ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជិតដល់ថ្ងៃឡើងតុលាការ លោក​ ផែង​ វណ្ណៈ​ ធ្វើ​លិខិត​សុំ​ទោស​សម្តេចតេជោ​ ហ៊ុន​ សែន​

66

ភ្នំពេញ៖ចុងបញ្ចប់ មុនតុលាការប្រកាសកាត់លោកផែងវណ្ណៈ សម្រេចសរសេរលិខិតសុំទោសសម្តេចនឹងអ្នកលេងបណ្តាញសង្គមដល់លោក ។
លោកផែង វណ្ណៈ សន្យានឹងកែប្រែអត្តចរិកមិនល្អចោលទាំងអស់។លោកផែងវណ្ណៈសង្ឃឹមថាសម្តេចនឹងមហាជននឹងអភ័យទោសអោយលោកមិនខាន។

លោក ផែង វណ្ណៈ ទំនងជាភ្ញាក់ខ្លួនដឹងកំហុសខ្លួនឯង បានសរសេរលិខិតសុំអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នូវអ្វីដែលខ្លួនបានប្រព្រឹត្ត។

លោក ផែង វណ្ណៈ បានរៀបរាប់ចេញពីមន្ទីរឃុំឃាំងថា “ទង្វើដ៏ឆ្គាំឆ្គងនេះកើតឡើងដោយសារ ខ្ញុំមានការភ្លេចខ្លួនមានអារម្មណ៍ឆេវឆាវ ខ្វះការពិចារណា ច្រឡោត ខឹងសម្បា ទៅលើអ្នកលេងហ្វេសប៊ុកមួយចំនួន ដោយមិនបានគិតវែងឆ្ងាយ ជាហេតុនាំឲ្យប៉ះពាល់ដល់កិត្តិយស សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ល្អប្រពៃ នៃប្រជាជនកម្ពុជា។ ទន្ទឹមនេះខ្ញុំបាទ ក៏សុំការអភ័យទោសផងដែរ ពីសំណាក់ថ្នាក់ដឹកនាំ និងបងប្អូនមួយចំនួននាពេលកន្លងមក ដែលខ្ញុំធ្លាប់បានរិះគន់ ដោយប្រើប្រាស់ពាក្យសម្តីមិនសមរម្យ ធ្វើឲ្យប៉ពាល់ដល់កិត្តិយសផ្ទាល់ខ្លួនរបស់ថ្នាក់ដឹកនាំ និងបងប្អូនមួយចំនួន។ ខ្ញុំបាទចងចាំនូវកំហុសឆ្គងកន្លងមកនេះ ដោយសន្យាថានឹងធ្វើការកែប្រែអត្តចរិត ពាក្យសម្តីរបស់ខ្លួន និងមិនឲ្យបញ្ហាទាំងនេះកើតឡើងជាថ្មីម្តងទៀត”។

លោកពេជ្រស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ នៅង្ថៃទី១៣មិថុនា បានសរសេរលើហ្វេសប៊ុកថា “ការជេរប្រមាថមិនមែនជាការបញ្ចេញមតិនោះទេ ហើយអ្នកលេងហ្វេសបុកក៏គ្មានច្បាប់ណាការពារនោះដែរ..ក្នុងន័យនេះ សូមបងប្អូនអ្នកលេងហ្វេសបុកទាំងឡាយលេងហ្វេសបុក​ ដោយមានការប្រុងប្រយ័ត្នផងកុំឲ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ…ដូច្នេះករណីរបស់បង​ ផែង​ វណ្ណៈ​ ក្នុងនាមរូបខ្ញុំផ្ទាល់ក៏ចង់ឃើញគាត់មានសេរីភាពឡើងវិញដែរ​ពីព្រោះថាគាត់បានដឹងកំហុសខ្លួនហើយ​ក៏ប៉ុន្តែការឲ្យគាត់មានសេរីភាពវិញនោះគឺអាស្រ័យទៅលើឆន្ទានុសិទ្ធិ
របស់តុលាការ”។

នៅ​ថ្ងៃទី​១៤​ ខែ​មិថុនា​ ស្អែក​នេះ​ សាលាដំបូង​រាជធានី​ភ្នំពេញ​ នឹង​បេីក​សវនាការ​ជំនុំជម្រះ​សំណុំរឿង​លោក​ ផែង​ វណ្ណៈ​ អ្នក​លេង​ហ្វេសប៊ុក​ដ៏​ល្បីល្បាញ​មួយ​រូប​ ពាក់ព័ន្ធ​បទល្មើស​បរិហារកេរ្តិ៍ជាសាធារណៈនិងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍​ តាម​បណ្តឹងលោក​ គី​ តិច​ ​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃ​កម្ពុជា​ ។

