ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបគ្រឿងញៀនឆ្លងដែនពីឡាវ ចូលមកកម្ពុជា ឃាត់ខ្លួនបុរសជាតិខ្មែរម្នាក់ រឹបអូសថ្នាំញៀនជាង១ម៉ឺនគ្រាប់

94

ខេត្តស្ទឹងត្រែង៖ ជនសង្ស័យជាតិខ្មែរម្នាក់ រួមជាមួយថ្នាំញៀន ១២០១៥គ្រាប់ ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ខេត្តស្ទឹងត្រែង បើកប្រតិបត្តិការចុះបង្ក្រាប និងរឹបអូសបាន នៅគ្រាដែលជនសង្ស័យកំពុងធ្វើសកម្មភាព នាំគ្រឿងញៀនឆ្លងដែនពីខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ចូលមកខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា តាមច្រករបៀងមួយជាប់ព្រំដែនកម្ពុជា-ឡាវ។

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ដែលមានលក្ខណៈទ្រង់ទ្រាយធំនេះ បានធ្វើឡើងនៅម៉ោង៩ និង៤០នាទីព្រឹក ថ្ងៃទី១៨មិថុនាឆ្នាំ២០១៩នេះ នៅលើដងផ្លូវ១ខ្សែចូលទៅកាន់ច្រកព្រំដែនផ្លូវ ត្រង់ចំណុចស្ពានទី២ ស្ថិតនៅក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។

ប្រធានការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ខេត្តស្ទឹងត្រែង លោកវរសេនីយ៍ទោ ចែម ផានិត បានប្រាប់ឲ្យដឹងថា ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ ដែលរងការឃាត់ខ្លួននេះ ឈ្មោះ ភូម្មា ដាំ ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅ ភូមិណាអូង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បច្ចុប្បន្ន រស់នៅភូមិសាំបៀង ស្រុកសុកុម៉ា ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ លោកថា ក្រោយពេលឃាត់រួច សមត្ថកិច្ចបានឆែកឆេរខ្លួនជនសង្ស័យ ហើយបានរកឃើញថ្នាំញៀន១កញ្ចប់ធំ ស្មើនឹង៦០កញ្ចប់តូច ក្នុងនោះ១២កញ្ចប់តូច ជាកញ្ចប់ពណ៌ផ្កាឈូក មានសរសេរអក្សរ « A »។

លោកប្រធានការិយាល័យប្រឆាំងគ្រឿងញៀន បានបន្តថា នៅក្នុងប្រតិបត្តិការបង្ក្រាបជំនួញគ្រឿងញៀន ដែលមានលក្ខណៈទ្រង់ទ្រាយធំនេះ គឺកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានអនុវត្តតាមការណែនាំ របស់ស្នងការនគរបាលខេត្ត ពិសេស អនុវត្តតាមគោលការណ៍ណែនាំ របស់អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បញ្ជាឲ្យរឹតបន្តឹងលើការងារបង្ក្រាបគ្រឿងញៀន នៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង ហើយជាលទ្ធផល បានឈានទៅឃាត់ខ្លួនជនសង្ស័យជាតិខ្មែរម្នាក់ និងដកហូតថ្នាំញៀនបាន ៦០កញ្ចប់តូច មានចំនួន ១២០១៥គ្រាប់។

លោកថា ជនសង្ស័យ ឈ្មោះ ភូម្មា ដាំ គឺជាកូនខ្មែរ មានឪពុកម្តាយជាខ្មែរ រស់នៅភូមិណាអូង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង។ ប៉ុន្តែ ជនសង្ស័យរូបនេះ បានទៅរស់នៅ និងយកប្រពន្ធ ជនជាតិឡាវ នៅខេត្តចម្ប៉ាសាក់ មានរយះពេល ៧ឆ្នាំមកហើយ និងនៅខណៈនេះ ត្រូវបានឃាត់ខ្លួនជាមួយថ្នាំញៀន គ្រាកំពុងធ្វើសកម្មភាពនាំគ្រឿងឆ្លងដែន ពីប្រទេសឡាវ ចូលមកកម្ពុជា តាមច្រករបៀងមួយជាប់ព្រំដែនកម្ពុជា-ឡាវ ក្នុងខេត្តស្ទឹងត្រែង។

លោកបានបញ្ជាក់ថា ខណៈនេះជនសង្ស័យជួញដូរគ្រឿងញៀន កំពុងស្ថិតនៅក្រោមការសាកសួរ និងគ្រឿងញៀន ដែលមានចំនួន៦០កញ្ចប់តូច មានទម្ងន់ ១២៣៤ក្រាម ស្មើ១២០១៥គ្រាប់ ពីកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្ត។ លោកថា ជនសង្ស័យ និងវត្ថុតាងថ្នាំញៀន នឹងត្រូវបញ្ជូនទៅកាន់ អយ្យការ និងសាលាដំបូងខេត្តស្ទឹងត្រែង នៅក្រោយបញ្ចប់កិច្ចនីតិវិធីសាកសួររួច៕

អត្ថបទដែលជាប់ទាក់ទង