ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាវៀតណាម គោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក ផ្តល់ជូនព័ត៌មានគ្នា ដោះស្រាយបញ្ហា ឲ្យបានទាន់ពេលវេលា លើបញ្ហាព្រំដែន

80

កំពង់ចាម៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងថា ការលើកកម្ពស់ទំនាក់ទំនងជាមួយកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ច តាមបណ្តោយព្រំដែនប្រទេសជិតខាង ដើម្បីអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ឈរលើគោលការណ៍ គោរពអធិបតេយ្យភាពគ្នា ទៅវិញទៅមក ជាពិសេសជាមួយកម្លាំង និងអាជ្ញាធរព្រំដែន ប្រទេសវៀតណាម ដោយសហការឲ្យបានជិតស្និទ្ធ និងជាប់ជាប្រចាំ ផ្តល់ជូនព័ត៌មានគ្នាទៅវិញទៅមក ដោះស្រាយបញ្ហា ឲ្យបានទាន់ពេលវេលា និងដោយសន្តិវិធី ក្នុងករណីចាំបាច់ ព្រមទាំងជួយបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋរកស៊ី និងចេញចូលតាមព្រំដែន។

ថ្ងៃសៅរ៍ ៦កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ លោក នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអគារទីបញ្ជាការយោធភូមិភាគទី២។

