ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាល ខេត្តកំពង់ចាម អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ក្នុងកំពង់សៀម មកទទួលសេវានានានៅការិយាល័យ ច្រកចេញចូល តែមួយ របស់ស្រុក

85

 កំពង់ចាម អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ក្នុងកំពង់សៀម មកទទួលសេវានានានៅការិយាល័យ ច្រកចេញចូលតែមួយ របស់ស្រុកកំពង់សៀម ដោយមិនចាំបាច់ចំណាយលុយលើអ្នករត់ការស៊ីកុងស្យុងឡើយ ។

ការអំពាវនេះបានធ្វើឡើង ក្នុងពិធីបើកសម្ពាធដាក់ឲ្យដំណើរការជាផ្លូវការនូវការិយាល័យច្រកចេញចូល តែមួយរបស់រដ្ឋបាល ស្រុកកំពង់សៀម កាលព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ដោយមានការ អញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត មន្ទីរអង្គភាព ពាក់ព័ន្ធជុំវិញខេត្ត  ការិយាល័យជុំវិញស្រុកលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើនផងដែរ។

លោក គួច ចំរើន  បានលើកឡើងថា បងប្អូនប្រជាពលរដ្ឋ អាចមកទទួលសេវាសាធារណៈ ដោយមិនចាំបាច់រកជួបអភិបាលស្រុក ឬជួប ប្រធានការិយាល័យណាមួយទេ គឺគ្រាន់តែមកជួបជាមួយមន្ត្រីការិយាល័យច្រកជាការស្រេច  ដោយមិនចាំបាច់មាន អ្នកកាន់ឯកសាររត់ការឡើយ ហើយការិយាល័យប្រជាពលរដ្ឋ ត្រូវតាមដានលើការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋដោយមិនចាំបាច់ទាល់តែមានប្រជាពលរដ្ឋប្តឹងនោះទេ គឺត្រូវផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា ដោយឈរលើគោលការណ៍ ធ្វើឲ្យបាន ធ្វើឲ្យលឿន និងមានតម្លាភាព។ ចំពោះការបង់ពន្ធ និងការបង់សេវាសាធារណៈ បើគ្មានវិក្កយបត្រទេនោះ គឺស្មើនឹងការប្រព្រឹត្តអំពើពុករលួយផងដែរ។

លោក​អភិបាលខេត្ត ក៏បានអំពាវនាវសូមឲ្យប្រជាពលរដ្ឋ ក្នុងស្រុកកំពង់សៀម  មកទទួលសេវានានានៅការិយាល័យ ច្រកចេញចូលតែមួយ របស់ រដ្ឋបាល ស្រុកកំពង់សៀម  ដែលបានដាក់ដំណើរការនាពេលនេះ ហើយ នៅពេលដែលមកទទួលសេវា សូមបងប្អូន ប្រជាពលរដ្ឋពិនិត្យតម្លៃសេវាទៅតាមការកំណត់នៃតារាងតម្លៃ និងពេលវេលាកំណត់ ដែលមានបិទផ្សាយនៅក្នុងការិយាល័យច្រកចេញចូលតែមួយឲ្យបានច្បាស់លាស់ផង ចៀសវាង ការបង់ប្រាក់លើសចំនួន ដែលបានកំណត់។

បើតាមរបាយការណ៍របស់លោក ប៊ិន ឡាដា អភិបាលស្រុកកំពង់សៀម បានបង្ហាញថា  ការិយាល័យច្រកចេញចូលតែមួយ បានដាក់ឲ្យអនុវត្តសាកល្បង តាមអនុសាសន៍របស់លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នូវសេវាចំនួន២តែប៉ុណ្ណោះ គឺសេវា និត្យានុកូលកម្ម និងឯកសារអត្រានុកូលដ្ឋានជាលទ្ធផល ៖ ក្នុងដំណាក់កាលសាកល្បងនេះ  ការិយាល័យច្រកចេញចូលតែមួយ ទទួលបានសេវា និត្យានុកូលកម្ម (មានសៀវភៅគ្រួសារ  សៀវភៅស្នាក់នៅអត្តសញ្ញាណប័ណ្ណ សញ្ញាប័ត្រ និងលិខិតបទដ្ឋានផ្សេងៗទៀត ) សរុបចំនួន  ២,៤៩៨ សេវា ក្នុងនោះសេវា ដែលតម្រូវឲ្យបង់កម្រៃ មានចំនួន៥២៣សេវា ទទួលបានថវិកា សរុបចំនួន ៥២៣,០០០ រៀល និងសេវាអត្រានុកូលដ្ឋាន សរុបចំនួន៣២០៧ សេវា ប្រជាពលរដ្ឋ ដែលបានមកសុំសេវាមានចំនួនសរុប១,១០០នាក់ផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង