ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប ទទួលបានជំនួយហិបឆ្នោត  និងរថយន្ត  ពីជប៉ុនតម្លៃជាង ៧លានដុល្លារ

93

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលជប៉ុន បានប្រគល់ជំនួយជាសម្ភារៈ ដូចជា ហិបឆ្នោត និងរថយន្ត មកឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលមានទឹកប្រាក់ស្នើនឹងជាង ៧លានដុល្លារអាមេរិក។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ សម្ភារៈទាំងនោះរួមមាន៖ ហិបឆ្នោតចំនួន ១១០០០ហិប និងរថយន្តប្រភេទ Pickup ចំនួន៤០គ្រឿង។ ជំនួយបន្ថែមនេះ បានធ្វើឡើងបន្ទាប់ពីមានការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ក្នុងទឹកប្រាក់ ៨០០លានយេន រវាងលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយនឹងលោក ហៃដឺហ៉ីសា ហូរីណូឈី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។

សូមជម្រាបថា គ.ជ.ប ក៏មានហិបឆ្នោតចំនួន ១២.០០០ទៀត ជាជំនួយរបស់ជប៉ុនតាំងពីឆ្នាំ១៩៩៨ ដែលកំពុងបន្តប្រើប្រាស់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

សម្ភារបរិក្ខា ដែលជាជំនួយរបស់ជប៉ុន និងសម្ភារបោះឆ្នោតផ្សេងទៀត បាននិងកំពុងបញ្ជូនទៅគណៈកម្មការឃុំ/សង្កាត់រៀបចំការបោះឆ្នោត ហើយបញ្ជូនបន្តទៅគ្រប់ការិយាល័យបោះឆ្នោត ទូទាំងប្រទេសក្នុងរយៈពេល៣៦ម៉ោង មុនថ្ងៃបោះឆ្នោត៕

អត្ថបទដែលជាប់ទាក់ទង