ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្គា ៨០ គីឡូក្រាម ត្រូវបាន រកឃើញមានភាពមិនប្រក្រតី នៅក្នុងផ្សារលើ ខេត្តព្រះសីហនុ

97

(ខេត្តព្រះសីហនុ)៖ បង្គាមានលាយសារធាតុដូចចាហួយចំនួន៨០គីឡូក្រាម ត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុរកឃើញនិងដកហូតបានពីផ្សារលើក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃ ២៩ ខែឧសភា ឆ្នាំ២០១៩នេះ។ បើតាមមន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុថ្លែងថា ការចុះត្រួតពិនិត្យមានកិច្ចសហការចូលរួមពី មន្រ្តីមន្ទីពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី ហើយថាបង្គាដែលមានចាក់បញ្ចូលសារធាតុស្រដៀងចាហួយចំនួន៨០គីឡូក្រាមនេះ មន្ត្រីកាំកុងត្រូលអះអាងថារកឃើញនៅតូបលេខ ៨២៦ ផ្សារលើ។

នៅថ្ងៃពុធ ១១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ២៩ ខែឧសភា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដោយមានការសហការពីមន្រ្តីមន្ទីពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យ តូបលក់គ្រឿងសមុទ្រស្រស់ នៅផ្សារលើ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញ បង្គាមានចាក់បញ្ចូលសារធាតុស្រដៀងចាហួយនៅ ចំនួន ៨០ គីឡូក្រាម។ បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ដើម្បីយកទៅដុតកម្ទេចចោល តាមនីតិវិធី និងបានឱ្យអាជីវករធ្វើកិច្ចសន្យាបញ្ឈប់ការលក់ម្អូបអាហារមិនប្រក្រតីបន្តទៀត។

ក្នុងថ្ងៃដដែលនោះដែរមន្រ្តីសាខាកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករដទៃ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត។

ករណីនេះ មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ដើម្បីយកទៅដុតកម្ទេចចោល តាមនីតិវិធី និងបានឱ្យអាជីវករធ្វើកិច្ចសន្យាបញ្ឈប់ការលក់ម្អូបអាហារមិនប្រក្រតីបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង