ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការបរទេស សម្ដែងការសោកស្ដាយ ចំពោះសភាតំណាងរាស្ត្រអាមេរិក លើការអនុម័ត ច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

62


ភ្នំពេញ៖ ក្រសួងការបរទេស  មានការសោកស្ដាយយ៉ាងខ្លាំងពេល   ទទួលបានព័ត៌មានថាសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកទើបបានអនុម័តច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ 2019។

ក្រសួងការបរទេសកម្ពុជា នៅយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍ប្រតិកម្មទៅនឹងសភាតំណាងរាស្ត្រអាមេរិក ដែលបានអនុម័តច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលជាច្បាប់មួយដាក់ទណ្ឌកម្មលើប្រទេសកម្ពុជាជុំវិញការចោទប្រកាន់កម្ពុជាធ្វើឱ្យធ្លាក់ចុះនូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សជាដើមនោះ។
នៅក្នុងសេចក្តីថ្លែងការណ៍នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងការសោកស្តាយ និងខកចិត្តយ៉ាងខ្លាំងចំពោះខ្លឹមសារ នៃសេចក្តីព្រាងច្បាប់នេះ និងបានធ្វើការបដិសេធយ៉ាងដាច់អហង្កានូវការចោទប្រកាន់ដោយគ្មានមូលដ្ឋានប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ដោយផ្អែកទៅលើព័ត៌មានបំភ្លៃ លំអៀង និងព័ត៌មានចាស់ហួសសម័យ ដោយសារតែហេតុផលនយោបាយ និងស្តង់ដារពីរ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេសកម្ពុជា មាន​កាតព្វកិច្ច​ផ្តល់នូវ​ការបកស្រាយ​បំភ្លឺ​ ដូចតទៅ​៖
-​ ​សេចក្តីព្រាងច្បាប់​នេះ ចាប់ផ្តើម​ដោយ​លើកឡើងថា សម្តេច​តេ​ជោ ហ៊ុន សែន គឺជា​​មេដឹកនាំ ​ដែល​បាន​កាន់តំណែង​យូរ​ជាងគេ​បំផុត​នៅ​អាស៊ីអាគ្នេយ៍​។ ការ​កាន់តំណែង​យូរ​ដូច្នេះ មិនមែន​មិនដែល​មាននៅ​ក្នុង​បណ្តា​ប្រទេស ដែល​ប្រកាន់យក​នូវ​ប្រព័ន្ធ​នយោបាយ​បែប​សភានិយម នៅតាម​តំបន់​នានា​នោះឡើយ​។ ទាំង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ពាក់ព័ន្ធ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មិនបាន​កំណត់​អាណត្តិ​របស់​នាយករដ្ឋមន្ត្រី​នោះទេ ដរាបណា​គណបក្ស​រប​ស់គា​ត់​ទទួលបាន​ការគាំទ្រ​ភាគច្រើន​ពី​អ្នកបោះឆ្នោត ដែល​អនុវត្ត​សិទ្ធិ​នយោបាយ​របស់ខ្លួន​ដោយ​សេរី នៅក្នុង​ការបោះឆ្នោត​ជា​ទៀងទាត់ ដែល​ត្រូវបាន​ឃ្លាំមើល​ដោយ​អ្នកសង្កេតការណ៍​ជាតិ​និង​អន្តរជាតិ​។ អាស្រ័យហេតុនេះ ការជាប់ឆ្នោត​សារជាថ្មី​ឡើងវិញ ពុំមែន​មានន័យថា​គ្មាន​ប្រជាធិបតេយ្យ​នោះទេ ហើយក៏​មិនមែនជា​បទល្មើស​នោះដែរ​។

