ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងពាណិជ្ជកម្ម ៖ ការលើកឡើងរបស់មន្ត្រីស្ថានទូតអាមេរិក ពុំមានមូលដ្ឋានច្បាស់លាស់ ពាក់ព័ន្ធក្រុមហ៊ុនចិនមួយចំនួន ប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បញ្ជូនទំនិញ ពីចិនចេញទៅអាមេរិក

279

ភ្នំពេញ៖ នៅថ្ងៃទី 23 ខែមិថុនាឆ្នាំ 2019 ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា បានសេចក្តីប្រកាសព័ត៌មាន ទាក់ទងករណីមន្ត្រីស្ថានទូតអាមេរិកនៅកម្ពុជា លើកឡើងថា មានក្រុមហ៊ុនចិនមួយចំនួន បានប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៃប្រទេសកម្ពុជា បញ្ជូនទំនិញពីចិន ទៅកាន់សហរដ្ឋអាមេរិក ដើម្បីគេចវេសពីការបង់ពន្ធ ឬបង់ពន្ធទាប។

ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថាកាលពីពេលថ្មីៗកន្លងទៅនេះសារព័ត៌មានរ៉យទ័រនិងវិទ្យុអាស៊ីសេរី បានស្រង់សម្ដីមន្ត្រីអ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា លោក អេរិន ធ្វាតជេស (Arend Zwartjes) ដែលបានអះអាងថានាយកដ្ឋានសន្តិសុខជាតិអាមេរិកបានត្រួតពិនិត្យរកឃើញ និងពិន័យទៅលើក្រុមហ៊ុនចិនមួយចំនួនមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានបំពានបំរាមគយរបស់អាមេរិកដោយថាក្រុមហ៊ុនទាំងនោះបានបញ្ជូនទំនិញពីចិន មានដូចជាអាស៊ីតអាមីណូ ម្សៅអាហារធ្វើពីគ្រាប់ធញ្ញជាតិ (ពោតស្រូវឬដំឡូង) និងបំពង់ដែកថែប។ល។ ទៅសហរដ្ឋអាមេរិកតាមរយៈប្រទេសកម្ពុជាដើម្បីគេចពីការបង់ពន្ធឬបង់ពន្ធក្នុងកម្រិតលើកលែង។

ទាក់ទងនឹងករណីនេះបន្ទាប់ពីបានចាត់មន្ត្រីជំនាញចុះស្រាវជ្រាវរួចមក ក្រសួងពាណិជ្ជកម្មសូមបញ្ជាក់ថា ការលើកឡើងរបស់មន្ត្រីស្ថានទូតអាមេរិក ពុំមានមូលដ្ឋានច្បាស់លាស់ឡើយ ពោលគឺផ្ទុយពីការអនុវត្តជាក់ស្ដែង ព្រោះថាក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទៅមិនមានក្រុមហ៊ុនផលិតម្សៅអាហារធ្វើពីគ្រាប់ធញ្ញជាតិ និងបំពង់ដែកថែបទេ។ ចំពោះផលិតផលអាស៊ីតអាមីណូ កន្លងទៅក្រុមហ៊ុន INFINITE MANUFACTURING CO.,LTD ដែលបានទទួលច្បាប់អនុញ្ញាតឱ្យវិនិយោគត្រឹមត្រូវ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC ) តាំងពីដើមខែកុម្ភឆ្នាំ 2015 បានធ្វើប្រតិបត្តិការផលិតកម្ មនិងនាំចេញរហូតដល់ខែសីហាឆ្នាំ 2017។ ប៉ុន្តែចាប់តាំងពីខែកញ្ញាឆ្នាំ២០១៧ មកដល់បច្ចុប្បន្នក្រុមហ៊ុនមួយនេះ កំពុងដំណើរការផលិតនិងសកម្មភាពនាំចេញឡើយ។

ក្រសួងពាណិជ្ជកម្មក៏សូមជម្រាបផងដែរថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាតំបន់សេដ្ឋកិច្ចនិងពាណិជ្ជកម្មពហុបំណង ដែលប្រមូលផ្ដុំទៅដោយសហគ្រាសចិន កម្ពុជា អាមេរិក ជប៉ុន បារាំង កូរ៉េខាងត្បូង អៀរឡង់ វៀតណាម និងថៃជាដើម។ល។ ហើយបានផលិតនូវទំនិញចម្រុះ ដូចជាវាយនភ័ណ្ឌសម្លៀកបំពាក់កាបូបនិងផលិតផលស្បែក និងឧបករណ៍ផ្សេងៗផងដែរ។

ការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានអនុវត្តតាមនីតិវិធីច្បាស់លាស់ ពោលគឺផល្លិតកម្មត្រូវអនុលោមតាមវិធានប្រភពដើមទំនិញ រីឯការនាំចូលវត្ថុធាតុដើម និងការនាំចេញផលិតផលសម្រេច ត្រូវបានកត់ត្រាត្រឹមត្រូវ ព្រមទាំងមានតម្កល់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផង។ ដើម្បីអាចប្រតិបត្តិការផលិតកម្មរបស់ខ្លួនបាន ក្រុមហ៊ុនត្រូវ៖ មានអាជ្ញាប័ណ្ណវិនិយោគ និងបានចុះបញ្ជីត្រឹមត្រូវ មានទីតាំង និងមូលដ្ឋានផលិតកម្មច្បាស់លាស់ ដើម្បីបម្រើការផលិតកែច្នៃនិងនាំចេញ ស្នើសុំបញ្ជីមេដែលរាយលំអិតនូវប្រភេទវត្ថុធាតុដើម ត្រូវនាំចូលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចៀសវាងការនាំចូលផលិតផលសម្រេច និងរាល់វត្ថុធាតុដើម ដែលនាំចូលទៅបានផ្ទៀងផ្ទាត់ ជាមួយបញ្ជីមេ និងឆ្លងកាត់ការត្រួតពិនិត្យជាក់ស្ដែង របស់អាជ្ញាធរគយនិងរដ្ឋាករកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង