ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សន្លឹកឆ្នោត នឹងត្រូវដឹកជញ្ជូនទៅចែកជូនតាមមណ្ឌលទាំង២៥ រាជធានីខេត្តមិនឲ្យលើសពី៣៦ម៉ោង មុខថ្ងៃបោះឆ្នោត

97


ភ្នំពេញ៖ ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំដឹកជញ្ជូនសន្លឹកឆ្នោត ចេញពីរោងពុម្ព យកទៅដាក់នៅឃ្លាំង គ.ជ.ប នៅគីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

លោកហង្ស ពុទ្ធា មន្ដ្រីគ.ជ.ប និងជាអ្នកនាំពាក្យ បានផ្ដល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា : បន្ទាប់ពីបានបញ្ចប់ការបោះពុម្ពសន្លឹកឆ្នោត គ.ជ.ប នឹងរៀបចំដឹកជញ្ជូនសន្លឹកឆ្នោត នៅថ្ងៃទី១៣ខែកក្កដានេះ ទៅរក្សាទុកនៅឃ្លាំង គ.ជ.ប ដែលមានទីតាំងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ហើយចែកជូនតាមមណ្ឌល ដែលនៅឆ្ងាយៗចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ និងធ្វើការចែកជូន ទៅតាមមណ្ឌលផ្សេងៗ ជាបន្ដបន្ទាប់ទៀត។ ការដឹកជញ្ជូននេះ ចេញពីរោងពុម្ព លី វ៉ាន់ហុង ស្ថិតនៅផ្ទះលេខ៩ ផ្លូវលេខ៣៤៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។
លោកហង្ស ពុទ្ធា សន្លឹកឆ្នោត ដែលផលិតនិងយកចេញ ពីរោងពុម្ពនោះ មានចំនួនប្រមាណជាង១០លានសន្លឹក ទាំងសន្លឹកឆ្នោតបម្រុង។ សន្លឹកឆ្នោត សម្ភារៈ និងឯកសារ ប្រើប្រាស់សម្រាប់ការបោះឆ្នោត គ.ជ.ប ត្រូវបញ្ជូនទៅដល់ ការិយាល័យបោះឆ្នោត ទាំង២២.៩៦៧ ការិយាល័យ នៃមណ្ឌលបោះឆ្នោត ទាំង២៥ មិនឲ្យលើសពី៣៦ម៉ោង មុខថ្ងៃបោះឆ្នោត។

លោកបញ្ជាក់ថា សន្លឹកឆ្នោតដែលដឹកជញ្ជូន យកទៅដាក់នៅឃ្លាំង គ.ជ.ប និងដឹកជញ្ជូនយកទៅតាមមណ្ឌលបោះឆ្នោតនោះ ត្រូវបានរក្សាការពារដោយកម្លាំងសមត្ថកិច្ចមិនឲ្យមានការថ្លោះធ្លោយឡើយ៕

 

អត្ថបទដែលជាប់ទាក់ទង