-​ ​ការបដិសេធ​មិន​ទទួលស្គាល់​ភាពស្របច្បាប់​នៃ​ការបោះឆ្នោត​កន្លងមក​នៅ​ក្នុងប្រទេស​កម្ពុជា គឺជា​ការ​មើលងាយ​ទាំងស្រុង​ចំពោះ​ឆន្ទៈ​របស់​អ្នកបោះឆ្នោត​កម្ពុជា និង​ជាការ​បដិសេធ​​នូវ​ការ​ពិត​។ ការ​បោះឆ្នោត​​លើកទីមួយ​ នៅ​ឆ្នាំ​១៩៩៣ ត្រូវបាន​ផ្តួចផ្តើម​និង​រៀបចំ​ដោយ​​អង្គការសហប្រជាជាតិ​។ ការ​បោះឆ្នោត​នៅ​ឆ្នាំ​១៩៩៨ ត្រូវបាន​ប្រធាន​ក្រុម​អ្នកសង្កេតការណ៍ អាមេរិក ចាត់ទុកថា​ជា «​អព្ភូតហេតុ​ដ៏​អស្ចារ្យ​នៃ​ដង​ទន្លេមេគង្គ​» ។ ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៣ ត្រូវបាន​ចាត់ទុកថា​មាន​លក្ខណៈ​សេរី​និង​យុត្តិធម៌​ណាស់ ដោយ​គណបក្សប្រឆាំង​បាន​កើន​២៦​អាសនៈ ហើយ​គណបក្សកាន់អំណាច​បាន​បាត់បង់​២៣​អាសនៈ​។ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ បាន​អំពាវនាវ​ឱ្យ​គ្រប់​គណបក្ស​នយោបាយ​​ទាំងអស់​ទទួលយក​លទ្ធ​ផល​នៃ​ការបោះឆ្នោត​ឃុំ​-​សង្កាត់​ឆ្នាំ​២០១៧ ដោយ​រៀបរាប់ថា​ការ​​បោះឆ្នោត​មាន​សណ្ដាប់ធ្នាប់ ​និង​ពុំមាន​អំពើហិង្សា និង​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ក្នុង​ការបន្ត​អភិវឌ្ឍ​តាមបែប​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។ ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៨ បាន​ប្រព្រឹត្ត​ទៅដោយ​ពុំមាន​អំពើហិង្សា មាន​សណ្តាប់ធ្នាប់ សេរី​និង​យុត្តិធម៌ ដោយមាន​អ្នកចូលរួម​បោះឆ្នោត​រហូតដល់ ៨៣,០២% ទោះបីជា​មានការ​អំពាវនាវ​របស់​ក្រុម​ក្រៅច្បាប់​ឱ្យធ្វើ​​ពហិការ​មិន​​ចូលរួម​ក៏ដោយ​។ តួលេខ​នេះ ​មិន​ត្រឹមតែ​បង្ហាញ​ពី​បំណងប្រាថ្នា​របស់​ប្រជាជន​កម្ពុជា ​ចង់ឃើញ​ការបន្ត​និរន្តរភាព ក្នុង​មាគ៌ា​ប្រកបដោយ​សន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្ហាញ​ពី​ទំនុកចិត្ត​ជាថ្មី​របស់​ពួកគេ ចំពោះ​ការដឹកនាំ​របស់​គណបក្ស​កាន់អំណាច ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ដើម្បី​សម្រេច​ឱ្យបាន​គោលដៅ​ទាំងនេះ​។​

-​ ​ការចាប់ខ្លួន​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) និង​ការរំលាយ​គណបក្ស​រប​ស់​គាត់ ​ដោយ​តុលាការ​កំពូល គឺ​ត្រូវបាន​ធ្វើឡើង​ដោយ​អនុលោម​ទាំងស្រុង​ទៅតាម​ច្បាប់​ជា​ធរមាន​របស់​រដ្ឋ​អធិបតេយ្យ​មួយ ក្នុង​ស្មារតី​ថែរក្សា​សន្តិភាព និង​ស្ថិរភាព ព្រមទាំងការ​ការពារ​អធិបតេយ្យភាព និង​ឯករាជ្យភាព​របស់​កម្ពុ​ជា​។ គាត់​ត្រូវបាន​ចោទប្រកាន់​ពីបទ ស​ន្ទិ​ដ្ឋិ​ភាព​ជា​មួយ​បរទេស ដែល​ត្រូវ​ផ្តន្ទាទោស​តាម​ក្រមព្រហ្មទណ្ឌ​កម្ពុជា​(​មាត្រា​៤៤៣)​។