ចន្លោះ​ពេល​នេះ​ លោក​ ផែង​ វណ្ណៈ​ ដែល​បច្ចុប្បន្ន​ជាប់​ពន្ធនាគារ​ជាង​៣ខែ​មក​ហើយ​ បាន​ធ្វើ​លិខិត​ជា​សាធារណៈ​សុំទោស​សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃ​កម្ពុជា​ សុំ​បាន​ចេញ​ពី​ពន្ធនាគារ​ជួបជុំ​គ្រួសារ​និង​ព្យាបាល​ ។

ទោះបី​យ៉ាងណា​ ការ​សម្រេច​បែបណា​នោះ​ ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ជំនុំជម្រះ​ ព្រោះ​តុលាការ​ជា​អំណាច​ឯករាជ្យ​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​ស្ថាប័ន​ណាមួយ​ឡើយ​ ។

សូម​បញ្ជាក់​ថា​ មជ្ឈដ្ឋាន​ជាច្រើន​ នៅ​ចាំ​បានថា​ លោក​ ផែង​ វណ្ណៈ​ អ្នក​លេង​ហ្វេសប៊ុក​ដ៏​ល្បីល្បាញ​មួយ​រូប​ ត្រូវ​ជាប់​ពន្ធនាគារ​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​ មាន​រយៈពេល​ជាង​៣ខែមកហើយ​ ដោយសារតែ​ការ​លូក​ដៃ​ចូលជួយ​ករណី​កញ្ញា​ យិន​ ឃុនម៉ី​ ហៅម៉ាណា​ កូនស្រី​អ្នក​មាន​ស្តុកស្តម្ភ​មួយ​រូប​នៅ​ខេត្ត​សៀមរាប​ និងជាថៅកែលក់រថយន្តស៊េរីទំនើបដែល​បើក​រថយន្ត​ទាំងកម្រោល ​បុក​និស្សិត​ស្រី​ ឌុំ​ រីដា​ ស្លាប់។

ដំបូង​ឡើយ​ លោក​ ផែង​ វណ្ណៈ​ បាន​ដើរ​តួនាទី​ជាអ្នកចរចាជំនួស​ឳពុក​ជនបង្ក​ ដោយយក​បច្ច័យ៥០០០ដុល្លារចូល​បុណ្យ​សព​និស្សិត​ស្រី​ ឌុំ​ រីដា​ រហូត​មាន​ការ​រិះគន់​ជា​បន្តបន្ទាប់​ ហើយចុងក្រោយក្រុមគ្រួសារជនបង្ក ក៏ផ្តល់ថវិកាជាង៧ម៉ឺនដុល្លារ ដល់ម្តាយជនរងគ្រោះ ដើម្បីបញ្ចប់រឿង។

ដោយសារ​តែ​ទប់​សម្តី​ខ្លួនឯង​មិនបាន​ លោក​ ផែង​ វណ្ណៈ​ បាន​សរសេរ​ករណី​ចូល​បុណ្យ​សព​និស្សិត​ស្រី​ ឌុំ​ រីដា​ ប្រៀបធៀប​កាលដែល​សម្តេចតេជោ​ ហ៊ុន​ សែន​ ចូល​បុណ្យ​សព​លោក​បណ្ឌិត​ កែម​ ឡី​ ទើប​កកើត​ជា​បណ្តឹង​ព្រហ្មទណ្ឌ​ ដែល​ប្តឹង​ដោយ​ លោក​ គី​ តិច​ មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ តែម្តង​ ។

ទោះបី​យ៉ាងណា​ ​ កញ្ញា​ យិន​ ឃុនម៉ី​ ហៅម៉ាណា​ ត្រូវ​បាន​ដោះលែង​ចេញ​ពី​ពន្ធនាគារ​ហើយ​ បន្ទាប់​ពី​តុលាការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​១ឆ្នាំ​ តែ​អនុវត្ត​ក្នុង​ពន្ធនាគារ​តែ​២ខែ​ប៉ុណ្ណោះ​ ហើយទោសដែលនៅសល់ត្រូវព្យួរ។

តុលាការ​ បាន​សម្រេច​ចោទប្រកាន់​លោក​ ផែង​ វណ្ណៈ​ ចំនួន​២បទល្មើស​ ដែល​អាច​ប្រឈម​មុខ​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​២ឆ្នាំ​ ។ ក្រោយពីតុលាការ បានពិនិត្យសំណុំរឿងនិងការសាកសួរចម្លើយលើឈ្មោះ ផែង វណ្ណៈ​ រួចមក តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ពីបទ បរិហារកេរ្តិជាសាធារណៈនិងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៌ តាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ៕

អត្ថបទដែលជាប់ទាក់ទង