ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវ ម៉ែន សំអន ប្រាប់ដល់ក្រុម ការងារ ត្រូវ បង្កើនការគ្រប់គ្រងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សឱ្យ​បានល្អ ត្រូវ​ខិតខំពង្រឹងសាមគ្គីភាព ឯកភាពគ្នាឱ្យបានរឹងមាំ

67

ស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកគណៈ អចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀងបានថ្លែងទៅកាន់អង្គបោះ ឆ្នោតទាំង៥១៨នាក់ថា៖ សមាជិកអង្គបោះឆ្នោតត្រូវបង្កើនការគ្រប់គ្រងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សឱ្យ​បានល្អ ដោយ​ខិតខំពង្រឹងសាមគ្គីភាព ឯកភាពគ្នាឱ្យបានរឹងមាំជំរុញការដឹក​នាំរបស់គណបក្សអោយទទួលបានជោគជ័យ។
ការថ្លែងរបស់លោកជំទាវម៉ែន សំអន បែបនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ-សង្កាត់ ទូទាំងខេត្ត ស្វាយរៀង កាលពីថ្ងៃសៅរ៏ ៨កើត ខែពិសាខ ឆ្នាំកុរឯកស័កព.ស២៥៦២ត្រូវនិងថ្ងៃទី១១ ឧសភា ឆ្នាំ២០១៩ ជាមួយសមាជិកអង្គបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង អាណត្តិទី ៣ ចូលរួមចំនួន ៥១៨នាក់ ។

លោកជំទាវ កិត្តិសង្គហបណ្ឌិត បានជម្រុញដល់អង្គបោះឆ្នោតថា ៖ ត្រូវបន្ដជំរុញអប់រំផ្សព្វផ្សាយ តាមគ្រប់រូបភាពឱ្យបានទូលំទូលាយ និងស៊ី ជម្រៅក្នុងគ្រប់ស្រទាប់ប្រជាជន ពិសេស ស្រទាប់ យុវជន អំពីសភាពការណ៍រីកចំរើនរបស់ប្រទេសជាតិ អំពីគោលនយោបាយនានារបស់គណបក្ស​ និងរាជរដ្ឋាភិបាលអំពីភាពជាម្ចាស់របស់ប្រជាជន និងវាយបក​រាល់ការឃោសនា​​អកុសលរបស់ពួកប្រឆាំង ដើម្បីបង្កើនជំនឿរបស់ប្រជាជនចំពោះការដឹកនាំរបស់គណបក្ស និងរាំងស្កាត់ឧបាយកលបំផ្លិចបំផ្លាញរបស់​ពួកប្រឆាំង និងអមិត្ត។ ត្រូវចេះយកចិត្ត យកថ្លើម និងសន្សំពិន្ទុជាមួយប្រជាជន តាមរយៈប្រសិទ្ធភាពការងារប្រចាំថ្ងៃ និងតាមរយៈអំពើល្អរបស់យើង  ពិសេសការផ្ដល់សេវាសា ធារណៈជូនប្រជាពលរដ្ឋទូទៅ នេះជាកាតព្វកិច្ចរបស់មន្ត្រីបក្សយើង ចំពោះ ប្រជាជន។
លោកជំទាវបានបញ្ជាក់ថា៖ ដោយការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី ៣ នេះ ត្រូវធ្វើ​ឡើង​ក្នុងរយៈពេល ៨ ថ្ងៃជាប់ៗគ្នា គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា​ ឆ្នាំ ២០១៩ ហើយត្រូវបញ្ចប់ ២៤ម៉ោង មុនថ្ងៃបោះឆ្នោត ដូច្នេះ យើងនៅសល់តែ ១៥ ថ្ងៃទៀតប៉ុណ្ណោះដល់ថ្ងៃបោះឆ្នោតហើយ ដូចនេះ ក្នុងរយៈពេលនេះ ទាំងក្រុមការងារ ទាំងស្រុក-ក្រុង ត្រូវប្រមូលផ្ដុំធ្វើសកម្មភាពចាំបាច់មួយចំនួន៖ត្រូវខិតខំទប់ស្កាត់រាល់សកម្មភាព ដែលប៉ុនប៉ងបំបែកបំបាក់ផ្ទៃក្នុងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ របស់យើង ឬក្នុងជួរបេក្ខជន ឬនៅក្នុងផ្ទៃក្នុងរបស់គណបក្ស ។
លោកជំទាវក៏បាន ណែនាំឲ្យ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ របស់យើងឱ្យស្គាល់លំដាប់លេខរៀងគណបក្ស លើសន្លឹកឆ្នោត និងណែនាំការគូសសន្លឹកឆ្នោត ព្រមទាំងរបៀបបោះឆ្នោតឱ្យបាន ត្រឹមត្រូវ។ត្រូវរួមគ្នាម្ចាស់ការវាយបកឱ្យបានទាន់ពេលវេលា រាល់ការឃោសនាមួលបង្កាច់ និង សកម្មភាពបំផុសបំផុល ញុះញង់អុជអាលរបស់ក្រុមប្រឆាំងតាមគ្រប់រូបភាពទៅតាមមូលដ្ឋាន ។