-​ ​សេចក្តីព្រាង​នៃ «​ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ ២០១៩» នេះ បាន​ទំលាក់កំហុស​ទៅលើ​បទ​ប្បញ្ញត្តិ​​ទាំងឡាយ​នៃ​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល (LANGO) ដែល​តាមពិតទៅ ច្បាប់​នេះ​មាន​ដូចគ្នា​នៅក្នុង​ប្រទេស​លោកខាងលិច​ជាច្រើន ដើម្បី​ធានា​តម្លាភាព​និង​គណនេយ្យ​ភាព​​របស់​ស​មា​គម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំងនោះ​។ ជាការ​ពិតណាស់ ច្បាប់ LANGO នេះ ត្រូវបាន​តាក់តែងឡើង ដោយ​ដកស្រង់​​បទពិសោធន៍​ល្អៗ​ជាច្រើន​ចេញ​ពី​ច្បាប់ ​ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល​របស់​ប្រទេស​នានា​ដែលមាន​ភាពចាស់ទុំ​ខាង​ប្រជាធិបតេយ្យ រួមមាន សហរដ្ឋអាមេរិក​ផងដែរ​។ ច្បាប់​នេះ ​ក៏មាន​អត្ថន័យ​ស្របតាម​មាត្រា​៤២​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា​២០​នៃ​សេចក្តី​ថ្លែងការណ៍​សកល​ស្តីពី​សិទ្ធិមនុស្ស និង​មាត្រា​២២​នៃ​អនុសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ស៊ីវិល​ និង​
​នយោ​បាយ​។ ករណី​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​(NDI) គឺពាក់ព័ន្ធ​នឹង​ការខកខាន​មិនបាន​អនុវត្តតាម​មាត្រា​៣៤ នៃ​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។

-​ ​សេចក្តីព្រាងច្បាប់​នេះ រិះគន់​ខុស​អំពី​ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន និង​ប្រាសចាក​ឆ្ងាយ​ពី​ការពិត​។ ការពិត​នោះ​គឺ កាសែត​និង​បណ្តាញសារព័ត៌មាន​មួយចំនួន​តូច​ប៉ុណ្ណោះ ដែលបាន​ជ្រើសរើស​តាម​ឆន្ទៈ​របស់ខ្លួន ក្នុងការ​បញ្ឈប់​ប្រតិបត្តិការ​របស់​ពួកគេ នៅពេល​ប្រឈម​នឹង​កាតព្វកិច្ច​សារពើពន្ធ និង​ការរំលោភបំពាន​ច្បាប់សារព័ត៌មាន​របស់​កម្ពុជា​។ កម្ពុជា​លើកកម្ពស់​យ៉ាងខ្លាំង​នូវ​សេរីភាព​សារព័ត៌មាន​និង​ការបញ្ចេញមតិ ដោយ​ឈរលើ​មូល​-​ដ្ឋា​ន​នីតិរដ្ឋ ដូច​បានបង្ហាញ​តាមរយៈ​បរិយាកាស​ប្រព័ន្ធ​ផ្សព្វផ្សាយ​យ៉ាង​រស់​រវើក​នៃ​អង្គការ​កាសែត ទូរទស្សន៍ និង​វិទ្យុ ដែល​បាន​ចុះបញ្ជី​ជាង​១០០០​ស្ថាប័ន កំពុងដំណើរការ ហើយ​មានការ​រិះគន់​ចំពោះ​រាជរដ្ឋាភិបាល​។ ជាងនេះទៅទៀត ជាមួយនឹង​ទូរស័ព្ទ​ចល័ត​ដែល​ភ្ជាប់ អ៊ីនធឺណិត ជាង​១៣​លាន​៦​សែន​គ្រឿង នៅ​ឆ្នាំ​២០១៨ ប្រជាជន​កម្ពុជា​រីករាយ​នឹង​លទ្ធភាព​ទទួលបាន​ព័ត៌មាន​គ្មាន​ដែន​កំណត់ ឆាប់រហ័ស និង​គ្មាន​ការ​រឹតត្បិត ដែល​រួមមាន​ទាំង​វិទ្យុ​អាស៊ីសេរី វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក (VOA) និង​កាសែត​ឌឹ​ខេ​ម​បូ​ឌា​ដេលី ព្រមទាំង​ការចែករំលែក​ព័ត៌មាន​ផ្ទាល់ខ្លួន​តាម​អ៊ិន​ធឺ​ណិ​ត និង​លើ​បណ្តាញ​សង្គម​ផ្សេងៗ​ទៀតផង​ដែរ​។​

