ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថៃទទួលយកសំណូមពរកម្ពុជា ទប់ស្កាត់ មិនឲ្យទំនិញអង្ករប្រាសាទអង្គរវត្ត នៅលើបាវអង្កររបស់ថៃ មានវត្តមានលើទីផ្សារ ក្នុងទីក្រុងម៉ុងរេអាល់

232

ភ្នំពេញ៖ ពាក់ព័ន្ធនឹងសំណូមពររបស់លោករដ្ឋមន្ត្រីពាណិជ្ជកម្ម ចាត់វិធានការណ៍ ឲ្យបានម៉ឺងម៉ាត់ ចំពោះករណីប្រើប្រាស់ និមិត្តសញ្ញាជាតិ របស់កម្ពុជា (ប្រាសាទអង្គរវត្ត) នៅលើបាវអង្កររបស់ថៃនោះ ឯកអគ្គរាជទូតថៃ បានអះអាងថា បានស្នើឲ្យអាជ្ញាធរថៃ ជូនដំណឹង ដល់ភាគីពាក់ព័ន្ធ តាមរយៈកិច្ចសហការជាមួយ តំណាងពាណិជ្ជកម្ម នៃប្រទេសកាណាដា ដើម្បីទប់ស្កាត់ មិនឲ្យទំនិញអង្ករខាងលើ មានវត្តមានតទៅទៀត នៅតាមទីផ្សារក្នុងទីក្រុងម៉ុងរេអាល់។

លោក ប៉ាន សូរស័ក្តិ បង្ហាញសុទិដ្ឋិនិយម ចំពោះទំនាក់ទំនង ពាណិជ្ជកម្ម ទ្វេភាគីកម្ពុជា-ថៃឡង់ដ៏។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា ទំនាក់ទំនងពាណិជ្ជកម្ម ទ្វេភាគីរវាងកម្ពុជា និងថៃឡង់ដ៏ ថានឹងអាចសម្រេចបានទំហំ ១៥ប៊ីលានដុល្លារ នៅត្រឹមឆ្នាំ២០២០ តាមផែនការដែលគ្រោងទុក ខណៈដែលឆ្នាំ២០១៧ ទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរ មានចំនួន ៦ប៊ីលានដុល្លារ រួចទៅហើយ។

លោករដ្ឋមន្ត្រី បានបង្ហាញសុទិដ្ឋិនិយមដូច្នេះ ក្នុងឱកាសទទួលជួប ពិភាក្សាការងារជាមួយ លោក ប៉ានីយ៉ារ៉ាក់ ពូលធុប ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសថៃឡង់ដ៏ ប្រចាំនៅកម្ពុជា ដែលរៀបចំឡើង នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៨។

នៅក្នុងជំនួប លោក ប៉ាន សូរស័ក្តិ បានលើកឡើងអំពីទំនាក់ទំនង ស្អិតល្មួត រវាងប្រទេសកម្ពុជា និងថៃឡង់ដ៏ ក៏ដូចជាវឌ្ឍនភាពថ្មីៗ នៃកិច្ចសហប្រតិការ លើវិស័យពាណិជ្ជកម្ម ដូចជា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការបើកច្រកព្រំដែនភ្នំដី ក្នុងខេត្តបាត់ដំបង និងច្រកបានខៅឌីន ក្នុងខេត្តស្រះកែវ ដែលនឹងជួយសម្រួល ដល់ការដឹកជញ្ជូនទំនិញ ការធ្វើដំណើរចេញ-ចូល របស់ភ្ញៀវទេសចរអន្តរជាតិ និងការពង្រីកកិច្ចសហការ ធុរកិច្ច របស់ពាណិជ្ជករ នៃប្រទេសទាំងពីរ។

ទន្ទឹមគ្នានេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានសំណូមពរ ដល់ភាគីថៃ ចាត់វិធានការណ៍ ឲ្យបានម៉ឺងម៉ាត់ ចំពោះករណីប្រើប្រាស់ និមិត្តសញ្ញាជាតិ របស់កម្ពុជា (ប្រាសាទអង្គរវត្ត) នៅលើបាវអង្កររបស់ថៃ ដែលកំពុងធ្វើចរាចរណ៍ លក់នៅតាមទីផ្សារមួយចំនួន ក្នុងទីក្រុងម៉ុងរេអាល់ នៃប្រទេសកាណាដា។

ជាការឆ្លើយតប លោក ប៉ានីយ៉ារ៉ាក់ ពូលធុប បានជម្រាបឯកឧត្តមរដ្ឋមន្ត្រី អំពីចំណាត់ការរបស់អាជ្ញាធរថៃ ក្នុងការជូនដំណឹង ដល់ភាគីពាក់ព័ន្ធ តាមរយៈកិច្ចសហការជាមួយ តំណាងពាណិជ្ជកម្មនៃប្រទេសកាណាដា ដើម្បីទប់ស្កាត់ មិនឲ្យទំនិញអង្ករខាងលើ មានវត្តមានតទៅទៀត នៅតាមទីផ្សារក្នុងទីក្រុងម៉ុងរេអាល់។ លើសពីនេះ លោក ឯកអគ្គរាជទូត ក៏បានថ្លែងអំណរគុណ លោករដ្ឋមន្ត្រី ដែលកន្លងមកបានជួយ សម្របសម្រួល ពាណិជ្ជករថៃ ក្នុងការធ្វើធុរកិច្ច និងការរៀបចំព្រឹត្តិការណ៍ ពិព័រណ៍ពាណិជ្ជកម្មផ្សេងៗ នៅក្នុងប្រទេសកម្ពុជា។

គួររំលឹកដែរថា កាលពីកំឡុងខែមីនា កន្លងមកនេះ ប្រទេសកម្ពុជា និងថៃឡង់ដ៏ បានរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្ម លើកទី៦ (6th JTC) នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់លើបញ្ហាប្រឈមផ្សេងៗ សំដៅជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបាន ១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២០។ ក្នុងនោះ ប្រទេសទាំងពីរ បានព្រមព្រៀងពង្រឹង ការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្ម ការបើកច្រកព្រំដែនថ្មីៗបន្ថែម និងការរៀបចំឲ្យមានវេទិកាធុរកិច្ច និងវិនិយោគកាន់តែច្រើន។ បន្ថែមលើនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើ ឯកសារចំនួនពីរគឺ (១) យុទ្ធសាស្ត្រកំណើន នៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច តាមបណ្តាខេត្តនៅជាប់ព្រំដែន និង(២) អនុស្សរណៈ ស្តីពីកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម៕

អត្ថបទដែលជាប់ទាក់ទង