លោកជំទាវបានបញ្ជាក់ផងដែរថាការបោះឆ្នោតជ្រើសរសើក្រុមប្រឹក្សា គឺជាការបោះឆ្នោតអសកលដែលសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងតំណែងជាអង្គបោះឆ្នោត។ ការបោះឆ្នោតនេះ មានការខុសប្លែកពីការបោះឆ្នោតសកល ដោយអ្នកបោះឆ្នោតម្នាក់ៗ ត្រូវបោះឆ្នោតពីរសន្លឹក ដើម្បីជ្រើសរើសក្រុមប្រឹក្សា តាមប្រភេទនីមួយៗ និងមានហិបឆ្នោតចំនួនពីរ ៖សន្លឹកឆ្នោតទី ១ មានពណ៌លឿង ប្រើក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុក ក្រុង សម្រាប់ដាក់ក្នុងហិបឆ្នោតមួយ ។

សន្លឹកឆ្នោតទី ២ មានពណ៌ស ប្រើក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត សម្រាប់ដាក់ក្នុងហិបមួយផ្សេងទៀត ។ ដូចនេះ សូមអង្គបោះឆ្នោតទាំងអស់ មេត្តា ប្រុងប្រយ័ត្នកុំឱ្យមានការខុសឆ្គងដោយប្រការណាមួយឱ្យសោះ ។ 
លោកជំទាវបានបន្តទៀតថា៖ សន្លឹកឆ្នោតសម្រាប់បោះជ្រើសរើសក្រុមប្រឹក្សាខេត្ត មាន ៣   គណបក្ស ហើយគណបក្សប្រជាជនកម្ពុជានៅឈរលេខរៀងទី ៣ ក្នុងសន្លឹកឆ្នោត ។ ឯសន្លឹកឆ្នោត ជ្រើសរើសក្រុង-ស្រុក មានតែ ២ គណបក្សប៉ុណ្ណោះ សម្រាប់ស្រុកចន្ទ្រា និងស្រុកកំពង់រោទិ៍   គណបក្សប្រជាជនកម្ពុជា ឈរលេខរៀងទី ១ ឯស្រុក-ក្រុង ក្រៅពីនេះ គណបក្សប្រជាជនកម្ពុជា ឈរលេខរៀងទី ២ ត្រូវចងចាំឱ្យបានច្បាស់លាស់ ។

លោកជំទាវបានបន្តទៀតថា៖ លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ជាអង្គបោះឆ្នោតទាំងអស់ ត្រូវខិតខំថែរក្សាសុខភាពរបស់ខ្លួនឱ្យបានរឹងមាំជាប់ជានិច្ច និងប្រុងប្រយ័ត្នឱ្យហ្មត់ចត់ទាំងការហូបចុក ទាំង ការធ្វើដំណើរ ទាំងការស្នាក់អាស្រ័យ ហើយម៉្យាងទៀតត្រូវថែរក្សាឯកសារ សម្រាប់បម្រើការបោះឆ្នោត ដូចជា៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ​ឯកសារបញ្ជាក់អត្តសញ្ញាណ “ប័ណ្ណសំគាល់ សមាជិកកក្រុមប្រឹក្សាឃុំ-សង្កាត់” ឱ្យបានម៉ត់ចត់ ករណីបាត់ ឬខូច ត្រូវរាយការណ៍ជូនថ្នាក់ដឹកនាំជាបន្ទាន់ ដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលា ព្រោះ​ចំណុចនេះសំខាន់ណាស់​។

ល្ងាចថ្ងៃទី ២៥ ខែឧសភា ​ឆ្នាំ ២០១៩ ក្រុមការងាររួមជាមួយគណបក្សស្រុក-ក្រុង ទាំងអស់ ត្រូវធានាការប្រមូលត្រួតពិនិត្យម្ដងទៀត អ្នកបោះឆ្នោតតាមស្រុក-ក្រុងនីមួយៗ និងជួយដោះស្រាយ ការស្នាក់នៅ ការហូបចុក ជូនអង្គបោះឆ្នោត នៅតាមទីស្នាក់ការគណបក្សស្រុក-ក្រុងរបស់ខ្លួន ។
នៅព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៩ ក្រុមការងារ និងគណបក្សស្រុក-ក្រុង ត្រូវណែនាំ អ្នកបោះឆ្នោត ដោយប្រគល់ភារកិច្ចជូនប្រធានក្រមប្រឹក្សាឃុំ-សង្កាត់ នីមួយៗទទួលខុសត្រូវដឹកនាំ សមាជិកក្រុមប្រឹក្សារបស់ខ្លួនចេញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ទាំងអស់គ្នា ចាប់ពីម៉ោង ៧​ ព្រឹក​តទៅ ។
លោកជំទាវម៉ែន សំអន បានបន្តទៀតថា៖ ក្រុមការងារ និងគណបក្សស្រុក-ក្រុងទាំងអស់ ត្រូវសហការណ៍ជាមួយអាជ្ញាធរពាក់ព័ន្ធ ធានាថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ឱ្យបានល្អប្រសើរ ពិសេសត្រូវការពារទាំងមណ្ឌល និងការិយាល័យបោះឆ្នោត ការពារសុវត្ថិភាពជូនបេក្ខជនឈរឈ្មោះ និងការពារលទ្ធផលបោះឆ្នោត  ព្រមទាំងគ្រប់គ្រងសភាពការណ៍ក្រោយការបោះឆ្នោតឱ្យបានល្អប្រសើរ ហើយត្រូវរាយការណ៍ជូន  គណៈអចិន្ត្រៃយ៍គណបក្សខេត្ត នូវលទ្ធផលនៃការបោះឆ្នោត សភាពការណ៍ផ្សេងៗឱ្យបានទៀងទាត់ តាមការជាក់ស្ដែង ៕
ដោយ ៖សារីទ្ធី

អត្ថបទដែលជាប់ទាក់ទង