-​ ​សមាជិកសភា ​ដែល​ស្នើច្បាប់​នេះ ហាក់ដូចជា​មើលរំលង​ការពិត​ជាក់ស្តែង ដែល​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ បាន​ឯកភាព​តាម​សំណើ​របស់​ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ ចំពោះ​ការផ្តល់​ទិដ្ឋាការ​ចូល ​និង​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា​រយៈពេល ​១២​ខែ ដល់​អ្នកស្ម័គ្រចិត្ត Peace Corps នៅ​ខែមករា​កន្លង​មកនេះ និង​ការអនុញ្ញាត​ឱ្យ​បើក​ការិយាល័យ​តំណាង​របស់​វិទ្យុ​VOA នៅ​កម្ពុជា​ឡើងវិញ នៅ​ខែ​ឧសភា ឆ្នាំ​២០១៩​។ នេះ​ជា​ឧទាហរណ៍​ពីរ ក្នុងចំណោម​ឧទាហរណ៍​ជាច្រើន​ដែល​បានបង្ហាញ​ឲ្យ​ឃើញថា សេចក្តីព្រាងច្បាប់​នេះ បាន​ពឹង​ផ្អែកលើ​ព័ត៌មាន​ចាស់ៗ​ដែល​ហួសសម័យកាល​។

-​ ​ដោយសារ​មាន​ចេតនា​អាក្រក់ ទើប​សេចក្តីព្រាងច្បាប់​នេះ មិនមាន​លើក​ចំណុច​យោង​ណាមួយ​ទាក់ទង​ទៅដល់​វោហា​សាស្ត្រ​ប្រជា​និយម​ដ៏​គ្រោះថ្នាក់​របស់​ក្រុមប្រឆាំង​មួយចំនួន​នៅ​កម្ពុជា ដែល​ប្រើប្រាស់​វិធីសាស្ត្រ​ប្រមាថ និង​បង្កាច់បង្ខូច​មិន​រើសមុខ អុចអាល បង្ក​ការ​ស្អប់​ជាតិ​សាសន៍ និង​ការ​ស្អប់​ជនបរទេស បំផុស​ជាតិនិយម​ជ្រុល អំពាវនាវ​ឱ្យ​យោធា​ប្រឆាំងនឹង​រដ្ឋាភិបាល និង​បំផ្លិចបំផ្លាញ​ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ ដែល​ទាំងអស់នេះ ត្រូវបាន​ទទួល​ការ​ស្អប់ខ្ពើម​យ៉ាងខ្លាំង​នៅក្នុង​គ្រប់​សង្គម​ប្រជាធិបតេយ្យ​នានា​។ ការវាយតម្លៃ​ដោយ​យុត្តិធម៌​និង​សត្យានុម័ត អំពី​សេរីភាព​នយោបាយ​និង​សិទ្ធិមនុស្ស មិនត្រូវ​ភ្លេច​ពី​ធាតុពិត​នៃ​គណបក្សប្រឆាំង​មួយ​ដែល​គ្មាន​លក្ខណៈ​គ្រប់គ្រាន់​នោះទេ​។ ជាងនេះទៅទៀត ប្រតិកម្ម​របស់​សហរ​ដ្ឋ​អាមេរិក​ចំពោះ​ការវិវត្ត​នយោបាយ​ថ្មីៗ​នៅ​កម្ពុជា ហាក់ដូចជា​មិនបាន​ស្តែងចេញ​តាមរយៈ​គុណ​តម្លៃ​ប្រជាធិបតេយ្យ​នោះទេ បើ​ពិនិត្យ​ទៅលើ​ភាពខុសគ្នា​នៃ​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រជា​ធិ​ប​​តេ​យ្យ​និង​ការគោរព​សិទ្ធិមនុស្ស​។

