ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លើកកម្ពស់ការយល់ដឹង អំពីបញ្ហាបរិស្ថាន និងធនធានធម្មជាតិ ដល់យុវជនកម្ពុជា និងសាធារណជនទូទៅ

72

មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន បានអះអាងថា “ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានឃើញ កិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ ត្រូវបានចាប់ផ្តើមឡើងក្នុងរូបភាពថ្មីមួយទៀត គួរជាទីចាប់អារម្មណ៍។…”

លោកអ៊ាង សុផល្លែត បានមានប្រសាសន៍ដូចនេះ នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន ជាមួយអង្គការពិព័រណ៍វិទ្យាសាស្ត្រកម្ពុជា និងអង្គការស្ទីមកម្ពុជា ដែលបានរៀបចំឡើងនៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃចន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩។

អនុស្សរណៈនៃការយោគយល់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាន និងធនធានធម្មជាតិ ដល់យុវជនកម្ពុជា និងសាធារណជនទូទៅ ជាពិសេសគឺដើម្បីពង្រឹង និងពង្រីកបន្ថែមទៀត នូវការអប់រំបរិស្ថានដល់ស្រទាប់សិស្ស និស្សិត និងសាធារណជនទូទៅ ដោយផ្តោតជាសំខាន់ទៅលើគ្រប់គ្រងបរិស្ថាន និងកិច្ចការពារធនធានធម្មជាតិ ការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ការប្រើប្រាស់ធនធានដោយចីរភាព និងការគ្រប់គ្រងនិងកាត់បន្ថយសំណល់។

អនុស្សរណៈនៃការយោគយល់នេះ នឹងជួយរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកបន្ថែមកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិដែលមានស្រាប់ ក្នុងគោលដៅលើកកម្ពស់ការយល់ដឹងក្នុងវិស័យបរិស្ថាន និងការអភិរក្សធនធានធម្មជាតិដល់សិស្ស/និស្សិត និងសាធារណជនទូទៅឱ្យស្គាល់ពីអត្ថប្រយោជន៍ និងតម្លៃធនធានធម្មជាតិ និងបរិស្ថានសម្រាប់ការចូលរួម ការពារ ថែរក្សា អភិរក្ស និងប្រើប្រាស់ឱ្យបានយូរអង្វែងសម្រាប់មនុស្សជំនាន់នេះ និងកូនចៅជំនាន់ក្រោយៗទៀត ក៏ដូចជាជួយជំរុញ និងលើកកម្ពស់ចំណេះដឹងផ្នែកការស្រាវជ្រាវវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាដែលគាំទ្រដល់ការអភិវឌ្ឍដោយចីរភាព នៅក្នុងប្រទេសកម្ពុជាផងដែរ។

លោកអ៊ាង សុផល្លែតបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការបែបនេះ គឺជាជំហានដ៏ត្រឹមត្រូវស្របទៅតាមយុទ្ធសាស្រ្តឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងវិស័យបរិស្ថាន ការអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍដោយចីរភាព និងបម្រើដល់ផលប្រយោជន៍រួម ក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាពនៃប្រទេសកម្ពុជា ជាពិសេសជំរុញ និងលើកកម្ពស់ការសា្រវជ្រាវវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាបៃតង ការប្រើប្រាស់ដោយចីរភាព ការគ្រប់គ្រង និងកាត់បន្ថយសំណល់៕

អត្ថបទដែលជាប់ទាក់ទង