នៅក្នុងឱកាសនៃពិធីសម្ពោធនេះដែរ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានលើកយកសច្ចភាពប្រវត្តិសាស្ត្រ និងបច្ចុប្បន្នភាពសំខាន់ៗ រួមមាន៖
ទី១៖ ការផ្លាស់ប្ដូររបបពីសង្គមរាស្ត្រនិយម ទៅជារបបសាធារណរដ្ឋខ្មែរ (របបលន់ នល់) ដែលនាំសង្គ្រាមចូលស្រុក មានការទម្លាក់គ្រាប់បែក គ្រាប់ផ្លោង ធ្វើឲ្យមនុស្សស្លាប់ ពិការ ដែលបន្សល់ទុករហូតដល់បច្ចុប្បន្ន។ បញ្ហានៃការផ្លាស់ប្ដូររបបនេះបានឈានដល់របប ប៉ុល ពត ប្រល័យពូជសាសន៍ខ្លួនឯង កាប់សម្លាប់ និងបំផ្លិចបំផ្លាញខ្ទេចខ្ទីទាំងអស់។
ទី២៖អ្នកដែលរំដោះយើងទាំងអស់គ្នា គឺសម្ដេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំ៤រូបទៀត បានលះបង់ប្រពន្ធ កូន មិត្តភ័ក្ដិ អាយុជីវិត និងប្រទេសជាតិដើម្បីចេញទៅរដោះយើងទាំងអស់គ្នា ដោយសម្ដេចមិនខ្លាចការស្លាប់ដោយជាន់មីន ការស្លាប់ដោយប៉ះជាមួយកងទ័ពប្រជាជនវៀតណាមដែលជាមិត្ត និងដោយគេចាប់ និងបញ្ជូនមកវិញ។ សម្ដេច ហ៊ុន សែន មិនមែនរត់យករួចខ្លួន ដើម្បីសេចក្ដីសុខផ្ទាល់ខ្លួនទេ គឺលោកមានស្មារតីស្នេហាជាតិ ស្នេហាប្រជាជន ដោយលោកបានរួមសហការជាមួយមិត្តវៀតណាមបង្កើតបានវរៈសាមគ្គីសង្គ្រោះជាតិ ហៅថាវរៈលេខ១២៥ រហូតដល់ការបង្កើតបាននូវរណៈសិរ្សសាមគ្គីសងគ្រោះជាតិ ២ ធ្នូ ១៩៧៨ ដោយមានចលនាទាំងក្នុង និងក្រៅ។ ចលនានេះបានសហការជាមួយកងទ័ពប្រជាជនវៀតណាមដើម្បីរំដោះប្រទេសកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ឆ្នាំ១៩៧៩ ប៉ុន្តែសង្គ្រាមមិនទាន់ចប់នៅឡើយទេ រហូតមកដល់ឆ្នាំ១៩៩៨ទើបសង្គ្រាមបានបញ្ចប់ កម្ពុជាមានសន្តិភាពពេញលេញក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនាំឱ្យមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ និងការរស់នៅប្រកបដោយសុខដុមរមនា។
ដូច្នេះហើយ យើងទាំងអស់គ្នាត្រូវតបស្នងចំពោះអ្នកដែលបានរំដោះយើងដោយត្រូវកត្ដញ្ញូ និងដឹគុណ រស់នៅដោយសុខដុមនីយកម្ម និងត្រូវការពារនិងថែរក្សាសន្ដិភាពទោះក្នុងតម្លៃណាក៏ដោយ។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានណែនាំ និងក្រើនរំលឹក ចំណុចសំខាន់ៗចំនួន១០ ដើម្បីជាទុនបន្ថែមសម្រាប់បំពេញការងារ នៅតាមកន្លែងរៀងៗខ្លួន៖
ទី១៖ យល់ច្បាស់នូវតួនាទី និងភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ដែលជាកម្លាំងស្នូល នៃកិច្ចការពារខឿនឯករាជ្យជាតិរបស់ប្រជាជន ដើម្បីធានាដល់កិច្ចការពារប្រទេស និងផលប្រយោជន៍ជាតិ។ នោះគឺត្រូវតែសកម្មអនុវត្តការងារតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំអង្គភាព ឲ្យបានសម្រេចភារកិច្ចនិងទទួលជោគជ័យ។
ទី២៖ ត្រូវធ្វើជាគំរូក្នុងការគោរពច្បាប់ និងអនុវត្តច្បាប់ ជាពិសេស ត្រូវតែគោរពវិន័យ បទបញ្ជា លក្ខន្តិកៈទូទៅរបស់យោធិននៃកងយោធពល
ខេមរភូមិន្ទដោយស្មារតីភ្ញាក់រឭក។ សិក្សាស្រាវជ្រាវស្វែងយល់ពីច្បាប់ នីតិវិធី ឯកសារបទដ្ឋានគតិយុត្តិទាក់ទិននឹងបញ្ហាព្រំដែន ដើម្បីលើកកម្ពស់ កិច្ចសហការជាមួយប្រទេសជិតខាងល្អដោយគោរពផលប្រយោជន៍ទៅវិញទៅមក។
ទី៣៖ អនុវត្តឲ្យខ្ជាប់ខ្លួន និងជាប្រចាំនូវគោលការណ៍ដឹកនាំ ព្រមទាំងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ដែលជាត្រីវិស័យសម្រាប់កសាង
អត្តចរិតខ្លួននិងដឹកនាំកងឯកភាពនិងស្ថាប័ន រួមមាន៖ អភិក្រមប្រាំ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» បាវចនាពីរ «កែទម្រង់ខាងក្នុង បង្កើនមិត្តភាពខាងក្រៅ ក្នុងស្មារតីឯករាជ្យ» និងបទបញ្ជាដប់ចំណុចរបស់សម្តេចនាយករដ្ឋមន្ត្រី ដែលថ្លែងនៅក្នុងទិវាគម្រប់ខួប២០ឆ្នាំ នៃការបង្កើតកងទ័ពជើងគោក។