តាមក្រសួងការបរទេស ខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ កាន់តែបង្ករការរំខានថែមទៀត នៅពេលដែលបុគ្គលសាធារណៈរបស់រដ្ឋអធិបតេយ្យមួយ បានក្លាយជាកម្មវត្ថុនៃវិធានការដាក់ទណ្ឌកម្មពីសំណាក់រដ្ឋមួយផ្សេងទៀត ដោយផ្អែកលើការចោទប្រកាន់កម្មមានមូលដ្ឋាន ។ នេះគឺជាការរំលោភបំពានយ៉ាងជាក់ស្ដែងចំពោះគោលការណ៍អន្តរជាតិស្ដីពីអធិបតេយ្យភាព សមភាពនិងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ដូចមានចែងក្នុងមាត្រា 2 នៃរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ។

អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ចាត់ទុកថាអនុម័តសេចក្តីព្រាងច្បាប់ខាងលើរបស់សភាសហរដ្ឋអាមេរិក បើផ្ទុយទៅនឹងកិច្ចខិតខំប្រឹងប្រែងដែលប្រទេសទាំងពីរកំពុងប្រកាន់យក ក្នុងការលើកកម្ពស់ភាពជាដៃគូគ្រប់វិស័យ ដោយផ្អែកលើផលប្រយោជន៍នៃការគោរពគ្នាទៅវិញ។ ហើយបើមានសម្ពាធដ៏អយុត្តិធម៌ និងការដាក់ទណ្ឌកម្មជាឯកតោភាគី ពីសំណាក់សហរដ្ឋអាមេរិកក្តី ក៏រាជរដ្ឋាភិបាលកម្ពុជាបានជ្រើសយកអភិក្រមវិជ្ជមានប្រកបដោយភាពស្មោះត្រង់ ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកលើវិស័យជាច្រើន ដូចជាបេសកកម្មមនុស្សធម៌ “ស្តង់ដារមាស” កម្មវិធីមាតុភូមិនិវត្តន៍យ៉ាងសកម្ម ការចាប់ផ្ដើមឡើងវិញនូវកិច្ចសន្ទនានយោបាយ  ការគាំទ្រដល់អ្នកស្ម័គ្រចិត្ត និងការប្រយុទ្ធរួមគ្នាយ៉ាងសកម្មប្រឆាំងនឹងការប្រឈមផ្នែកសន្តិសុខមិនប្រពៃណី ដូចជាភេរវកម្ម និងការជួញដូរជាដើម។

នៅក្នុងពាក្យក្រសួងការបរទេស សូមសម្ដែងជាថ្មីនូវការប្ដេជ្ញាចិត្ត ឥតងាករេរបស់កម្ពុជា ក្នុងការប្រកាន់យកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងលើកកម្ពស់នីតិរដ្ឋនិងការគោរពសេរីភាពជាមូលដ្ឋាន ស្របទៅតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ អ្នកនាំពាក្យក្រសួងការបរទេស ទទួចដល់អង្គការនីតិប្បញ្ញត្តិបរទេសទាំងអស់ រក្សានូវភាពលំអៀងរបស់ខ្លួន នឹងជិះវានូវសកម្មភាពមិនចាំបាច់នានាដែលមិនគោរពដល់អធិបតេយ្យភាព និងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសប្រតិកម្មទៅនឹងច្បាប់ដែលអនុម័តដោយសភាតំណាងរាស្ត្រអាមេរិក៖

អត្ថបទដែលជាប់ទាក់ទង