ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លុបគម្រោងគុក​(VIP)​តម្រូវឲ្យអ្នកទោសបង់ថ្លៃចោលវិញ ព្រោះគ្មានប្រទេសណាធ្វើចឹង ខណៈការសាងសង់ជិតរួច

57

ភ្នំពេញ៖ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងថា កម្ពុជាបានសម្រេចបោះបង់ចោលនូវគម្រោង ពន្ធនាគារ វីអាយភី (VIP) ដែលវិនិយោគជាមួយក្រុមហ៊ុនឯកជន ក្រោយពីធ្វើការសិក្សារកពុំឃើញមានប្រទេសណាមួយ ធ្វើពន្ធនាគារទំនើបបែបនេះសម្រាប់ឃុំខ្លួនអ្នកជាប់ឃុំ ដែលមានលទ្ធភាពបង់ប្រាក់ ខណៈការសាងសងជិតបានរួចរាល់ហើយ។ នេះបើតាមការផ្សាយនៅលើផេករបស់លោកវីល្លាម សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មកពីគណបក្សខ្មែរក្រោក នៅថ្ងៃទី 13 កក្កដាឆ្នាំ 2019

លោកបានថ្លែងថា៖ «យើងធ្វើក៏អត់មានលទ្ធភាពធ្វើដែរ។ យើងដើរទៅមើលប្រទេសគេផ្សេង អត់មានប្រទេសណា គេមានបទពិសោធន៍ធ្វើពន្ធនាគារនេះទេ។ អ៊ីចឹង យើងក៏បោះបង់ចោលគម្រោងនេះទៅ។ ប្រទេសគេផ្សេងៗ អត់ទាន់មានធ្វើ បើយើងធ្វើគេនឹងយកគំរូតាមយើង ហើយបើយើងធ្វើតែឯងក៏មិនកើតដែរ»។ បើតាមលោក ខៀវ សុភ័គ បានឲ្យដឹងថា គម្រោងពន្ធនាគារវីអាយភីនេះ កន្លងមក ក្រសួងមហាផ្ទៃបានឲ្យក្រុមហ៊ុនឯកជនមួយ វិនិយោគធ្វើពន្ធនាគារនេះ ដោយពេលបញ្ចប់ការសាងសង់ នឹងឲ្យជនជាប់ទោសបង់ថ្លៃស្នាក់នៅក្នុងតម្លៃថោកបំផុត។

សូមជម្រាបជូនថា លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានប្រាប់ កាសែតក្នុងស្រុក កាលពីថ្ងៃទី ៣ ខែកក្កដាកន្លងទៅថា អគារពន្ធនាគារ សម្រាប់អ្នកដែលមានលទ្ធភាពបង់ថ្លៃស្នាក់នៅត្រូវបានសាងសង់រួចហើយ ប៉ុន្តែនៅសេសសល់ប្រព័ន្ធមួយចំនួនដូចជាលូ ទឹក និងភ្លើងជាដើម។ លោកបន្តថា ពន្ធនាគារទំនើបនេះ ត្រូវបានក្រសួងមហាផ្ទៃបើកដំណើរការសាងសង់កាលពីខែ ឧសភា ឆ្នាំ ២០១៧ ដោយមានការវិនិយោគជាមួយក្រុមហ៊ុន គន្ធរីខុន ហូលឌីង ក្នុងទឹកប្រាក់ប្រមាណ ៤ លានដុល្លារ។ អគារពន្ធនាគារសាងសង់នៅលើផ្ទៃដី ១ ហិកតាកន្លះ ប៉ុន្តែបរិវេណទាំងមូលមានទំហំ ៣ ហិកតា៕

អត្ថបទដែលជាប់ទាក់ទង