ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌចំការមននាំគ្នារើសសំរាមតាមដងផ្លូវក្នុងមូលដ្ឋាន ដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ចូលរួមក្នុងការគ្រប់គ្រងសំរាម សំណល់រឹងឲ្យបានល្អត្រឹមត្រូវ

218

ភ្នំពេញ ៖ ដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមក្នុងការគ្រប់គ្រងសំរាម សំណល់រឹងឲ្យបានល្អត្រឹមត្រូវ នៅក្នុងមូលដ្ឋាន និងជាការលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋ អំពីផលវិបាកយ៉ាងធ្ងន់ធ្ងរនៃសំរាម ដែលកើនឡើងស្របតាមការអភិវឌ្ឍន៍រីកចំរើននូវអគារខ្ពស់ៗ នៃរាជធានីភ្នំពេញ ពិសេសក្នុងមូលដ្ឋានខណ្ឌចំករមន សង្កាត់ទន្លេបាសាក់ តំបន់កោះពេជ្រ នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌចំការមន បានប្រារព្ឋទិវាសម្អាតបរិស្ថានជាតិ ដោយមានការចូលរួមពីលោក-លោកស្រីអភិបាលរង មន្ត្រីក្រោមអាវាទចំណុះជំនាញសាលាខណ្ឌ សង្កាត់ យុវជនស.ស.យ.ក កម្លាំងអធិការការដ្ឋាននគរបាលខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ និងសណ្តាប់ធ្នាប់ខណ្ឌ។

ខណៈរើសសំរាមបណ្តើរនោះ លោក ថេង សុថុល បានមានថ្លែងថា យើងធ្វើក្នុងគោលបំណង លើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ចូលរួមក្នុងការគ្រប់គ្រងសំរាម សំណល់រឹងឲ្យបានល្អត្រឹមត្រូវ នៅទូទាំងខណ្ឌ និងជាការលើកកម្ពស់ ការយល់ដឹងដល់ប្រជាពលរដ្ឋអំពីផលវិបាកយ៉ាងធ្ងន់ធ្ងរនៃសំរាម ដែលកើនឡើងតាមកំណើនប្រជាពលរដ្ឋ តម្រូវឲ្យយើងទាំងអស់គ្នា រួមគ្នាចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដោះស្រាយបញ្ហានេះឲ្យបានប្រសើរឡើង ហើយគោលបំណងនៃទិវានេះ ។

លោកថា បញ្ហាសំរាម បើយើងមិនបានយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង ឲ្យបានល្អត្រឹមត្រូវនោះទេ វាប្រាកដជាបង្កផលប៉ះពាល់ មកដល់យើងវិញជាក់ជាមិនខាន ព្រោះបញ្ហាសំរាម ធ្វើឲ្យមានក្លិនស្អុយមេរោគបង្កជម្ងឺ ខ្ពើមរអើម ប៉ះពាល់ដល់យើង អ្នកជិតខាងយើង និងអ្នកដំណើរឆ្លងកាត់ បណ្តាលឲ្យខូចសុខភាព ធ្វើឲ្យបាត់បង់សោភ័ណភាព អាប់ឱនកិត្តិយសគ្រួសារ មូលដ្ឋាន សង្គមជាតិ និងបាត់បង់ចំណូលពីវិស័យទេសចរណ៍ គ្មានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ជាទម្លាប់មិនល្អនៅក្នុងសង្គម និងគ្រួសារ បង្កឲ្យមានការបំពុលដល់បរិស្ថាន ដូចជា បំពុលទឹក ដោយសារធ្លាក់ចូលក្នុងប្រភពទឹកនានា និងកកស្ទះប្រព័ន្ធលូ។

ទន្ទឹងនឹងនេះ លោក ថេង សុថុល ក៏បានអោយមានកម្លាំងប្រចាំការ ដើម្បីទប់ស្កាត់កុំអោយប្រជាពលរដ្ឋ យកសំរាមមកចោលខុសពេលម៉ោង ដែលខាងស៊ីនទ្រីបានយកទៅហើយនោះ ។ ដោយតំបន់កោះពេជ្រ ទន្លេបាសាក់នេះ មានការអភិវឌ្ឍន៍រីកចំរើនលឿន ដូច្នេះសំរាមមិនត្រូវអោយកើតមានតាមដងផ្លូវ ទីសាធារណៈនោះទេ ។ ការចូលរួមរបស់មហាជនក្នុងការធ្វើ អនាម័យ បរិស្ថាន ការទុកដាក់សំណល់គ្រប់ប្រភេទ តាមលក្ខណៈបច្ចេកទេសបរិស្ថានបានល្អត្រឹមត្រូវ គឺជាការចូលរួមលើក ស្ទួយកែលម្អគុណភាពបរិស្ថាន សោភ័ណភាពទីក្រុង ឲ្យស្រស់ស្អាតផូរផង់ និងបៃតងជានិច្ច រួមចំណែក លើកស្ទួយកិត្យានុភាពជាតិ និងសុខុមាលភាពប្រជាពលរដ្ឋយើងឲ្យបានប្រសើរឡើង៕

អត្ថបទដែលជាប់ទាក់ទង