ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាកសិករខេត្តបន្ទាយមានជ័យកំពុងមមាញឹក បង្កបង្កើនផលរដូវវស្សា

226


បន្ទាយមានជ័យ៖ ប្រជាកសិករនៅខេត្តបន្ទាយមានជ័យកំពុងមមាញឹកការងារ​បង្កបង្កើនផល​រដូវវស្សា បន្ទាប់​ពី​​​ទទួល​បាន​ទឹកភ្លៀងធ្លាក់​ជា​បន្តបន្ទាប់ទៅតាម​ទម្លាប់របស់ពួកគាត់​ត្រូវតែ​ធ្វើ​ឱ្យបាន​ទាន់​រដូវ​កាលនោះ ​។

លោក ប៉ាង វណ្ណសេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តបន្ទាយមាន ជ័យ បាន​​ឱ្យដឹងកាលពីរសៀលថ្ងៃចន្ទ ១០រោច​ ខែពិសាខ ​ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី២៨ខែឧសភា ឆ្នាំ២០១៩នេះ​ថា ​រដូវវស្សា​ឆ្នាំ​២០១៩​នេះគិតត្រឹមថ្ងៃទី២៨ ខែឧសភានេះ ប្រជាកសិករនៅ​ទូទាំង​ខេត្ត ​បាន​ភ្ជួរ​ដាស់ដី​ស្រូវវស្សា​បាន​​ជិត ២០​ម៉ឺន​ហិកតា​ និង​ព្រោះស្រូវ​បាន​ជាង ​៨​ម៉ឺន​ហិកតា​ ​​ស្មើនឹង​ជាង ​៣៥​ភាគរយ ​នៃ​ផែនការធ្វើ​ស្រូវវស្សាប្រចាំឆ្នាំ​ជាង ​២៥​ម៉ឺន​ហិ​កតា នោះគឺ​យឺត​ជាង​ឆ្នាំ​២០១៨ ​ក្នុងរយៈពេល​ដូចគ្នា​ប្រមាណ​ ១០​ភាគ រយ​។ ​រីឯ​ការធ្វើ​​ ស្រូវប្រាំង​ដើមរដូវ​វស្សា មកទល់ពេលនេះសម្រេច​បាន​ជាង ​​២៥.០០០​ហិកតា​។

លោក​បាន​បញ្ជាក់ថា ការ​យឺតយ៉ាវ​បន្តិច​នេះ ​អាចមកពី​កត្តា​អាកាសធាតុ​ប្រែប្រួល ​ការឡើង​ក្តៅ​ខ្លាំង និង​របាយ​ទឹកភ្លៀង​មិន​ទៀងទាត់​។ ​រីឯ​ការដាំដុះ​ដំណាំ​រដូវវស្សា​វិញអនុវត្តន៍​បាន​ដំណាំ​រួមផ្សំ​ចំនួន ​​៥៥​ហិកតា ​ដំណាំ​បន្លែ​បាន​ជិត ​៣០០​ហិកតា ​​និង​ដំណាំ​ឧស្សាហកម្ម ​ពិសេស​ដំឡូង​មី បាន​ជាង​ ៤​ម៉ឺន​ហិកតា ​លើ​ផែនការ ​៨​​៥.០០០​ហិកតា​។

លោក ប៉ាង វណ្ណសេដ្ឋ បានបញ្ជាក់​ទៀតថា ​នៅ​​​ក្នុងរយៈពេលដូចគ្នា​នេះភ្លៀង​ធ្លាក់​ដោយ​កន្លែង ​កម្រិត​ទឹកភ្លៀង​សរុប​ជា​មធ្យម​គិតពី​ដើម​វគ្គ ​មាន​ចំនួន ​១៤៨,១៥​មី​លី​ម៉ែត្រ ​បើ​ធៀប​នឹង​ឆ្នាំ​កន្លងទៅ ​មាន​កម្រិត​ទាប​ជាង​ចំនួន ​១៨០,៥៩​មី​លី​ម៉ែត្រ​។

​លោកបានឱ្យដឹងបន្ថែមទៀតថា សម្រាប់​ខេត្ត​បន្ទាយមានជ័យ ​​​បច្ចុប្បន្ននេះប្រភពទឹក នៅ​ទូទាំង​ខេត្ត អាចជួយ​ស្រោចស្រព​ដីស្រែ​បាន​​កាន់តែប្រសើរឡើង ខណៈ​សព្វថ្ងៃ​រាជរដ្ឋាភិ បាល ​តាមរយៈក្រសួង​ធនធានទឹក ​និង​ឧតុនិយម ​ក៏ដូចជាដៃគូ​អភិវឌ្ឍន៍ ​បាន​បន្ត​ជួយ​ស្ដារ​ប្រឡាយ​ ធ្វើ​ប្រឡាយ និង​ធ្វើអាង​ស្តុក​ទឹក ​ទំនប់​ស្ទាក់​ទឹកជា​ច្រើន​កន្លែង​ជា​បន្តបន្ទាប់​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ស្រែរបស់​ប្រជា​ពលរដ្ឋ ក្នុង​មួយឆ្នាំអាច​ធ្វើ​បាន​ចាប់ពី​២ ​ទៅ​៣​ដង ​ទៅតាម​តំបន់​ភូមិសាស្ត្រ​ជាក់ស្ដែង​។

ជាមួយនេះដែរការប្រែប្រួល​វិជ្ជមាន​របស់​ប្រជាកសិករ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​គឺ​ពួកគាត់​បាន​ផលិត​ពូជស្រូវ​ខ្លួន​ឯងបាន តែ​ក្រោម​ការ​ជ្រោមជ្រែង​បច្ចេកទេស​ពី​មន្ត្រី​ជំនាញ​។​ ប្រជាកសិករ​បាន​ចងក្រង​ជា​សហគមន៍ ដើម្បី​ជួយ​គ្នា​លើ​បច្ចេកទេស ​​ ​ការ​ទប់ទល់​នឹង​ហានិ ភ័យ ​ការ​រក​ទីផ្សារ ជាដើម​ ៕ ដោយ៖ សារីទ្ធី

អត្ថបទដែលជាប់ទាក់ទង