ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុងឆមាសទី១នេះ សេដ្ឋកិច្ចកម្ពុជាបានបន្តរីកចម្រើន ជាមួយនឹងកំណើន រឹងមាំ​ វិស័យទេសចរណ៍ និងសំណង់

121

ភ្នំពេញ៖លោក ជា ចាន់តូ បានបញ្ជាក់ថា ក្នុងឆមាសទី១នេះ សេដ្ឋកិច្ចកម្ពុជាបានបន្តរីកចម្រើន ប្រកបដោយភាពជឿជាក់ ជាពិសេសក្នុងវិស័យនាំចេញ និងទេសចរណ៍ ជាមួយនឹងកំណើន រឹងមាំ​ នៃវិស័យសំណង់ និងការបន្តងើបឡើង នៃវិស័យកសិកម្ម ដែលនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០១៨ អាចរក្សាបានល្បឿនខ្ពស់រឹងមាំ។

នាថ្ងៃសៅរ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជា រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០១៨ នៅអគារធនាគារជាតិនៃកម្ពុជា លើផ្លូវហាណូយ ក្រោមអធិបតីភាព លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ។

លោក ជា ចាន់តូ៖ ក្នុងនាមជាអាជ្ញាធររូបិយវត្ថុ ធនាគារជាតិនៃកម្ពុជាបានចូលរួមរក្សាស្ថិរភាពថ្លៃ ដោយបានអនុវត្តគោលនយោបាយរូបិយវត្ថុ ប្រកបដោយភាពប្រុងប្រយ័ត្ន ស្របតាមការវិវត្តទីផ្សារ ជាមួយការពង្រឹងប្រសិទ្ធភាព នៃគោលនយោបាយរូបិយវត្ថុជាលំដាប់។ ការបន្តលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ឱ្យកាន់តែទូលំទូលាយ នៅតែជាកត្តាចាំបាច់សម្រាប់លើកកម្ពស់ ប្រសិទ្ធភាព នៃការអនុវត្តគោលនយោបាយរូបិយវត្ថុ ហើយការចូលរួមពីគ្រប់មជ្ឈដ្ឋាន គឺជាកត្តាកំណត់នៃភាពជោគជ័យនេះ។ ក្នុងនាមជាអាជ្ញាធរត្រួតពិនិត្យប្រព័ន្ធធនាគារ ធនាគារជាតិនៃកម្ពុជា បានរួមចំណែករក្សាស្ថិរភាព និងអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។ ជាក់ស្តែង វិស័យធនាគារបាននិងកំពុងដើរតួនាទីស្នូល ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយ។ ការរួមចំណែកនេះត្រូវបានធ្វើឡើង តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុ ដល់ក្រុមហ៊ុន សហគ្រាស និងប្រជាពលរដ្ឋ ដើម្បីបង្កើតនិងពង្រីកសកម្មភាពសេដ្ឋកិច្ច ដែលបានរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ លើកកម្ពស់សមធម៌ និងប្រសិទ្ធភាព ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានសុខភាពល្អប្រសើរ ហើយហានិភ័យ ចំពោះស្ថិរភាពហិរញ្ញវត្ថុ ស្ថិតក្នុងកម្រិតទាបនិងអាចគ្រប់គ្រងបាន។

លោក ជា ចាន់តូ បានបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០១៨នេះ ធនាគារជាតិនៃកម្ពុជា​ សម្រេចបិទគ្រឹះស្ថានឥណទានជនបទ ដែលប្រតិបត្តិក្នុងប្រទេស​កម្ពុជាចំនួន៥០ ដោយសារតែគ្រឹះស្ថានទាំងនោះ មិនគោរពតាមបទបញ្ញាតិ្ត និងច្បាប់ របស់ធនាគារជាតិនៃកម្ពុជា។ គ្រឹះស្ថានឥណទានជនបទចំនួន៥០ដែលត្រូវបានសម្រេចបិទ មិនឲ្យបន្ដប្រតិបត្តិការនេះ ធនាគារជាតិនៃកម្ពុជា មិនទាន់​បានបញ្ជាក់​ឈ្មោះគ្រឹះស្ថាននីមួយៗនៅឡើយទេ។

ថ្លែងក្នុងឱកាសនោះ លោក ជា ចាន់តូ បានលើកឡើងថា ធនាគារជាតិនៃកម្ពុជា បានខិតខំដាក់ចេញនូវ វិធានការម៉ាក្រូ​​ប្រុងប្រយ័ត្នជាបន្ដបន្ដាប់ដូចជា ការកំណត់ទ្រនាប់ដើមទុន ការគ្រប់គ្រងហានិភ័យឥណទាន និងសន្ទនីយភាព និងការពង្រឹងការផ្ដល់វិញ្ញាបនបត្រ​ចំពោះគ្រឹះស្ថានឥណទានជនបទជាដើម សំដៅកាត់បន្ថយការប្រែប្រួល ទៅតាមវដ្ដសេដ្ឋកិច្ច និងបង្កើនភាពរឹងមាំនៃវិស័យធនាគារ។

