ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកស្លាប់ កើនឡើងចំនួន១០នាក់ និងអ្នករបួសជាង២០នាក់

63

ក្រុងព្រះសីហនុ៖ នៅវេលាម៉ោង៤ល្ងាចថ្ងៃ២២មិថុនា២០១៩នេះ លោកសាយ សំអាល់ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ បានចាត់តំណាងនាំយកថវិកាទៅឧបត្ថម្ភនិងសួរសុខទុក្ខជនរងគ្រោះ ដែលជាកម្មករសំណង់រងររបួសព្រមទាំងក្រុមគ្រួសារអ្នកស្លាប់ ក្នុងហេតុការណ៍រលំបាក់អាគារសណ្ឋាគារមួយកន្លែងកម្ពស់៧ជាន់នៅក្រុងព្រះសីហនុ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ជាមួយគ្នានេះ ក្នុងនាមរដ្ឋបាលខេត្តឯកឧត្តមយន្ត មីនអភិបាលខេត្តព្រះសីហនុ ក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់អ្នករងរបួសនិងគ្រួសារជនរងគ្រោះដែលស្លាប់ផងដែរ។ មន្ត្រីថ្លែងថា គិតត្រឹមម៉ោងជាង៤ល្ងាចថ្ងៃ២២មិថុនា២០១៩នេះ មានអ្នកស្លាប់ចំនួន១០នាក់និងអ្នករបួសជាង២០នាក់។

គួររំលឹកថាកម្លាំងជំនាញ បានឃាត់ខ្លួនជនពាក់ព័ន្ធចំនួន៤នាក់ មានដូចជា ទី១-ឈ្មោះ ជិន គុណ CHEN KUN ភេទប្រុស ឆ្នាំកំណើត១១.១០.១៩៨០ ជនជាតិចិន ថៅកែជួលដីសម្រាប់សង់អគារ ទី២-ឈ្មោះ តឹង ស៊ីងគួយ Deng Xing Gui ភេទប្រុស ឆ្នាំកំណើត ១០.១១.១៩៧១ ជនជាតិចិន ថៅកែម៉ៅការសាងសង់អគារ ទី៣-ឈ្មោះ កៅ យូ Gao Yu ភេទប្រុស ឆ្នាំកំណើត២០.០៤.១៩៩០ ជនជាតិចិន អ្នកម៉ៅការបូកជញ្ជាំង និងទី៤-ឈ្មោះ ញឹក ហុយ ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ ត្រូវ ជាម្ចាស់ដី។ ជនទាំង៤នាក់ត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្ត៕


អត្ថបទដែលជាប់ទាក់ទង