ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រេដបូក ជាកម្មវិធីជាតិកាត់បន្ថយការបំភាយឧស័្មនផ្ទះកញ្ចក់ពីការបាត់បង់និងរេចរឹលព្រៃឈើ

65

ក្រសួងបរិស្ថាន នៅថ្ងៃទី១០កក្កដា បានផ្សាយថា រេដបូក​ (REDD+: Reducing Emission from Deforestation and Forest Degradation) គឺជាកម្មវិធីជាតិកាត់បន្ថយការបំភាយឧស័្មនផ្ទះកញ្ចក់ពីការបាត់បង់និងរេចរឹលព្រៃឈើ។ រេដបូកមានគោលបំណង (១)ការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់ជាផលប្រយោជន៍ជាតិ និង(២)ចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកល ក្នុងអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ។

ក្រៅពីផលប្រយោជន៍ជាឈើប្រើប្រាស់និងជាមុខងារក្នុងប្រព័ន្ធអេកូឡូស៊ី ព្រៃឈើនៅមានមុខងារដ៏សំខាន់មួយទៀត គឺការស្រូបយកឧស័្មនកាបូនិច (ឧស័្មនផ្ទះកញ្ចក់) ពីបរិយាកាស​ដែលមុខងារនេះ ដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយឧស័្មនផ្ទះកញ្ចក់សកល។ អនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ បានលើកទឹកចិត្តដល់ប្រទេសសម្បូរណ៍ព្រៃឈើ ខិតខំការពារព្រៃឈើឱ្យបានល្អប្រសើរ ដើម្បីទទួលបានថវិកាក្នុងទម្រង់ជា ទីផ្សារកាបូនស្ម័គ្រចិត្ត (Voluntary Carbon Market) និងការទូទាត់ផ្អែកតាមលទ្ធផល Result-Based Payment)។

ចំពោះទីផ្សារកាបូនស្ម័គ្រចិត្ត ចាប់តាំងពីឆ្នាំ២០១៦មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលថវិកាចំនួន ៩,៥ លានដុល្លារ ពីការលក់ឥណទានកាបូនក្នុងគម្រោងសាកល្បងចំនួនពីរ (ដែនជម្រកសត្វព្រៃកែវសីមា និងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង) ឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា Disney​ និង Shall។

ថវិកាទាំងអស់នេះ បានយកទៅប្រើប្រាស់សម្រាប់ការពារព្រៃឈើ និងអភិវឌ្ឍន៍ជីវភាពសហគមន៍ក្នុងតំបន់ការពារទាំងពីរ ដើម្បីធ្វើជាគំរូសម្រាប់ឈានទៅទទួលបានថវិកា «ការទូទាត់ផ្អែកតាមលទ្ធផល» ពីមូលនិធិអាកាសធាតុបៃតងនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដែលគ្រងនឹងអនុវត្តចាប់ពីឆ្នាំ២០២០។

រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជានិងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះក្នុងប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។

ចំពោះការទូទាត់ផ្អែកតាមលទ្ធផល កម្ពុជានឹងបញ្ចប់ការត្រៀមលក្ខណៈ (REDD+ Readiness) ក្នុងពាក់កណ្តាលឆ្នាំ២០២០ ដើម្បីមានសិទ្ធិដាក់គម្រោងយកថវិកាពីមូលនិធិអាកាសធាតុបៃតង។​ ក្នុងពេលបច្ចុប្បន្ន កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអនុវត្តកម្មវិធីរេដបូកបានល្អដ៏ទៃទៀត មានដូចជា Malaysia, Vietnam, Indonesia, Brazil, Ecuador, Colombia, Chilli, Mexico, Kenya ដែលនឹងមានសិទ្ធិដាក់គម្រោងយកថវិកាពីមូលនិធិអាកាសធាតុបៃតង។ ផ្អែកតាមកម្រិតយោងព្រៃឈើ (Forest Referral Level) កម្ពុជាអាចផលិតឥណទានកាបូនបានប្រមាណ១០លានតោន/ឆ្នាំ សម្រាប់ទទួលបានថវិកាក្នុងក្របខ័ណ្ឌការទូទាត់ផ្អែកតាមលទ្ធផលពីមូលនិធិអាកាសធាតុបៃតង ប្រសិនបើកម្ពុជាថែរក្សានិងការពារព្រៃឈើបានគង់វង្ស៕

អត្ថបទដែលជាប់ទាក់ទង