លោកបានឲ្យដឹងថា “ក្នុងឆមាសទី១នេះ សេដ្ឋកិច្ចកម្ពុជា បានបន្ដរីកចម្រើនជាបន្ដបន្ទាប់ ពិសេសលើវិស័យនាំចេញ និងទេសចរណ៍ ជាមួយនឹងកំណើនដ៏រឹងមាំនៃវិស័យ​សំណង់ និងការបន្ដងើបនៃវិស័យកសិកម្ម ដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចបន្ដកើនឡើងយ៉ាងឆាប់រហ័ស”។

លោកក៏បានបញ្ជាក់ទៀតថា ធនាគារជាតិនៃបានបង្កើនការយកចិត្តទុកដាក់ លើការលើកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងកិច្ចការពារ​អតិថិជន តាមរយៈការផ្សព្វផ្សាយការអប់រំនានា ការទទួលការហៅចូលតាមទូរស័ព្ទ ដើម្បីសាកសួរព័ត៌មានទាំងឡាយពាក់ព័ន្ធ នឹងការប្រើប្រាស់​សេវាហិរញ្ញវត្ថុ ព្រមទាំងការបញ្ជា្រប់ចំណេះដឹងហិរញ្ញវត្ថុ ទៅកាន់សិស្សានុសិស្សចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី១២ តាមរយៈកិច្ចសហការជាមួយ​ក្រសួង​អប់រំ យុវជន និងកីឡា។


លោកស្រីជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា៖ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចបន្តរក្សាបានយ៉ាងរឹងមាំ​ ដោយកម្រិតទាបនៃអត្រាអតិផរណា ស្ថិរភាពអត្រាប្តូរប្រាក់ និងកម្រិតខ្ពស់នៃទុនបម្រុងអន្តរជាតិ។ ចំណែកវិស័យធនាគារ ប្រព័ន្ធធនាគារកម្ពុជាបន្តអភិវឌ្ឍប្រកបដោយភាពរឹងមាំ ដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានសុខភាពល្អ ហើយហានិភ័យនានាត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។

លោកស្រី បានបន្តថា នៅឆ្នាំ២០១៨ កំណើនសេដ្ឋកិច្ចកម្ពុជារំពឹងថាសម្រេចបាន ៧ភាគរយ ដែលគាំទ្រដោយកំណើនក្នុងវិស័យឧស្សាហកមម ១០,២ភាគរយ សេវាកម្ម ៦,៥ភាគរយ និងកសិកម្ម ២ភាគរយ។ ទុនបម្រុងអន្តរជាតិដុលកើនដល់ ៩,១ប៊ីលានដុល្លារ និងអាចធានាការនាំចូលទំនិញនិងសេវាបាន៦ខែ ។ កម្រិតនៃទុនបម្រុងអន្តរជាតិ បានពង្រឹងជំនឿទុកចិត្តរប​ស់វិនិយោគមកលើភាពធន់នៃសេដ្ឋកិច្ចកម្ពុជា។ ជញ្ជីងទូទាត់កម្ពុជាបន្តមានអតិរេក ២៨៩,៤លានដុល្លារ (២,៤ភាគរយនៃផសស) ដែលមានកម្រិតទាបជាងគ្រាដូចគ្នាឆ្នាំ (៨,៥ភាគរយនៃផសស) ។ គណនីចរន្តមានឱនភាពប្រមាណ ១,១ប៊ីលានដុល្លារ ឬ៩,៥ភាគរយនៃផសស ធៀបនឹង៨,៤ភាគរយនៃផសស គ្រាដូចគ្នាឆ្នាំមុន។ លំហូរវិនិយោគផ្ទាល់ពីបរទេសកើន២៨,៤ភាគរយ មានសមាមាត្រ ១០,៨ភាគរយ នៃផសស ធៀបនឹង១០,៥ភាគរយនៃផសស គ្រាដូចគ្នាឆ្នាំមុន។ ក្នុងឆ្នាំ២០១៨ អតិផរណាត្រូវបានព្យាករណ៍ថាមានកម្រិត ៣ភាគរយ ប្រហាក់ប្រហែលនឹងឆ្នាំ២០១៧ ដោយសន្មតថា ម្ហូបអាហារឡើងថ្លៃ ៣,២ភាគរយ ទាបជាងឆ្នាំ២០១៧ ៣,៤ភាគរយ ដោយសារការថមថយកំណើននៃម្ហូបអាហារ ​ពីប្រទេសថៃ និងវៀតណាម និងកំណើនផលិតកម្មក្នុងវិស័យកសិកម្មក្នុងស្រុក ។ ថ្លៃក្រុមទំនិញនិងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈកើនឡើង ៣,៧ភាគរយ ខ្ពស់ជាងឆ្នាំ២០១៧ ២,១ភាគរយ ដោយសារការថយចុះការផ្គត់ផ្គង់ប្រេងពីប្រទេសនាំចេញសំខាន់ៗ ។ អតិផរណាស្នូលបន្តស្ថិរភាពស្របតាមនិន្នាការកើនឡើងនៃចំណូលរបស់ប្រជាជន។ កំណើនឥណទានថមថយបន្តិថពី១៧,៧ភាគរយនៅឆ្នាំ២០១៧ មក១៧ភាគរយនៅឆ្នាំ២០១៨ និងស្ថិរភាពអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារ ដែលរំពឹងថាមានស្ថិរភាពក្នុងរង្វង់ ៤០៥០៕

អត្ថបទដែលជាប់ទាក់ទង