ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មការនីតិកម្មរដ្ឋសភាពិនិត្យសេចក្តីព្រាង សំណួរសម្រាប់លើកមកសួររាជរដ្ឋាភិបាល

54

គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងមួយ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីពិនិត្យសេចក្តីព្រាងសំណួរ សម្រាប់គណៈកម្មការជំនាញនានារបស់រដ្ឋសភាលើកឡើងទៅកាន់រាជរដ្ឋាភិបាលលើបញ្ហាអ្វីមួយ។ សេចក្តីព្រាងសំណួរ និងបែបបទនីតិវិធីនេះ ធ្វើឡើង​ស្របតាមមាត្រា៨៩ មាត្រា៩៦ មាត្រា៩៧ រដ្ឋធម្មនុញ្ញ និងប្រការ៣២ ប្រការ៣៣ថ្មី(ពីរ) ប្រការ៣៤ថ្មី នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។

លោកបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ បានគូសបញ្ជាក់ថា សេចក្តីសម្រេចស្តីពីបែបបទនីតិវិធី និងវិធានការនៃការតាំង សំណួរចម្លើយ និងការបំភ្លឺនៅរដ្ឋសភា ជាយន្តការមួយក្នុងការពង្រឹងតួនាទីរដ្ឋសភា។ លោកលើកឡើងបន្តថា ច្បាប់រដ្ឋធម្មនុញ្ញចែងថាតំណាងរាស្រ្ត មានសិទ្ធិដាក់សំណួរដល់រដ្ឋាភិបាល ហើយសំណួរត្រូវសរសេរជាលាយលក្ខណ៍អក្សរប្រគល់ជូនតាមរយៈប្រធានរដ្ឋសភា។ ចម្លើយរបស់រាជរដ្ឋាភិបាល អាចធ្វើឡើង ដោយរដ្ឋមន្ត្រីដែលពាក់ព័ន្ធ និងការទទួលខុសត្រូវ។

បន្ទាប់ពីកិច្ចប្រជុំផ្ទៃក្នុងនេះទៅ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ គ្រោងជួបប្រជុំជាមួយគណៈកម្មការជំនាញរដ្ឋសភាទំាងអស់ និងភាគីពាក់ព័ន្ធ ផ្សេងទៀត ក្នុងការដំណើរការនីតិវិធីរបស់រដ្ឋសភាឲ្យមានប្រសិទ្ធភាព និងគុណប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ៕

អត្ថបទដែលជាប់ទាក់ទង