ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មី ធ្វើនៅស្រុកសូទ្រនិគម នឹងបើកការដ្ឋានសាងសង់នៅក្រោយបោះឆ្នោត

172

សៀមរាប៖ កិច្ចប្រជុំវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ រវាងលោក បណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងប្រតិភូក្រុមហ៊ុនវិនិយោគ អាកាសយានដ្ឋានអន្តរជាតិអង្គរ ដឹកនាំដោយលោក Zou Yuhui អគ្គនាយករងក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ ដែលទទួលខុសត្រូវលើការរៀបចំប្លង់គម្រោង។

អាកាសយានដ្ឋានអន្តរជាតិអង្គរនេះ ត្រូវបានសាងសង់នៅក្នុងភូមិសាស្ត្រ ឃុំតាយ៉ែក ស្រុកសូទ្រនិគម។

លោកបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងពីកិច្ចទំនាក់ទំនងសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកម្ពុជា-ចិន ហើយក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ ជាក្រុមហ៊ុនមួយនៅក្រុងឃុនមីញ របស់ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាខេត្តសម្ព័ន្ធមេត្រីភាព និងខេត្តសៀមរាបទៀតផង។

លោក បណ្ឌិត ឃឹម ប៊ុនសុង ក៏បានសាទរពីកិច្ចចាប់ដំណើរការ សាងសង់អាកាសយានដ្ឋានថ្មីដ៏ធំ នៅលើទឹកដីខេត្តសៀមរាប ដែលជាគោលដៅនៃការអភិវឌ្ឍលើវិស័យទេសចរណ៍វាងប្រទេសទាំងពីរ ហើយត្រូវបានរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានធ្វើកិច្ចព្រមព្រៀងនឹងគ្នានាពេលកន្លងមកនិង ក៏បានគូសបញ្ជាក់ផងដែរ ចំពោះក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ ដែលចង់ទទួលបានពីព័ត៌មានផ្សេងៗ ដើម្បីក្នុងកិច្ចសហប្រតិបត្តិការគ្នា ឲ្យកិច្ចការសាងសង់នេះ បានដំណើរការទៅដោយរលូន អាជ្ញាធរខេត្ត មានមន្ត្រីនៃមន្ទីរជំនាញមានការពាក់ព័ន្ធ ដែលជាសមាជិកគណកម្មការនេះស្រាប់ និងរង់ចាំនូវរាល់សំណូមពររបស់ក្រុមហ៊ុន គ្រប់ពេលវេលាផងដែរ។

ជាមួយគ្នានេះ លោក Zou Yuhui បានលើកឡើងអំពីកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានចុះហត្ថលេខាព្រមព្រៀងគ្នា ក្នុងការបង្កើននូវអាកាសយានដ្ឋានមួយដ៏ធំនៅខេត្តសៀមរាប ស្ថិតនៅក្នុងភូមិសាស្ត្រឃុំតាយ៉ែក ស្រុកសូទ្រនិគម នៅលើផ្ទៃដី១,៧០០ហិចតា។ ក្នុងនោះផ្ទៃដីសម្រាប់ធ្វើការសាងសង់ព្រលានយន្តហោះ មាន៧០០ហិចតា និងផ្ទៃដីនៃតំបន់សេដ្ឋកិច្ចពិសេស ចំនួន១.០០០ហិចតា ហើយមកដល់ពេលនេះក្រុមហ៊ុន បានកំពុងធ្វើការរៀបចំ និងកសាងផែនការមេ ព្រមទាំងបានធ្វើប្រឡាយកំណត់ព្រំដី និងធ្វើផ្លូវចូលទៅក្នុងការដ្ឋានទៀតផង។

ការកសាងអាកាសយាន្ដដ្ឋានថ្មីនេះ នឹងជំរុញដល់គោលការណ៍អភិវឌ្ឍន៍វិស័យទេសចរណ៍ នៅខេត្តសៀមរាប ឲ្យកាន់តែមានសក្តានុពលបន្ថែមទៀត និងបានផ្តល់សារសំខាន់ និងផលប្រយោជន៍ជាច្រើន ដល់ប្រពលរដ្ឋដែលរស់នៅក្នុងតំបន់ ក៏ដូចនៅក្នុងខេត្តសៀមរាបផងដែរ។

