញ្ជីផលិតផលសម្គាល់ទីតាំងភូមិសាស្រ្តជាផ្លូវការ សម្រាប់ផលលិតផលស្ករត្នោតកំពង់ស្ពឺ

155

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១០ ឧសភា ឆ្នាំ ២០១៩ ស្ថានទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ពីវិញ្ញាបនបត្រចុះបញ្ជីផលិតផលសម្គាល់ទីតាំងភូមិសាស្រ្តជាផ្លូវការ សម្រាប់ផលលិតផលស្ករត្នោតកំពង់ស្ពឺ បច្ចុប្បន្នបានដល់ដៃសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ។

ក្នុងឱកាសប្រារព្ធទិវាអឺរ៉ុបកាលពីថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០១៩ នេះ លោកGeorge Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប រួមនឹងលោក ទេសរដ្ឋមន្ត្រី លី ធុជ និងលោក កឹម ស៊ីថន រដ្ឋមន្រ្តីស្តីទី ក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រគល់វិញ្ញាបនបត្រចុះបញ្ជីផលិតផលសម្គាល់ទីតាំងភូមិសាស្រ្តនៅសហភាពអឺរ៉ុបជាផ្លូវការសម្រាប់ផលិតផលស្ករត្នោតកំពង់ស្ពឺ ជូនលោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ។
ឯកអគ្គរដ្ឋទូត George Edgar មានប្រសាសន៍ថា “សហភាពអឺរ៉ុប សូមអបអរសាទរចំពោះផលិតផលស្ករត្នោតកំពង់ស្ពឺរបស់កម្ពុជា ដែលបានទទួលជោគជ័យ ក្នុងការចុះបញ្ជីជាផលិតផលសម្គាល់ទីតាំងភូមិសាស្រ្ត (GI) ដែលទទួលបានការការពារពីសហភាពអឺរ៉ុប ហើយរីករាយក្នុងការបន្តគាំទ្រដល់កម្ពុជា ក្នុងការចុះបញ្ជីផលិតផលសម្គាល់ទីតាំងភូមិសាស្រ្តថ្មីៗបន្ថែមទៀត។ ការចុះបញ្ជីផលិតផលសម្គាល់ទីតាំងភូមិសាស្រ្ត ដើម្បីទទួលបានការការពារបែបនេះ ជួយធានាឱ្យមានការផ្តល់អត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវដល់អ្នកផលិត និងការពារតំបន់ជនបទ ព្រមទាំងផ្តល់នូវសក្តានុពលយ៉ាងធំធេងជាប្រភពនៃការអភិវឌ្ឍសេដ្ឋកិច្ច។”
ផលិតផលស្ករត្នោតកំពង់ស្ពឺ បានទទួលជោគជ័យក្នុងការចុះបញ្ជី ជាផលិតផលសម្គាល់ទីតាំងភូមិសាស្រ្ត (GI) ដែលទទួលបានការការពារពីសហភាពអឺរ៉ុប កាលពីថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០១៩។ នេះ មានន័យថា មានតែស្ករត្នោតដែលមានសញ្ញាសម្គាល់ពីសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺប៉ុណ្ណោះ ដែលអាចដាក់លក់ដោយប្រើឈ្មោះបែបនេះនៅអឺរ៉ុប។ ប្រការនេះ គួរជួយដល់ការផ្សព្វផ្សាយផលិតផលស្ករត្នោតកំពង់ស្ពឺ ថាជាផលិតផលដែលមានគុណភាពខ្ពស់ និងមានតម្លៃខ្ពស់។ ការចុះបញ្ជីផលិតផលស្ករត្នោតកំពង់ស្ពឺនេះ ធ្វើឡើងបន្ទាប់ពីការចុះបញ្ជីផលិតផលសម្គាល់ទីតាំងភូមិសាស្រ្តដែលទទួលបានការការពារសម្រាប់ម្រេចកំពត កាលពីឆ្នាំ ២០១៦៕

អត្ថបទដែលជាប់ទាក់ទង