ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋនៅស្រុកស្នួល ស្លាប់២នាក់ និង៤៨នាក់កំពុងសង្រ្គោះ សង្ស័យពុលស្រាស

105

ក្រចេះ៖ មនុស្ស២នាក់ស្លាប់ និង៤៨នាក់ផ្សេងទៀត ធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ ដោយសង្ស័យពុលស្រាស ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ នៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិស្នួលកើត ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។ រហូតមកដល់ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ អ្នកជំងឺមួយចំនួនបានធូរស្រាល និងបានចេញពីមន្ទីរពេទ្យជាបណ្ដើរៗហើយ​ ដោយនៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ នៅសល់តែ២៥នាក់កំពុងព្យាបាល។

មូលហេតុដែលបណ្តាលឲ្យកើតមានមនុស្សស្លាប់ និងធ្លាក់ខ្លួនឈឺ ​ដោយពួកគាត់ចូលរួមបុណ្យសព នៅភូមិឃុំកើតហេតុ ហើយ​នាំគ្នាផឹកស្រាស ស្រាថ្នាំ ទើបបណ្តាលឲ្យមាន​អាការៈ​ លមុខ ណែនដើមទ្រូង ស្រវាំងភ្នែក ឈឺក្បាល យ៉ាងធ្ងន់ធ្ងរ រហូតដល់មានមនុស្សស្លាប់និងរបួស។

មន្រ្តីមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ថា ហេតុការណ៍ពុលនេះ​សង្ស័យពុល មេតាណុលនៅក្នុងស្រាស ហើយខាងមន្ទីរជំនាញកំពុងស្រាវជ្រាវដោយយកស្រាទាំងនោះ ទៅពិសោធន៍នៅក្រសួងសុខាភិបាល និងអប់រំបញ្ឈប់ជាបណ្ដោះអាសន្ន​ការផឹកស្រាបែបនេះ។

រយៈពេល២ថ្ងៃមកនេះ​ ប្រជាពលរដ្ឋនៅក្នុងភូមិរបស់គាត់ បានទៅធ្វើចំការនៅភ្នំព្រេច ស្រាប់តែបានសត្វទន្សងមួយក្បាល ក៏បាននាំគ្នាយកមកធ្វើក្លែមជាមួយស្រាស មានគ្នាប្រហែល១០នាក់ ស្រាប់តែមានអ្នកស្លាប់២នាក់ (ម្នាក់នៅក្នុងភូមិ និងម្នាក់ទៀតនៅភ្នំទួលព្រេច)។​ បន្ទាប់ពីបានស្លាប់ហើយ ប្រជាពលរដ្ឋនៅក្នុងភូមិ បានទៅកំដរបុណ្យសព ដោយយកស្រាសពីភ្នំទួលព្រេច រហូតមានអ្នកធ្លាក់ខ្លួនឈឺតែម្តង៕

អត្ថបទដែលជាប់ទាក់ទង