លោក Zou Yuhui បានបញ្ជាក់ថា ក្រោយពេលប្រទេសកម្ពុជា ធ្វើការបោះឆ្នោតចប់រួចរាល់ក្រុមហ៊ុន និងធ្វើពិធីបើកការដ្ឋានសាងសង់ អាកាសយាន្តដ្ឋាននេះជាផ្លូវការ ដែលមានរយៈពេលសាងសង់ពី៣ឆ្នាំទៅ៥ឆ្នាំទើបចប់រួចរាល់។

ក្នុងនោះដែរ លោកអគ្គនាយករងក្រុមហ៊ុន ក៏បានលើកនូវសំណូមពរមួយចំនួន ដោយបានផ្តោតយ៉ាងសំខាន់ នៅព័ទ្ធជុំវិញអាកាសយានដ្ឋានចំងាយ២០គីឡូម៉ែត្រ ក្នុងការបង្ការនូវហានិភ័យផ្សេងៗ ដោយសុំឲ្យបណ្តាមន្ទីរ អង្គភាពមានការពាក់ព័ន្ធ ផ្តល់នូវឯកសារដែលមាន ក្នុងនោះផ្តោតសំខាន់លើលំនៅដ្ឋានខ្ពស់ៗ វត្តធ្វើលើភ្នំ កម្ពស់បង្គោលភ្លើង ព្រមទាំងសុំនូវគម្រោង ផែនការមេ លើកិច្ចអភិវឌ្ឍខេត្ត ក្នុងការធានាដល់សុវត្ថិភាពដល់ព្រលានយន្តហោះ។

ក្រុមហ៊ុនក៏បានផ្តោតទៅលើប្រព័ន្ធស្រោចស្រព នៅប៉ែកខាងលើព្រលាន ចំពោះប្រឡាយទឹក អាងតំកល់ទឹក ព្រមទាំងទឹកជំនន់ និងការផ្គត់ផ្គង់សេវាទំនាក់ទំនង និងផ្គត់ផ្គង់ទឹកស្អាតបានគ្រប់គ្រាន់ឬយ៉ាងណា នៅពេលអាកាសយានដ្ឋានដំណើរការ ក្នុងមួយថ្ងៃប្រើប្រាស់ទឹកក្នុងមួយថ្ងៃ១.៨០០ម៉ែត្រគូប និងទៅអនាគត ៤.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។

លោក បណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការបញ្ជាក់ជូនដល់ក្រុមហ៊ុន ត្រូវធ្វើកិច្ចសហការ ជាមួយក្រុមគណៈកម្មការរបស់ខេត្ត ហើយនៅក្រោយការបោះឆ្នោតនេះ ក្រុមការងារខេត្ត នឹងចុះទៅដល់ការដ្ឋាន ហើយចំពោះរាល់លិខិតឯកសារដែលក្រុមហ៊ុនចង់បាននោះ គឺមាននៅគ្រប់សមសភាព នៃគណៈកម្មការដែលបានចុះទៅទីនោះស្រាប់។ លោកគាំទ្រនូវរាល់សំណូមពរដែល ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ លើកឡើង និងសូមឲ្យកិច្ចដំណើរការសាងសង់អាកាសយានដ្ឋាននេះ ដំណើរការទៅប្រកបដោយសុវត្ថិភាពខ្ពស់។

ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ ថ្មីនេះ គ្រោងវិនិយោគនូវទឹកប្រាក់៩០០លានដុល្លារអាមេរិក ដែលមានកុងត្រារយៈពេល៥៥ឆ្នាំ។ ក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគ ព្រលានយន្ដហោះអន្ដរជាតិសៀមរាបថ្មី គឺក្រុមហ៊ុន YUNAN DEVELOPMENT GROUP៕

អត្ថបទដែលជាប់ទាក់ទង