ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកវេជ្ជបណ្ឌិត ហេង សេងហ៊រ ធ្វើការនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ត្រូវសមត្ថកិច្ចចាប់ខ្លួន ករណីប៉ងចាប់រំលោភអ្នកគ្រូពេទ្យម្នាក់

348


កំពង់ឆ្នាំង៖ លោកវេជ្ជបណ្ឌិត ហេង សេងហ៊រ តែបម្រើការងារនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ត្រូវនគរបាលតាមចាប់ខ្លួន ពីបទប៉ងចាប់រំលោភអ្នកគ្រូពេទ្យម្នាក់ នៅក្នុងបន្ទប់ទឹក ។

ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ខូវ លី បានថ្លែង នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១០៩នេះថា កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ពិតជាបានឃាត់ខ្លួនវេជ្ជបណ្ឌិតនោះប្រាកដមែន ក្រោយពីមានពាក្យបណ្តឹងពីនារីរងគ្រោះ ដែលជាគ្រូពេទ្យដូចគ្នាថា បានចាប់រំលោភនាង តែមិនបានសម្រេច កាលពីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងបន្ទប់ទឹក។ នៅពេលនេះ ជនសង្ស័យស្ថិតក្រោមការសួរនាំនៅឡើយ ពីសំណាក់ក្រុមសមត្ថកិច្ចជំនាញរបស់លោក មុនបញ្ជូនទៅកាន់តុលាការ។

នៅយប់កើតហេតុ កាលពីថ្ងៃទី 23 ខែមិថុនាឆ្នាំ 2019 នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នារីរងគ្រោះ ជាគ្រូពេទ្យ បានដើរចូលក្នុងបន្ទប់ទឹក ស្រាប់តែត្រូវលោកវេជ្ជបណ្ឌិត ចូលទៅតាមក្រោយ ហើយចាប់ឱបនាងពីក្រោយ ប៉ុនប៉ងរំលោភ ប៉ុន្តែនាងរងគ្រោះរើបម្រះរួច ហើយរត់ចេញមកក្រៅ សំដៅទៅគ្រែដេករបស់នាងនៅក្នុងមន្ទីរពេទ្យ។ ប៉ុន្តែវេជ្ជបណ្ឌិតរូបនោះ បន្តដេញតាមនាងរហូត ទៅដល់បន្ទប់គេងទៀត ដោយចាប់នាង អង្អែលភ្លៅ ធ្វើឲ្យនាងភ័យ ហើយរត់ចេញពីបន្ទប់ដេកទៅដេកជាមួយមិត្តភក្កិរបស់នាង ដែលជាគ្រូពេទ្យដូចគ្នា។

លោកវេជ្ជបណ្ឌិត ហេង សេងហ៊រ ជាគ្រូពេទ្យផ្នែកពិគ្រោះជំងឺដំបូង នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង។ ចំណែកជនរងគ្រោះជាអ្នកគ្រូពេទ្យនោះ មិនត្រូវបានសមត្ថកិច្ចនគរបាល បញ្ចេញអត្តសញ្ញាណឲ្យដឹងឡើយ។ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កំពុងតែសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

អត្ថបទដែលជាប់ទាក់ទង