ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បទបញ្ជា ៤ចំណុចឲ្យកងកម្លាំង កងរាជអាវុធហត្ថ អនុវត្តនៅមុនពេល និងអំឡុងពេល នៃការបោះឆ្នោត

87

ស្វាយរៀង៖សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដាក់ចេញនូវបទបញ្ជា ចំនួន៤ចំណុចសំខាន់ៗ ឲ្យកងកម្លាំង កងរាជអាវុធហត្ថ អនុវត្តឲ្យបាននៅមុនពេល និងអំឡុងពេល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាចុងខែកក្កដានេះ។

សម្តេចពិជ័យសេនា នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមជាអធិបតី នៅក្នុងពិធីខួបលើកទី២៥ ទិវាកងរាជអាវុធហត្ថ និងសម្ពោធដាក់អោយប្រើប្រាស់អគារល្អប្រណិត ចំនួនពីរអគារ និងសមទ្ធិផលនានា ដែលចំណាយថវិកាអស់ជាង២លានដុល្លារ។

បទបញ្ជាទាំង៤ចំណុចរបស់សម្តេចពិជ័យសេនា ទៀ បាញ់​ រួមមាន៖ ទី១៖ កងរាជអាវុធហត្ថ ត្រូវពង្រឹងការការពារសន្តិភាព ស្ថិរភាពនយោបាយ, ទី២៖ រួមគ្នាធានាឱ្យបានការបោះឆ្នោត ដែលដំណើរការដោយសេរី យុត្តិធម៌ ដែលច្បាប់បោះឆ្នោតបានតម្រូវ, ទី៣៖ បន្តលើកកម្ពស់ការថែរក្សាសុខសន្តិភាព សាធារណៈ តាមរយៈការពង្រឹងវិន័យ សីលធម៌ ឱ្យសង្គមកាន់តែមានស្ថិរភាព និងទី៤៖ កងរាជអាវុធហត្ថ ត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អ ជាមួយស្ថាប័ន ក្រសួង និងប្រទេសជាមិត្ត ធ្វើយ៉ាងណាសំដៅ ធ្វើឱ្យប្រទេសរីកចម្រើន និងជីវភាពប្រជាពលរដ្ឋ កាន់តែរីកចម្រើន។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងពីសកម្មភាព របស់កងរាជអាវុធហត្ថ ដែលបានអនុវត្តកន្លងមក ដោយបានរួមចំណែក ជាមួយរាជរដ្ឋាភិបាលគ្រប់កាលៈទេសៈទាំងអស់ ក្នុងការការពារជាតិមាតុភូមិ។ ការប្រារព្ធពិធីអបអរសាទរនាថ្ងៃនេះ គឺជាការលើកទឹកចិត្ត ​របស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ ចំពោះកងរាជអាវុធហត្ថ។ មិនត្រឹមតែប៉ុណ្ណោះ ក៏ដើម្បីពង្រឹងបន្ថែមទៀត នូវការថែរក្សាសុខសន្តិភាព។ សម្តេចថា សុខសន្តិភាពនេះហើយ ដែលបានធ្វើឱ្យប្រទេសរីកចម្រើន ដូចបច្ចុប្បន្ន។ សម្តេចពិជ័យសេនា បានអំពាវនាវឱ្យកងកម្លាំងប្រដាប់ទាំងអស់ត្រូវស្មោះត្រង់ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស និងត្រូវរក្សាសុខសន្តិភាពឱ្យស្ថិតស្ថិរគង់វង្សយូរអង្វែង មានសន្តិភាព ទើបយើងមានឱកាសអភិវឌ្ឍ ប្រទេសឱ្យរីកចម្រើនលើកគ្រប់វិស័យ៕

 

អត្ថបទដែលជាប់ទាក់ទង