ទី៤៖ ក្តាប់ជាប់សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ក្នុងប្រទេស ជាពិសេសសភាពការណ៍ ដែលមានការពាក់ព័ន្ធនឹងកងយោធពលខេមរភូមិន្ទ
ដើម្បីត្រៀមលក្ខណៈអនុវត្តបទបញ្ជា។ លើកកម្ពស់ស្មារតីប្រុងប្រយ័ត្នចំពោះឧបាយកលបំបែកបំបាក់ បំផ្លិចបំផ្លាញការឯកភាពរបស់កង
យោធពលខេមរភូមិន្ទ តាមរយៈការប្រើប្រាស់ព័ត៌មានក្លែងក្លាយក្នុងបណ្តាញសង្គមហ្វេសប៊ុក។ ត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងត្រូវគោរពនិងអនុវត្តបទបញ្ជាតាមឋានានុក្រម។
ទី៥៖ ពង្រឹង និងពង្រីកចំណងសាមគ្គីភាព និងការឯកភាពផ្ទៃក្នុងអង្គភាព ឲ្យបានល្អស្តាប់មតិយោបល់ និងទទួលយកបទពិសោធន៍ថ្មីៗ ពីមជ្ឈដ្ឋានជុំវិញ និងយកចិត្តទុកដាក់ខ្ពស់នូវទស្សនៈជាសមូហភាព ទាំងការរស់នៅ និងធ្វើការងារ ដោយត្រូវចាត់ទុកថាសាមគ្គី គឺជាស្នូលនៃភាពជោគជ័យ នៃការអនុវត្តភារកិច្ច។ ម្យ៉ាងវិញទៀត ត្រូវធ្វើទំនាក់ទំនងឲ្យបានល្អជាមួយមហាជន ព្រោះថាកងយោធពលខេមរភូមិន្ទ ជាកូនចៅប្រជាជន បង្កើតដោយប្រជាជន និងបម្រើប្រជាជន។
ទី៦៖ រៀបចំទុកដាក់ថែទាំ និងជួសជុលមធ្យោបាយ គ្រឿងបំពាក់អាវុធយុទ្ធភណ្ឌ គ្រាប់រំសេវ និងឧបករណ៍បច្ចេកទេស ដើម្បីបង្កាបាននូវការខ្ជះខ្ជាយ និងបាត់បង់ លើកកម្ពស់មនសិកាប្រើប្រាស់សន្សំសំចៃ និងរក្សាបានគត់មត់តាមលក្ខណៈបច្ចេកទេស។ ជាពិសេស ត្រូវយកចិត្តទុកថែរក្សានិងជួសជុលជំរុំជម្រក សំណង់អគារដែលជាអំណោយរបស់មិត្តវៀតណាម ដោយចាត់ទុកថានោះជាការរួមចំណែក និងចែករំលែកដែលមិនអាចកាត់ថ្លៃបាន។
ទី៧៖ បន្តរៀនសូត្រចំណេះដឹងទូទៅ ជំនាញថ្មីៗ និងភាសាបរទេសដែលចាំបាច់ ចែករំលែកចំណេះដឹង និងជំនាញដែលទទួលបានពីការរៀនសូត្រ ដល់សហការីដែលនៅក្នុងអង្គភាព ដោយទឹកចិត្តភាតរៈ ព្រមទាំងលើកកម្ពស់សីលធម៌រស់នៅ កាយសម្បទា និងការកម្សាន្តសប្បាយ។
ទន្ទឹមនឹងនេះ ត្រូវតែលើកកម្ពស់ការយល់ដឹងអំពីផលវិបាក នៃគ្រឿងញៀនខុសច្បាប់ ព្រមទាំងមានវិធានការប្រុងប្រយ័ត្ន បង្កាទប់ស្កាត់ និងសហការបង្ក្រាប បានទាន់ពេលវេលានូវការផលិត ចរាចរណ៍ និងប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវដើម្បីរួមចំណែករក្សា បានគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
ទី៨៖ ចូលរួមកសាងអង្គភាពក្រោមការដឹកនាំរបស់មេបញ្ជាការរបស់ខ្លួន ដើម្បីក្លាយជាអង្គភាពរៀបរយ រស់នៅនិងធ្វើការងារស្អាត និងមានអនាម័យល្អ ព្រមទាំងត្រូវយកចិត្តទុកដាក់ចិញ្ចឹមសត្វ និងបង្កបង្កើនផលដើម្បីធានាជីវភាពរស់នៅរបស់យោធិនបន្ថែម លើគោលរបបកំណត់។
ទី៩៖ ចូលរួមយ៉ាងសកម្មក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលជួបវិបត្តិធម្មជាតិ ការជញ្ចៀសប្រជាពលរដ្ឋទៅកាន់តំបន់មានសុវត្ថិភាព ផ្តល់ការរក្សាសន្តិសុខ និងការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតជាដើម។
ទី១០៖ លើកកម្ពស់ទំនាក់ទំនងជាមួយកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចតាមបណ្តោយព្រំដែនប្រទេសជិតខាង ដើម្បីអនុវត្តគោលនយោបាយ
របស់រាជរដ្ឋាភិបាល ឈរលើគោលការណ៍គោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក ជាពិសេសជាមួយកម្លាំងនិងអាជ្ញាធរព្រំដែនប្រទេសវៀតណាម ដោយសហការឲ្យបានជិតស្និទ្ធ និងជាប់ជាប្រចាំ ផ្តល់ជូនព័ត៌មានគ្នាទៅវិញទៅមកដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា និងដោយសន្តិវិធី ក្នុងករណីចាំបាច់ ព្រមទាំងជួយបង្កលក្ខណៈងាយស្រលដល់ប្រជាពលរដ្ឋរកស៊ី និងចេញចូលតាមព្រំដែន៕

អត្ថបទដែលជាប់ទាក់ទង